ឯកអគ្គរដ្ឋទូត Dang Dinh Quy ជម្រាបលាអគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម
(VOVWORLD) - នាថ្ងៃទី ២៨ មករា ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានអញ្ជើញជួបសំណេះ សំណាលនិងជម្រាបលាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម។
ឯកអគ្គរដ្ឋទូត Dang Dinh Quy ជួបជម្រាបលាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម (ប្រភព៖ គណៈប្រតិភូកីឡាវៀតណាមប្រចាំអង្គការសហប្រជាជាតិ) |
ក្នុងជំនួបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងច្រើនរបស់វៀតណាមចំពោះការងារនិងអាទិភាពធំៗរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលកន្លងមក ជាពិសេសក្នុងរយៈពេលពីរឆ្នាំ ២០២០-២០២១ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Guterres បាននិយាយថា វៀតណាមបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មក្នុងបញ្ហាជាច្រើនដូចជា ការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកអគ្គលេខាធិការបានអះអាងថា លោកតែងតែយកចិត្តទុកដាក់ចំពោះតួនាទីនិងឋានៈរបស់វៀតណាម ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីគាំទ្រវៀតណាមនាពេលខាងមុខ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីជួយឧបត្ថម្ភវៀតណាមអនុវត្តន៍ការប្តេជ្ញាចិត្តស្តីពីការប្រែប្រួលអាកាសធាតុដែលបានធ្វើឡើងនាពេលកន្លងមក ជាពិសេសនៅក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ហើយទន្ទឹមនឹងនោះបានសម្តែងក្តីរំពឹងថា វៀតណាមនឹងមានការចូលរួមវិភាគទានយ៉ាងសកម្មថែមទៀតចំពោះអង្គការសហប្រជាជាតិនិងបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លោកអគ្គលេខាធិការបានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក គណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក៏ដូចជាឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ផ្ទាល់ បានរួមចំណែកជំរុញប្រកបដោយប្រសិទ្ធភាពទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិ ក៏ដូចជាការចូលរួមរបស់វៀតណាមក្នុងបញ្ហាអន្តរជាតិ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិក្នុងការអភិវឌ្ឍរបស់វៀតណាម ហើយស្នើឲ្យលោកអគ្គលេខាធិការបន្តមានការរួមចំណែកជួយឧបត្ថម្ភដើម្បីវៀតណាមអាចចូលរួមវិភាគទានច្រើនថែមទៀតទៅក្នុងការងាររួមរបស់អង្គការសហប្រជាជាតិ៕