(VOVWORLD) - ក្នុងនិទាឃរដូវឆ្នាំមមី អដ្ឋស័ក ប្រជាជនវៀតណាមមិនត្រឹមអំណរបុណ្យតេតក្នុងក្ដីសប្បាយរីករាយនៃការជួបជុំជាមួយក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វាគមន៍ឱកាសថ្មីៗ នៅពេលដែលវៀតណាម កំពុងបោះជំហានទៅមុខក្នុងផ្នត់គំនិតនៃប្រទេសស្ថាបនានិងមានទំនួលខុសត្រូវ។ នៅប៉ុន្មានថ្ងៃដើមឆ្នាំថ្មីនេះ សូមអញ្ជើញប្រិយមិត្តរួមដំណើរជាមួយយើងខ្ញុំ ដើម្បីស្វែងយល់ពីប្រទេសមួយដែលកំពុងមានទំនុកចិត្តក្នុងការឈានទៅមហាសមុទ្រនិងបញ្ជាក់ពីតួនាទីរបស់ខ្លួន តាមរយៈកម្មវិធីពិសេស "និទាឃរដូវនៃសេចក្តីប្រាថ្នារបស់ប្រទេសវៀតណាមធ្វើសមាហរណកម្ម"។
និទាឃរដូវធ្វើសមាហរណកម្មពីបុគ្គលម្នាក់ៗ ក្នុងសហគ្រាសនីមួយៗ
នាប៉ុន្មានថ្ងៃដើមឆ្នាំនៅទីក្រុងហូជីមិញ ឡានក្រុងជាច្រើនលែងមានសំបុត្រក្រដាសច្រើនសន្លឹកទៀតហើយ។ ឥឡូវនេះ ដោយគ្រាន់តែប៉ះលើទូរស័ព្ទដៃប៉ុណ្ណោះ ប្រជាជនអាចឡើងឡានក្រុងនិងធ្វើដំណើរបានយ៉ាងងាយស្រួលជារៀងរាល់ថ្ងៃ។
ក្បួនដង្ហែរតំណាងសហគ្រិនវៀតណាមនៅឯពិធីហាត់សមទូទៅ សម្រាប់ក្បួនដង្ហែរព្យុហយាត្រា រំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ ខែកញ្ញា។ រូបថត៖ VOV5 |
នៅពីក្រោយភាពងាយស្រួលនេះ គឺជាដំណោះស្រាយបច្ចេកវិទ្យាដែលត្រូវបានស្រាវជ្រាវនិងអភិវឌ្ឍដោយវិស្វករវ័យក្មេង Le Yen Thanh។ ដោយមានឱកាសធ្វើការនៅ Google និងត្រូវបានលើកតម្កើងនៅក្នុងបញ្ជី Forbes 30 Under 30 នៃទ្វីបអាស៊ី ឆ្នាំ ២០២២ លោកបានជ្រើសរើសរស់នៅវៀតណាមដើម្បីចាប់ផ្តើមអាជីព ដោយនាំយកបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការដឹកជញ្ជូនសាធារណៈ និងកសាងរូបរាងនៃទីក្រុងឆ្លាតវៃ។
“ដើម្បីបំពេញចំណង់ចំណូលចិត្តចំពោះបច្ចេកវិទ្យាផង និងបម្រើសហគមន៍ផង ខ្ញុំបានសម្រេចចិត្តផ្តោតលើការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទាក់ទងនឹងឡានក្រុង។ តាមរយៈនេះ ខ្ញុំអាចចូលរួមចំណែកក្នុងការបង្កើតភាពងាយស្រួលសម្រាប់ប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់ទីក្រុង"។
លោក Le Yen Thanh។ រូបថត៖ VGP |
ដោយចែករំលែកគំនិតដូចគ្នា លោកបណ្ឌិត Tran Tuan Anh នាយកប្រតិបត្តិនៃក្រុមហ៊ុន Solano Energy ក៏ជាមនុស្សម្នាក់ដែលបាន "វិលត្រឡប់មកមាតុភូមិវិញ" បន្ទាប់ពីការបណ្តុះបណ្តាលជាច្រើនឆ្នាំនៅអង់គ្លេស និងសហរដ្ឋអាមេរិក។ លោក Tuan Anh បានជ្រើសរើសចូលរួមចំណែកក្នុងវិស័យថាមពល ដោយកសាង "លិខិតឆ្លងដែនបៃតង" សម្រាប់ប្រទេសជាតិនៅលើផែនទីពិភពលោក។
