សន្តិភាពនៅមជ្ឈឹមបូព៌ានៅឆ្ងាយអនេក

(VOVWORLD) - ថ្ងៃទី១៤ ឧសភា ស្ថានទូតអាមេរិកប្រចាំយេរូសាឡឹមបានបើកសម្ពោធជាផ្លូវការ ដោយមិនអើពើដល់ការប្រឆាំងជំទាស់ពីប៉ាឡេស្ទីននិងប្រទេសជាច្រើនទៀតលើពិភពលោក។ បម្រែបម្រួលនេះត្រូវបានចាត់ទុក ជាការចាក់ប្រេងលើភ្លើង ដែលបណ្ដាលឲ្យស្ថានភាពនៅមជ្ឈឹមបូព៌ាកាន់តែស្មុគស្មាញនិងធ្ងន់ធ្ងរថែមទៀត។
សន្តិភាពនៅមជ្ឈឹមបូព៌ានៅឆ្ងាយអនេក - ảnh 1សញ្ញាផ្លូវដល់ស្ថានទូតអាមេរិកត្រូវបានដំឡើងនៅទីក្រុងយេរូសាឡឹម (រូបថត៖ Xinhua/TTXVN) 

  ការដែលអាមេរិកបើកស្ថានទូតថ្មីប្រចាំយេរូសាឡឹម ជាការបោះជំហានទៅតាមសេចក្ដីសម្រេចរបស់ប្រធានាធិបតីលោក Donald Trump កាលពីចុងឆ្នាំ២០១៧ ដោយទទួលស្គាល់ទីក្រុងនេះជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយអះអាងថា នឹងផ្លាស់ស្ថានទូតអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងយេរូសាឡឹម។ សេចក្ដីសម្រេចនេះបានបំផ្ទុះឡើងកំហឹង សូម្បីតែចំពោះសម្ព័ន្ធមិត្តអារ៉ាប់នានារបស់វ៉ាស៊ីនតោន ក៏ដូចជាការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីជនប៉ាឡេស្ទីន ដែលជានិច្ចកាលចង់ឲ្យចំណែកភាគខាងកើតក្រុងយេរូសាឡឹមនឹងក្លាយទៅជារដ្ឋធានីរបស់ រដ្ឋប៉ាឡេស្ទីននាអនាគតផងដែរ។

ហើយលើកនេះគឺដូចគ្នាដែរ។ ការប្រឆាំងជំទាស់វត្តមានរបស់ស្ថានទូតអាមេរិកនៅទីក្រុងយេរូសាឡឹមកាន់តែកើនឡើងនិងគ្រោះថ្នាក់ពីមួយថ្ងៃទៅមួយថ្ងៃ។ នោះជាលេសដើម្បីជំរុញឲ្យជម្លោះក្នុងអំឡុងប៉ុន្មានទសវត្សកន្លងមកនៅមជ្ឈឹមបូព៌ាបន្តបំផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរថែមទៀត។

ឈាមបន្តបង្ហូរនៅតំបន់ Gaza

ថ្ងៃទី១៤ ឧសភា បានក្លាយទៅជាថ្ងៃបង្ហូរឈាមជាទីបំផុតក្នុងប្រវត្តិសាស្ត្រនៃជម្លោះរវាងប៉ាឡេស្ទីនិងអ៊ីស្រាអែល ក្រោយពីសង្គ្រាមនៅតំបន់ Gaza នាឆ្នាំ២០១៤មក។ ជនប៉ាឡេស្ទីនយ៉ាងហោចណាស់៥៥នាក់ ក្នុងនោះមានកុមារវ័យអាយុក្រោម១៨ឆ្នាំ បានស្លាប់ ហើយមនុស្សជាង២០០០នាក់ទៀត ត្រូវរងរបួស ក្នុងការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខអ៊ីស្រាអែលជាមួយពួកបាតុករប៉ាឡេស្ទីននៅតំបន់ Gaza។ ដូច្នេះហើយ ចាប់តាំងពីចុងខែមិនាមក មានជនប៉ាឡេស្ទីនជាង១០០នាក់បានស្លាប់ក្នុងបាតុកម្មប្រឆាំងជំទាស់អាមេរិកនិងអ៊ីស្រាអែល។

ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានប្រកាសការកាន់ទុក្ខថ្នាក់ជាតិក្នុងរយៈពេល៣ថ្ងៃចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងបាតុកម្មនាថ្ងៃម្សិលមិញ ព្រមទាំងសង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីននឹងមិនបញ្ឈប់ការតស៊ូរបស់ខ្លួនឡើយ ហើយនឹងបន្តធ្វើយ៉ាងដូច្នេះរហូតដល់ពេលដែលបង្កើតឡើងរដ្ឋប៉ាឡេស្ទីនឯករាជ្យជាមួយរដ្ឋធានីគឺយេរូសាឡឹម។

ប្រទេសជាច្រើនបានឡើងសម្លេងប្រឆាំងជំទាស់ការផ្លាស់ស្ថានទូតរបស់អាមេរិកទៅកាន់យេរូសាឡឹម ហើយអំពាវនាវឲ្យភាគីទាំងអស់រិះរកដំណោះស្រាយសន្តិភាព។ ប្រទេសជាច្រើនដែលមានទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលបានបដិសេធចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិកប្រចាំយេរូយាឡឹមនិងរំលឹកខួបលើកទី៧០តិវាបុណ្យជាតិអ៊ីស្រាអែល។ អគ្គលេខាធិការអង្គការរំដោះប៉ាឡេស្ទីន (PLO) លោក Saeb Erekat បានថ្កោលទោសការដែលអាមេរិកបើកស្ថានទូតប្រចាំយេរូសាឡឹមគឺជាសកម្មភាពដោយខុសច្បាប់ដែលកប់ចោលដំណើរការសន្តិភាព ព្រមទាំងជំរុញឲ្យប្រជាជាតិនានានៅតំបន់នេះធ្លាក់ចូលក្នុងស្ថានភាពហឹង្សា វឹកវរនិងបង្ហូរឈាមផងដែរ។ រីឯសម្ព័ន្ធអារ៉ាប់ (AL) បានថ្លោលទោសសកម្មភាពរបស់អាមេរិកគឺប្រការគួរឲ្យអាម៉ាស់ ដែលរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិនិងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាអ.ស.ប។

សន្តិភាពនៅមជ្ឈឹមបូព៌ានៅឆ្ងាយអនេក - ảnh 2 លោកស្រី Ivanka Trump កូនស្រីប្រធានាធិបតីលោក Donald Trump ចូលរួមពិធីបើកសម្ពោធស្ថានទូតអាមេរិក (រូបថត៖ Reuters)

សន្តិភាពនៅមជ្ឈឹមបូព៌ានៅតែមិនអាចទៅដល់

យេរូសាឡឹមត្រូវបានចាត់ទុកជាតំបន់ដីពិសិដ្ឋ ហើយជាតំបន់ក្ដៅគគុកនៅមជ្ឈឹមបូព៌ា។ សហគមន៍អន្តរជាតិបានអនុវត្តន៍កិច្ចខិតខំប្រឹងប្រែងជាច្រើន សំដៅនាំមកនូវដំណោះស្រាយសន្តិភាពចំពោះបញ្ហានេះប៉ុន្តែទទួលរងបរាជ័យទាំងអស់។

ខណៈដែលអ៊ីស្រាអែលទទួលបានការគាំទ្ររបស់អាមេរិក គឺប៉ាឡេស្ទីនទទួលបានការគាំទ្ររបស់ពិភពអារ៉ាប់និងអ៊ីស្លាម។ ហើយមានប្រទេសកាន់តែច្រើនដែលគាំទ្រដំណើរការសន្តិភាពនៅតំបន់នេះ តាមរយៈការបង្កើតរដ្ឋទាំងពីររួមរស់ដូចគ្នា។ ចាប់ពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងនាឆ្នាំ១៩៤៨មកអាមេរិកជានិច្ចកាលដាក់ស្ថានទូតនៅទីក្រុង Tel Aviv ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល។ ប្រទេសទាំង៨៦ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលក៏ដាក់ស្ថានទូតនៅ Tel Aviv ដែរ។ ប៉ុន្តែ ក្នុងបរិបទដ៏តានតឹងនៅតំបន់នេះនាបច្ចុប្បន្ន ការដែលអាមេរិកផ្លាស់ប្ដូរស្ថានទូតពី Tel Aviv ទៅកាន់យេរូសាឡឹមពិតជាទង្វើរចាក់ប្រេងលើភ្លើង ព្រមទាំងបង្កឡើងភាពគ្រោះថ្នាក់ទៅលើអនាគតតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