EBRD ផ្តល់ប្រាក់កម្ចីចំនួន ៣០ លានអឺរ៉ូសម្រាប់ការ​កសាងឡើងវិញ​បន្ទាប់ពី​គ្រោះរញ្ជួយដីនៅ​ប្រទេសទួរគឺ

(VOVWORLD) - ធនាគារអ៊ឺរ៉ុបសម្រាប់ការកសាងនិងអភិវឌ្ឍន៍ឡើងវិញ (EBRD) នឹងផ្តល់ប្រាក់កម្ចីរយៈពេលវែងដល់ប្រទេសទួរគីដែលមានតម្លៃ ៣០លានអឺរ៉ូ (៣២,៥០ លានដុល្លារអាមេរិក) ដើម្បីគាំទ្រតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកាលពីខែកុម្ភៈឆ្នាំមុន។ សហភាពអឺរ៉ុប (EU) នឹងក្លាយជាអ្នកគាំពារលើប្រាក់កម្ចីនេះ។

 ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍អចលនទ្រព្យពាណិជ្ជកម្មទួរគី Ronesans Gayrimenkul Yatirim គឺជាចំណុចស្នូលសម្រាប់ការផ្តល់ប្រាក់កម្ចីនេះ រួមទាំងការគាំទ្រការសាងសង់មជ្ឈមណ្ឌលផ្សារទំនើបចំនួន ២ នៅក្នុងខេត្តភាគអាគ្នេយ៍នៃប្រទេសទួរគី គឺ Kahramanmaras និង Sanlıurfa ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

EBRD ផ្តល់ប្រាក់កម្ចីចំនួន ៣០ លានអឺរ៉ូសម្រាប់ការ​កសាងឡើងវិញ​បន្ទាប់ពី​គ្រោះរញ្ជួយដីនៅ​ប្រទេសទួរគឺ - ảnh 1អគារត្រូវបានបំផ្លាញបន្ទាប់ពីការរញ្ជួយដីនៅ Hatay (ទួរគី) ថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២៣ ។ រូបថត៖ AFP/TTXVN

ប្រាក់កម្ចីទាំងនេះក៏ត្រូវបានប្រើប្រាស់សម្រាប់ជួយដល់សកម្មភាពអាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជននៅតំបន់គ្រោះមហន្តរាយ ក្នុងបរិបទដែលប្រជាជនចាកចេញបន្ទាប់ពីគ្រោះរញ្ជួយដី បានបណ្តាលឱ្យតំបន់នេះប្រឈមនឹងការខ្វះខាតធនធានមនុស្ស។ មុននោះ EBRD និងក្រសួងរតនាគារនិងហិរញ្ញវត្ថុទួរគីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកញ្ចប់ជំនួយជាទឹកប្រាក់ ៥០០ លានអឺរ៉ូ សម្រាប់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

ការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រកាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២៣ នៅភាគខាងត្បូងប្រទេសទួរគី បានសម្លាប់មនុស្សជាង ៥០.០០០នាក់នៅក្នុងខេត្តចំនួន ១១ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានផ្ទះសម្បែង។ នេះត្រូវបានចាត់ទុកថាជាគ្រោះរញ្ជួយដីដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ទួរគឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