លោកបណ្ឌិត Tran Tuan Anh នាយកប្រតិបត្តិនៃក្រុមហ៊ុន Solano Energy។ រូបថត៖ TTXVN |
“នៅពេលនេះ ពិភពលោកកំពុងយកចិត្តទុកដាក់ចំពោះប្រទេសវៀតណាមពីទស្សនៈនៃឱកាសសេដ្ឋកិច្ច។ តើបុគ្គលម្នាក់ៗគួរធ្វើអ្វី ដើម្បីនាំមិត្តភក្តិអន្តរជាតិមកវៀតណាមកាន់តែច្រើន និងផ្តល់ឱ្យប្រជាជនវៀតណាមដែលរស់នៅក្រៅប្រទេសនូវហេតុផលបន្ថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមាតុភូមិ? ខ្ញុំគិតថា ប្រសិនបើមានមោទនភាពជាតិ និងចង់ឲ្យវៀតណាមសម្រេចបាននូវសមិទ្ធផលជាក់ស្តែងដែលពិភពលោកបានឃើញ នោះគឺជាកម្លាំងចលរករនៃកិច្ចខិតខំប្រឹងប្រែង”។
បើទោះស្ថិតក្នុងតួនាទីណាក៏ដោយ មនុស្សវ័យគ្មេងកំពុងជួបគ្នានៅចំណុចរួមមួយ៖ រួមគ្នាជំរុញសមាហរណកម្មក្នុងវិស័យផ្ទាល់ខ្លួន។ ការធ្វើសមាហរណកម្មប្រកបដោយអត្តសញ្ញាណនិងបញ្ញាវៀតណាម ដើម្បីមានទំនុកចិត្ត ឈរជើងយ៉ាងរឹងមាំនៅក្នុងចង្វាក់នៃជីវភាពសម័យទំនើប។
ប្រសិនបើមនុស្សវ័យក្មេងដូចលោក Yen Thanh ឬលោក Tuan Anh កំពុងប្រើប្រាស់ចំណេះដឹងជា "គម្នស់" ដើម្បីផ្លាស់ប្តូរមុខមាត់ទីក្រុង នោះនៅក្នុងរោងចក្រវិញ ការធ្វើសមាហរណកម្មមានវត្តមាននៅក្នុងចង្វាក់នៃម៉ាស៊ីន និងឡូទំនិញនីមួយៗដែលត្រូវបាននាំចេញទៅកាន់មហាសមុទ្រ។ ដំណើរការនាំចេញឈើ របស់ Fomex Global គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចខិតខំប្រឹងប្រែងនោះ។
នៅក្នុងសំឡេងនៃខ្សែសង្វាក់ផលិតកម្ម សន្លឹកក្តាបន្ទះកំពុងបញ្ចប់ដំណាក់កាលចុងក្រោយដើម្បីត្រៀមខ្លួនសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រធានក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ Fomex Global លោក Nguyen Cong Danh បានចែករំលែកថា៖ “នៅពេលឈានចូលទីផ្សារអន្តរជាតិ យើងមិនត្រឹមតែនាំមកនូវផលិតផលប៉ុណ្ណោះទេ ប៉ុន្តែបាននាំមកនូវកិត្យានុភាពជាតិ និងការត្រិះរិះធ្វើសមាហរណកម្មរបស់សហគ្រិនជំនាន់ថ្មីទៀតផង។ តាំងពីដើមមក Fomex Global បានកំណត់យ៉ាងច្បាស់ថា ការនាំចេញមិនគ្រាន់តែជាការលក់ទំនិញទៅក្រៅប្រទេសនោះទេ ប៉ុន្តែជាការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាមួយនឹងសមត្ថភាពជាក់ស្តែងរបស់សហគ្រាស"។
ប្រព័ន្ធអេកូឡូស៊ីបៃតងរបស់ Fomex។ រូបថត៖ fomexgroup |
