EU ទទួលស្គាល់ការអភិវឌ្ឍ និងសមត្ថភាពរបស់វៀតណាមក្នុងការផ្លាស់ប្តូរបៃតង

(VOVWORLD) - វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU) ។
EU ទទួលស្គាល់ការអភិវឌ្ឍ និងសមត្ថភាពរបស់វៀតណាមក្នុងការផ្លាស់ប្តូរបៃតង - ảnh 1ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្របែលហ្ស៊ិក និងសភាអឺរ៉ុប (EP) កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នៅរដ្ឋធានី Brussels (បែលហ្សិក) គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានអញ្ជើញជួបធ្វើការជាមួយប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិសភាអឺរ៉ុប (INTA) លោក Bernd Lange ។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU); ព្រមទាំងស្នើឱ្យ EP គាំទ្រការពង្រឹងទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និង EU ជាមួយបណ្តាប្រទេសជាសមាជិកលើគ្រប់វិស័យ ក្នុងនោះមានកាណាល់សហប្រតិបត្តិការអន្តរសភាផងដែរ។ ជំរុញសភានៃបណ្ដាប្រទេសជាមសាជិក EU ដែលនៅសេសសល់ ធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ ដើម្បីឲ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន និងអនុវត្តប្រកបដោយប្រសិទ្ធភាព គាំពារផលប្រយោជន៍ស្របច្បាប់របស់អង្គភាពធុរកិច្ចរបស់ភាគីទាំងពីរ។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាក៏បានស្នើឱ្យប្រធាន INTA ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ EU ឲ្យបានឆាប់ៗ រួមចំណែកធានាជីវភាពរស់នៅរបស់ប្រជានេសាទវៀតណាម និងប្រភពផ្គត់ផ្គង់ដល់ ទីផ្សារសហភាពអឺរ៉ុប ព្រមទាំងគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង EU ក្នុងវិស័យផ្លាស់ប្តូរបៃតង ផ្លាស់ប្តូរឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លើសពីនេះ លោក Tran Thanh Man បានស្នើឲ្យ EU និងប្រទេសជាសមាជិក បន្តមានសំឡេងយ៉ាងខ្លាំងក្លា គាំទ្រគោលជំហរបស់វៀតណាម និងអាស៊ាន ស្ដីពីការដោះស្រាយជម្លោះដោយសន្តិវិធីនៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ជាការឆ្លើយតប លោក Bernd Lange បានកត់ស្គាល់ការអភិវឌ្ឍ និងសមត្ថភាពរបស់វៀតណាមក្នុងដំណើរការផ្លាស់ប្តូរបៃតង ព្រមទាំងវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ (ILO)។ លោកបានសង្កត់ធ្ងន់ថា វៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅអាស៊ីអាគ្នេយ៍ និងបង្ហាញជំហរផ្ទាល់ខ្លួន និងរបស់ EU ក្នុងការគាំទ្រសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រ គាំទ្រគោលជំហរគោរពច្បាប់អន្តរជាតិ ជាពិសេសនៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