ភាពតានតឹងរវាងរុស្ស៊ី-អាមេរិក ជុំវិញការផ្អាកសន្ធិសញ្ញា New START
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បានចុះហត្ថលេខាលើក្រិត្យស្តីពីការផ្អាកការចូលរួមសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (New START) មួយសប្តាហ៍បន្ទាប់ពីលោកបានប្រកាសការសម្រេចចិត្តនេះនៅពេលអានសារសហព័ន្ធ (ថ្ងៃទី ២១ កុម្ភៈ)។ ក្រិត្យនេះចូលជាធរមានភ្លាមមួយរំពិចបន្ទាប់ពីការចុះហត្ថលេខា។ ឥរិយាបទថ្មីរបស់រុស្ស៊ីបង្ហាញពីជំនឿទុកចិត្តកាន់តែសឹក រេចរិល រវាងប្រទេសទាំងពីរដែលគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរ ៩០% របស់ពិភពលោក ព្រមទាំងបង្កឡើងការព្រួយបារម្ភអំពីហានិភ័យនៃការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មីនៅទូទាំងពិភពលោក។
ប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីបរបស់កងទ័ពអាមេរិក។ (រូបថត៖ GETTY IMAGES) |
សញ្ញាច្បាស់លាស់ដែលផ្ញើរទៅកាន់សហរដ្ឋអាមេរិកនិងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង
ហេតុផលដែលនាំទៅការសម្រេចចិត្តខាងលើ បើយោងតាមទីក្រុងម៉ូស្គូ គឺដោយសារតែសហរដ្ឋ អាមេរិកកំពុងប្រើប្រាស់សន្ធិសញ្ញា New START ជាឧបករណ៍មួយដើម្បីធ្វើឱ្យរុស្ស៊ីចុះខ្សោយ។ លោកប្រធានាធិបតី Vladimir Putin បានចោទប្រកាន់ថា កាំជ្រួចមីស៊ីលផ្ទុកក្បាលគ្រាប់ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កំពុងតម្រង់ទៅលើប្រទេសរុស្ស៊ី ព្រមទាំងមានការព្រួយបារម្ភចំពោះគម្រោងអភិវឌ្ឍអាវុធប្រភេទថ្មីរបស់ពួកគេ។ លោកប្រធានាធិបតីរុស្ស៊ីក៏បានឲ្យដឹងថែមទៀតថា ពិតជាមិនសមហេតុផលនោះទេ ដែលអាមេរិកទាមទារសិទ្ធិត្រួតពិនិត្យមូលដ្ឋាននុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលអង្គការ NATO កំពុងជួយអ៊ុយក្រែនវាយប្រហារលើមូលដ្ឋានទាំងនេះ។ មេដឹកនាំរុស្ស៊ីចង់និយាយដល់ការវាយប្រហារកាលពីខែធ្នូឆ្នាំ ២០២២ លើអាកាសយានដ្ឋាន Engels ដែលមានចម្ងាយ ៧៣០ គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងម៉ូស្គូ ជាមូលដ្ឋាននៃយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររុស្ស៊ី ដែលលោកបានចាត់ទុកថា ធ្វើឡើងដោយភាគីអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ (រូបថត៖ Tass) |
ដើម្បីពន្យល់ឱ្យកាន់តែច្បាស់ កាលពីថ្ងៃទី២ មីនា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវ (ស្វីស) អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានលើកច្បាស់ថា អាមេរិកបានជួយអ៊ុយក្រែនវាយប្រហារលើទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ី។ យោងតាមលោក Ryabkov ស្ថានការណ៍កាន់តែអាក្រក់ទៅ បន្ទាប់ពីសហរដ្ឋអាមេរិកបានប៉ុនប៉ងស៊ើបអង្កេតសន្តិសុខលើទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ីក្រោមកិច្ចព្រមព្រៀង