ឈានទៅលំហសមុទ្រ ដោយប្រឈមមុខនឹងឧបសគ្គបច្ចេកទេសរបស់សហរដ្ឋអាមេរិក ឬស្តង់ដារតឹងរ៉ឹងរបស់សហភាពអឺរ៉ុប Fomex Global បានយល់ច្បាស់ថា៖ ពិភពលោកមិនទិញផលិតផលដោយសារតែយើង "ខិតខំប្រឹងប្រែង"នោះទេ ពួកគេទិញដោយសារតែផលិតផលនោះ "ត្រឹមត្រូវតាមច្បាប់"។
ដើម្បីឱ្យ Fomex Global មានកន្លែងឈរជើងនៅក្នុងទីផ្សារពិភពលោក គឺការស្រាវជ្រាវទាំងយប់ទាំងថ្ងៃលើវិញ្ញាបនបត្រ FSC (ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព) និងការបំពេញតាមស្តង់ដារបំភាយឧស្ម័ន formaldehyde យ៉ាងតឹងរ៉ឹង។ ការធ្វើសមាហរណកម្មគឺសហគ្រាសត្រូវចូលរួមក្នុងប្រព័ន្ធតម្លៃសកល ជាកន្លែងដែលតម្លាភាពនិងទំនួលខុសត្រូវចំពោះបរិស្ថានគឺជា "លិខិតឆ្លងដែន" ដ៏មានឫទ្ធានុភាពបំផុត។
“យើងចង់ឲ្យ Make in Vietnam មិនត្រឹមតែជាប្រភពដើមប៉ុណ្ណោះទេ ប៉ុន្តែជាស្តង់ដារអន្តរជាតិ និងទំនុកចិត្តរយៈពេលវែង។ យើងចង់កសាងអត្តសញ្ញាណពិសេសមួយ ដើម្បីឲ្យនៅពេលដែលដៃគូអន្តរជាតិនិយាយអំពី " Make in Vietnam" ពួកគេនឹងមានទំនុកចិត្ត។ យើងជឿជាក់ថា សហគ្រាសវៀតណាមពិតជាអាចឈានទៅពិភពលោកជាមួយនឹងគុណភាព កិត្យានុភាព និងការត្រិះរិះប្រកបដោយនិរន្តរភាព”។
ក្រោយរយៈពេល ១០ឆ្នាំ ផលិតផល ក្តារបន្ទះ របស់ Fomex Global បច្ចុប្បន្ននេះ ត្រូវបាននាំចេញទៅកាន់ប្រទេសជិត ២០ នៅអឺរ៉ុប អាស៊ី និងអាមេរិក។ រូបថត៖ fomexgroup |
ជោគជ័យរបស់ Fomex Global គឺជាសក្ខីភាពដែលបង្ហាញថា សហគ្រាសវៀតណាមកំពុងធ្វើសមាហរណកម្មជាមួយនឹងកម្លាំងផ្ទៃក្នុង និងការប្តេជ្ញាចិត្តក្នុងការបញ្ជាក់ពីតម្លៃរបស់វៀតណាមនៅលើផែនទីសេដ្ឋកិច្ចពិភពលោក។
ការផ្លាស់ប្តូររបៀបដែលប្រជាជាតិមួយ មើលឃើញពិភពលោក
ចាប់ពី "ការប៉ះ" នៃបច្ចេកវិទ្យានៅលើឡានក្រុង រហូតដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់មហាសមុទ្ររបស់ Fomex Global ការធ្វើសមាហរណកម្មបានក្លាយជាចង្វាក់ដ៏មមាញឹក នៅក្នុងសរសៃឈាមទាំងអស់នៃសេដ្ឋកិច្ច។ ដើម្បីបំផុសឡើងកម្លាំងនោះ តម្រូវឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជាតិទាំងមូល។ តទៅនេះ សូមអញ្ជើញប្រិយមិត្តស្តាប់បទសម្ភាសរវាងអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ជាមួយលោកសាស្ត្រាចារ្យ Vu Minh Giang ដើម្បីយល់កាន់តែច្បាស់អំពីប្រធានបទនេះ។
រូបភាព៖ VOV |
អ្នកសម្ភាសន៍៖ ជម្រាបសួរសាស្ត្រាចារ្យ។ បើតាមលោក នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មថ្មី និងសមាហរណកម្មសកល តើវៀតណាមមាន "អាវុធ" អ្វីខ្លះ ដើម្បីមានជំហានលោតផ្លោះ?
“បច្ចុប្បន្ន វៀតណាមត្រូវបានពិភពលោកវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្តឯករាជ្យ ខ្លួនទីពឹងខ្លួន ដោយមិនពឹងផ្អែកលើមហាអំណាចទេ ប៉ុន្តែក៏មិនបិទទ្វារ ដើម្បីនៅឯកោឡើយ។ វៀតណាមមានវិធីសាស្រ្តដោយភាពបត់បែនខ្ពស់ ពោលគឺរបៀបឆ្លៀតយកអត្ថប្រយោជន៍ជាអតិបរមា ខណៈពេលដែលពង្រីកប្រៀបខ្លាំងរបស់ខ្លួនដល់កម្រិតខ្ពស់បំផុត។ គោលការណ៍នៃការប្រែក្លាយអ្វីគ្រប់យ៉ាងដែលយើងមានទៅជាគុណសម្បត្តិប្រកួតប្រជែង គឺជាបាវចនាត្រឹមត្រូវ និងមានប្រសិទ្ធភាពសម្រាប់វៀតណាម។ គុណសម្បត្តិទីពីរ និងសំខាន់បំផុត គឺប្រជាជនវៀតណាមមានភាពធន់ ការតាំងចិត្ត និងភាពបត់បែនគួរឱ្យកត់សម្គាល់។ ភាពបត់បែននិងសមត្ថភាពសម្របខ្លួនរបស់ប្រជាជនវៀតណាម ពិតជាសមស្របសម្រាប់និន្នាការអភិវឌ្ឍន៍សកល និងវឌ្ឍនភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យានាបច្ចុប្បន្ន។ យើងជឿជាក់ថា ជាមួយនឹងទស្សនៈបែបនេះ វៀតណាមនឹងមានតួនាទីពិសេសមួយនៅលើឆាកអន្តរជាតិនាពេលអនាគតដ៏ខ្លីខាងមុខ"។
អ្នកសម្ភាសន៍៖ តើសាស្ត្រាចារ្យ មានការរំពឹងទុកអ្វីខ្លះ ចំពោះអនាគតរបស់ប្រទេសជាតិក្នុងដំណាក់កាលខាងមុខនេះ?
“បំណងប្រាថ្នានាពេលបច្ចុប្បន្នរបស់យើង គឺឈរនៅស្មើរជាមួយមហាអំណាច។ ប្រការនេះត្រូវបានចាក់ឫសនៅក្នុងចិត្តរបស់ប្រជាជនវៀតណាម ចាប់ពីប្រជាជនធម្មតា រហូតដល់អ្នកកាន់តំណែងផ្សេងៗ សុទ្ធតែមានបំនងចង់ឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែទូលំទូលាយ និងមានតួនាទីលេចធ្លោនៅក្នុងសហគមន៍អន្តរជាតិ។ ខ្ញុំជឿជាក់ថា នៅក្នុងឆ្នាំមមី អដ្ឋស័ក ២០១៦នេះ យើងនឹងអភិវឌ្ឍក្នុងល្បឿនលឿងដូចសត្វសេះ។ បញ្ហាប្រឈមមិនតូចទេ ប៉ុន្តែប្រជាជនវៀតណាមមានសមត្ថភាពគួរឱ្យកត់សម្គាល់ក្នុងការយកឈ្នះលើបញ្ហាប្រឈម និងអភិវឌ្ឍយ៉ាងខ្លាំងក្លា”។
លោកសាស្ត្រាចារ្យ Vu Minh Giang ។ រូបថត៖ VOV |
អ្នកសម្ភាសន៍៖ ការធ្វើសមាហរណកម្មនឹងនាំមកនូវអត្ថប្រយោជន៍ដល់ប្រទេស ជាតិ និងនាំមកនូវតួនាទីពិសេសសម្រាប់វៀតណាមនៅលើឆាកអន្តរជាតិ។ ដូច្នេះ ផ្ទុយទៅវិញ នៅពេលធ្វើសមាហរណកម្ម តើវៀតណាមអាចរួមចំណែកអ្វីខ្លះដល់ពិភពលោក?
