WEF ២០២៤ – ឱកាសសម្រាប់វៀតណាមចែករំលែកទស្សនៈវិស័យរបស់ខ្លួនជាមួយពិភពលោក
(VOVWORLD) - ក្នុងអំឡុងពេលពីថ្ងៃទី ១៦-១៨ មករា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងអញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF ៥៤) នៅទីក្រុង Davos (ប្រទេសស្វីស) តបតាមការអញ្ជើញរបស់ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Klaus Schwab។
ឯកអគ្គរដ្ឋទូតលោកស្រី Le Thi Tuyet Mai (រូបថត៖ TTXVN) |
ទាក់ទិននឹងព្រឹត្តិការណ៍នេះ លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឲ្យដឹងថា នៅ WEF ៥៤នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួមហើយមានបទសន្ទរកថា ចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅក្នុងសម័យប្រជុំសំខាន់ៗនៃសន្និសីទរួមមានសម័យសន្ទនាយុទ្ធសាស្ត្រជាតិ - WEF ជាមួយសាជីវកម្មឈានមុខគេ; សម័យសន្ទនាគោលនយោបាយ “វៀតណាម៖ តម្រង់ទិសទស្សនវិស័យសកល” និងសម័យពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានមួយចំនួន ស្តីពី “ការលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការជាសកលក្នុងអាស៊ាន”។ លោកនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញចូលរួមសម័យប្រជុំរបស់ថ្នាក់ដឹកនាំស្តីពី “ការស្ដារទំនុកចិត្តក្នុងប្រព័ន្ធពិភពលោក"; ចូលរួមថ្លែងបទសន្ទរកថានៅក្នុងកិច្ចពិភាក្សាមួយចំនួនទាក់ទងនឹងប្រធានបទ WEF ៥៤ នៃ "ការកសាងទំនុកចិត្តឡើងវិញ" មានកិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួននិងអង្គការអន្តរជាតិ ...។
តាមលោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅ WEF Davos ២០២៤ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំរដ្ឋាភិបាលវៀតណាម បង្ហាញដោយផ្ទាល់ដល់ថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងក្រុមហ៊ុនពហុជាតិអំពីគំនិត ការប្តេជ្ញាចិត្ត និងដំណោះស្រាយដ៏រឹងមាំរបស់វៀតណាមស្តីពី អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងសមាហរណកម្មអន្តរជាតិ បង្ហាញការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តរាល់ការសន្យានៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៦) នៅចក្រភពអង់គ្លេស នាំមកនូវការបំភាយឧស្ម័នសុទ្ធដល់ "សូន្យ" ត្រឹមឆ្នាំ ២០៥០៕