New START តាមរយៈការជួយអ៊ុយក្រែនធ្វើការវាយប្រហារប្រដាប់អាវុធទៅលើមូលដ្ឋានទាំងនេះ។ រុស្ស៊ីគ្មានជម្រើសណាមួយក្រៅពីការផ្អាកសន្ធិសញ្ញានេះទេ។ ជាពិសេស លោក Ryabkov បានព្រមានថា ការដែលសហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ចូលរួមកាន់តែច្រើនក្នុងការប្រឈមមុខដាក់គ្នាប្រដាប់អាវុធ អាចនាំទៅការប៉ះទង្គិចយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរនានា ហើយរឿងនេះនឹងបង្កឡើងផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) សហព័ន្ធរុស្ស៊ីនិងសហរដ្ឋ អាមេរិកកំពុងគ្រប់គ្រងក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៩០% លើទូទាំងពិភពលោក។
ពិភពលោកព្រួយបារម្ភ
មជ្ឈដ្ឋានអ្នកសង្កេតការណ៍ព្រួយបារម្ភថា ការផ្អាក New START នឹងធ្វើឱ្យរុស្ស៊ីនិងសហរដ្ឋ អាមេរិកមិនមានក្របខ័ណ្ឌច្បាប់ស្ថិរភាពណាមួយ ដើម្បីគ្រប់គ្រងសមត្ថភាពនុយក្លេអ៊ែររបស់គ្នាទៀតឡើយ។ ប្រការនោះអាចនាំទៅការរត់ប្រណាំងសព្វាវុធថ្មី ដែលដើរទន្ទឹមគ្នានឹងជម្លោះយោធារុស្ស៊ី-អ៊ុយក្រែន។ ឥរិយាបទនេះក៏នឹងលុបចោលរាល់សមិទ្ធផលដែលសន្ធិសញ្ញានុយក្លេអ៊ែររវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក បាននាំមកជូនក្នុងអំឡុងពេលជាង ៥ ទសវត្សរ៍ផងដែរ។ មុននោះ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) បានដួលរលំ នៅពេលដែលអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានដកខ្លួនជាឯកតោភាគីចេញពីសន្ធិសញ្ញានេះ ហើយធ្វើឱ្យ New START ក្លាយជាឧបករណ៍តែមួយគត់ ដើម្បីជួយភាគីទាំងពីរគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក។
យោងតាមលោក William Alberque នាយកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងអាវុធនៅវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិ ការបញ្ចប់សន្ធិសញ្ញា New START ក៏មានន័យថា ចំនួនក្បាលគ្រាប់នឹងកើនឡើងច្រើនដង។ ភាគីទាំងពីរអាចបង្កើនពីក្បាលគ្រាប់ចំនួន ១.៥៥០ គ្រាប់ នាបច្ចុប្បន្នឡើងដល់ ទៅ ៤.០០០ គ្រាប់ដែលត្រូវបានដាក់ពង្រាយត្រឹមតែ ១ យប់ប៉ុណ្ណោះ។
ទោះបីជាប្រកាសផ្អាកការចូលរួមសន្ធិសញ្ញា New START ក៏ដោយ រុស្ស៊ីក៏បានបញ្ជាក់ផងដែរថា នៅតែគោរពតាមការកំណត់ពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដោយរក្សាចំនួនមិនឱ្យលើសពីបទប្បញ្ញត្តិ។ ទីក្រុងម៉ូស្គូក៏បានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិនដកខ្លួនចេញពីសន្ធិសញ្ញយ៉ាងពេញលេញនោះទេ ដែលមានន័យថា នៅតែមានលទ្ធភាពសម្រាប់ការចរចា មិនត្រឹមតែជាមួយអាមេរិកប៉ុណ្ណោះទេ ថែមទាំងជាមួយលោកខាងលិចផងដែរ។ យ៉ាងណាក៏ដោយ បើតាមអ្នកវិភាគអន្តរជាតិ ដំណើរជួសជុលទំនុកចិត្តរវាងរុស្ស៊ីនិងអាមេរិក គឺមិនងាយស្រួលនោះទេ៕