“វៀតណាមស្ទើរតែជានិមិត្តរូបនៃតម្លៃចំនួនពីរ៖ ទីមួយគឺតម្លៃមនុស្សធម៌ និងទីពីរគឺសន្តិភាព។ ប្រជាជនវៀតណាមជានិច្ចកាលស្រឡាញ់សន្តិភាព ពីព្រោះប្រជាជាតិយើងបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីការខាតបង់នៃសង្គ្រាម។ ដូច្នេះហើយ នៅពេលដែលប្រជាជនវៀតណាមនិយាយអំពីសន្តិភាព វាមានតម្លៃរាប់ពាន់ដងច្រើនជាងប្រជាជាតិដែលរស់នៅតែក្នុងសន្តិភាពប៉ុណ្ណោះ។ យើងត្រូវបានពិភពលោកមើលឃើញជាប្រទេសដែលស្រឡាញ់សន្តិភាពនិងកសាងសន្តិភាព។ នោះហើយ ជាអ្វីដែលយើងអាចចូលរួមចំណែកដល់ពិភពលោក។ ទីពីរគឺតម្លៃមនុស្សធម៌ ជាវប្បធម៌ភូមិ-ឃុំ និងចរិតលក្ខណៈនៃ "ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង" ជាអ្វីដែលពិភពលោកកំពុងខ្វះខាត"។
ពី "ការទទួលយក" ទៅជា "ការស្ថាបនា"៖ តួនាទីថ្មី ផ្នត់គំនិតថ្មី
វៀតណាមធ្វើសមាហរណកម្មជាមួយពិភពលោកមិនត្រឹមតែនាំមកនូវសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្នត់គំនិតនៃការបម្រើមនុស្សជាតិទៀតផង។ ពីព្រោះការធ្វើសមាហរណកម្មក៏មានន័យថា ការចែករំលែកក្តីកង្វល់រួមរបស់ពិភពលោក។
មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ រូបថត៖ TTXVN |
សន្និសីទសារព័ត៌មាននៅចុងបញ្ចប់មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម មិនត្រឹមតែជាការបិទបញ្ចប់មហាសន្និបាតប្រកបដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដើម្បីផ្សព្វផ្សាយទៅកាន់សហគមន៍អន្តរជាតិអំពីសារនៃការទូតរបស់វៀតណាមក្នុងយុគសម័យថ្មីផងដែរ។ នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ពីផ្នត់គំនិតរបស់វៀតណាម ជាប្រទេសស្ថាបនា និងត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុងការដោះស្រាយបញ្ហាសកល។
ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលជាច្រើនដោយសារតែជម្លោះ គ្រោះធម្មជាតិ និងជំងឺរាតត្បាត លោកអគ្គលេខាបក្សបានអះអាងថា "គ្មានប្រជាជាតិណាមួយ បើទោះបីមានអំណាចយ៉ាងណាក៏ដោយ មិនអាចដោះស្រាយបញ្ហាធំៗតែម្នាក់ឯងបានទេ" ដូចជាការបញ្ជាក់ថា វៀតណាមលែងឈរនៅខាងក្រៅដើម្បីសង្កេតមើលបញ្ហាសកលទៀតហើយ។ វៀតណាមបានចូលរួមក្នុងការដោះស្រាយបញ្ហាទាំងនោះ ជាមួយនឹងកិត្យានុភាពដែលត្រូវបានកសាងក្រោយរយៈពេល ៤០ ឆ្នាំនាំការផ្លាស់ប្តូរថ្មី។
“គោលការណ៍របស់យើងគឺធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ទៅក្នុង នយោយពិភពលោក សេដ្ឋកិច្ចអន្តរជាតិ និងអរិយធម៌មនុស្សជាតិ។ យើងជាសមាជិកមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ យើងជឿជាក់ថា ប្រជាជាតិទាំងអស់ ទាំងធំទាំងតូច សុទ្ធតែមានទំនួលខុសត្រូវចំពោះបញ្ហាសកល និងបញ្ហាឆ្លងកាត់ព្រំដែន ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណី សន្តិសុខស្បៀងអាហារ សន្តិសុខតាមអ៊ីនធឺណិត សង្គ្រាម និងជម្លោះ។ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាសកលតែម្នាក់ឯងបានទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពអន្តរជាតិ”។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ប្រកាសលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ។ រូបថត៖ VGP |
