អ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការលើ​គោក​នៅប្រទេស​លីបង់

(VOVWORLD) - នៅព្រឹកថ្ងៃទី ១ ខែតុលា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ជាផ្លូវការថា កងទ័ពជើងគោករបស់ប្រទេសនេះ បានចាប់ផ្តើមការវាយប្រហារយុទ្ធសាស្ត្រមានកម្រិត សំដៅទៅលើទឹកដីលីបង់ ដែលកត់សម្គាល់ការឡើងជណ្ដើរថ្មីមួយនៅក្នុងជម្លោះដែលអូសបន្លាយជិតមួយឆ្នាំ ជាមួយក្រុមហេសបូឡា។

សេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងសំដៅទៅលើគោលដៅនិងហេដ្ឋារចនាសម្ព័ន្ធរបស់ចលនាហេសបូឡា នៅតាមភូមិស្រុកមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់។ ភូមិទាំងនេះត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា ដើម្បីបង្កការគំរាមកំហែងដល់សហគមន៍នៅប្រទេសអ៊ីស្រាអែល។ IDF ក៏បានបញ្ជាក់ថា យុទ្ធនាការវាយប្រហារលើប្រទេសលីបង់នឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា ជាមួយនឹងប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា។

អ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការលើ​គោក​នៅប្រទេស​លីបង់ - ảnh 1ភ្លើងឆេះនៅភាគខាងត្បូងប្រទេសលីបង់កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។ រូបថត៖ AFP

ទាក់ទងនឹងការវាយប្រហារនេះ IDF បានបញ្ជាក់ថា ការវាយប្រហារនេះ ត្រូវបានកំណត់ទាំងទំហំនិងពេលវេលា។ ដូច្នោះហើយ IDF មិនមានបំណងចង់កាន់កាប់ប្រទេសលីបង់រយៈពេលវែងនោះទេ។ IDF ក៏បានឲ្យដឹងថា ផែនការប្រយុទ្ធចូលទៅក្នុងប្រទេសលីបង់ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលនៅក្នុងកិច្ចប្រជុំពិសេសមួយកាលពីយប់ថ្ងៃទី ៣០ កញ្ញា ដើម្បីស្ដារសន្តិសុខឡើងវិញ និងប្រជាជននៅតំបន់ព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលវិលត្រឡប់មកផ្ទះវិញ។

មុននោះ កាលពីថ្ងៃទី៣០ ខែកញ្ញា អ៊ីស្រាអែលបានបង្កើនការវាយប្រហារលើប្រទេសលីបង់ ទាំងកម្លាំងទ័ពអាកាសនិងកាំភ្លើងធំ បណ្តាលឲ្យតំបន់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់រងការបាញ់ស្រោចកាំភ្លើងធំដ៏សាហាវមិនធ្លាប់មាន។ ទន្ទឹមនឹងនោះ យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានបន្តហោះហើរ និងធ្វើការទម្លាក់គ្រាប់បែកជាច្រើនលើទីតាំងជាច្រើនក្នុងតំបន់ជាប់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