UN ព្រមានពីការឆ្លងជំងឺអ៊ុតស្វាកើនឡើងនៅទ្វីបអាហ្វ្រិក
(VOVWORLD) - ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃទី ៣ ខែកញ្ញា បានឲ្យដឹងថា ករណីឆ្លងជំងឺអ៊ុតស្វា (mpox) ប្រហែល ៣៦៧ករណី រួមទាំងករណីស្លាប់ចំនួន ៣ នាក់ត្រូវបានកត់ត្រានៅក្នុងប្រទេសចំនួន ៥ នៅអាហ្វ្រិកខាងកើតនិងខាងត្បូង ក្នុងបរិបទដែលមានការព្រួយបារម្ភថា តួរលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។
ជាក់ស្តែង គិតត្រឹមថ្ងៃទី២ ខែកញ្ញា ប្រទេស Burundi បានកត់ត្រាករណីឆ្លងជំងឺចំនួន ៣២៨ ករណី អាហ្រ្វិកខាងត្បូងមាន ២៤ ករណី អ៊ូហ្គង់ដា ៧ ករណី ប្រទេស Rwanda មាន៤ករណី និងកេនយ៉ាមាន ៤ ករណី។ យោងតាម OCHA ប្រទេស Burundi គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេទីពីរនៅទ្វីបអាហ្រ្វិក បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលជំងឺនេះបានផ្ទុះឡើង។
រូបភាពនៃមេរោគអ៊ុតស្វានក្រោមមីក្រូទស្សន៍អេឡិចត្រុង។ រូបថត៖ AFP/TTXVN |
យោងតាមកំណត់ត្រារបស់អង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃទី ២៧ ខែសីហា មានករណីសង្ស័យថាឆ្លងជំងឺចំនួន ២២.៨៦៣ ករណី ដោយមានករណីចំនួន ៥.២៨១ ត្រូវបានបញ្ចាក់ និងមានការស្លាប់ចំនួន ៦២២ករណី ទាក់ទងនឹងប្រភេទវីរុសដែលបណ្តាលឱ្យកើតជំងឺអ៊ុតស្វានៅទ្វីបអាហ្វ្រិក។ កាលពីថ្ងៃទី ១៤ ខែសីហា អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នផ្នែកសុខភាពសហគមន៌ជាសកល (PHEIC) ចំពោះជំងឺអ៊ុតស្វា នៅពេលដែលចំនួនករណីឆ្លងវ៉ារ្យ៉ង់ ១b (ដែលងាយរីករាលដាល និងមានហានិភ័យខ្ពស់នៃការស្លាប់) បានហក់ឡើងយ៉ាងខ្លាំងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយបានរីករាលដាលទៅខាងក្រៅបប្រទេសនេះ។ PHEIC គឺជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ WHO សម្រាប់ជំងឺរាតត្បាត៕