ក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមមានកិត្យានុភាព និងទំនួលខុសត្រូវគ្រប់គ្រាន់ដើម្បីចូលរួមក្នុងបញ្ហាតំបន់ និងពិភពលោក។ ទាក់ទងនឹងសន្តិសុខអន្តរជាតិ វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ជំនួយមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងសូម្បីតែចូលរួមកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។
“យើងបានកំណត់ការធ្វើសមាហរណកម្មអន្តរជាតិ ជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដើម្បីសម្រេចបាននូវសន្តិភាព និងការអភិវឌ្ឍ យើងត្រូវបើកទ្វារសម្រាប់ពិភពខាងក្រៅ និងសហការជាមួយប្រទេសដទៃទៀត។ យើងមានគោលការណ៍ផ្លាស់ប្តូរពីការទទួលយកទៅជាការចូលរួមចំណែក ពីការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅជាការធ្វើសមាហរណកម្មយ៉ាងពេញលេញ។ កាលពីមុន នៅពេលប្រឈមមុខនឹងការលំបាក និងសង្គ្រាម យើងបានទទួលការគាំទ្រពីអន្តរជាតិ។ ឥឡូវនេះ វៀតណាមមានកិត្យានុភាពគ្រប់គ្រាន់ដើម្បីចូលរួមចំណែកក្នុងការកសាងសន្តិភាព ចែករំលែកបទពិសោធន៍ក្នុងការផ្លាស់ប្តូរថ្មី និងរួមជាមួយស្ថាប័នពហុភាគីនានា ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ជាសកល”។
អគ្គលេខាបក្ស លោក តូ ឡឹម ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានអន្តរជាតិ ប្រកាសលទ្ធផលនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ។ រូបថត៖ VGP |
នៅពេលដែលលោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមលែងឈរនៅខាងក្រៅដើម្បីសង្កេតមើលទៀតហើយ ក៏ជាពេលដែលវៀតណាមបានផ្លាស់ប្តូរពីការទទួលយកទៅជាការចូលរួមចំណែកផងដែរ។ សំឡេងឆ្នោតចំនួន ១៨០ ដែលគាំទ្រវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៦-២០២៨ ឬការវាយតម្លៃរបស់សហគមន៍អន្តរជាតិអំពី “អព្ភូតហេតុ” នៃការផ្លាស់ប្តូរបៃតងរបស់វៀតណាម គឺជាសក្ខីភាពដ៏ច្បាស់លាស់បំផុត ដែលបញ្ជាក់ពីតួនាទីជាដៃគូដែលអាចទុកចិត្តបាន ដែលកំពុងចែករំលែកបេសកកម្មរួមរបស់មនុស្សជាតិ។
វៀតណាមមិនត្រឹមតែមានសមត្ថភាព និងសិទ្ធិអំណាចក្នុងការដោះស្រាយបញ្ហាសន្តិសុខតាមអ៊ីនធឺណិត និងចូលរួមចំណែកក្នុងការឆ្លើយតបជាសកលចំពោះសន្តិសុខតាមអ៊ីនធឺណិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសដ៏គួរឱ្យគោរពមួយដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងអន្តរជាតិទៀតផង។
“វៀតណាមកំពុងដើរជួរមុខក្នុងផែនការសកម្មភាពក្នុងបរិបទដែលមានបញ្ហាប្រឈមជាច្រើនដូចបច្ចុប្បន្ន។ ជាមួយនឹងកំណើន FDI ដ៏គួរឱ្យកត់សម្គាល់ ក្នុងការទាក់ទាញការវិនិយោគលើវិស័យថាមពល វៀតណាមគឺជាគំរូដ៏រឹងមាំសម្រាប់ប្រទេសជាច្រើនក្នុងការផ្លាស់ប្តូរបៃតង និងការផ្លាស់ប្តូរថាមពលប្រកបដោយសមភាព ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។
ឆ្នាំថ្មី ការចាប់ផ្តើមថ្មី។ វៀតណាមបន្តធ្វើសមាហរណកម្មជាមួយនឹងផ្នត់គំនិតថ្មី ជាផ្នត់គំនិតរបស់ប្រជាជាតិដែលតែងតែស្រឡាញ់សន្តិភាព និងមានបំណងចង់ចូលរួមចំណែកកាន់តែច្រើនក្នុងការដោះស្រាយបញ្ហាប្រឈមសកល៕