អាស៊ានកាន់តែស្អិតរមួត និងអះអាងពីឋានៈរបស់ខ្លួន

(VOVWORLD) - អាស៊ានបានអះអាងពីតួនាទីដ៏សំខាន់ក្នុងតំបន់ ក្នុងនោះមានការទប់ស្កាត់ និងគ្រប់គ្រងរាល់ជម្លោះ ឬហានិភ័យជម្លោះ។ ក្នុងបញ្ហាសមុទ្រខាងកើត អាស៊ានតែងតែលើកកម្ពស់ការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
អាស៊ានកាន់តែស្អិតរមួត និងអះអាងពីឋានៈរបស់ខ្លួន - ảnh 1ពិធីបង្ហូតទង់អាស៊ាន។ រូបថត៖ Van Diep/VNA

ថ្ងៃនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធខួបលើកទី ៥៦ នៃការបង្កើត (៨ សីហា ឆ្នាំ១៩៦៧-៨ សីហា ឆ្នាំ២០២៣)។ ឆ្លង់កាត់រយៈពេល ៥៦ ឆ្នាំនៃការកកើត និងអភិវឌ្ឍន៍មក អាស៊ានកាន់តែពង្រីកនូវស្មារតីសាមគ្គីភាព ពង្រីកកម្លាំងពលំសមូហភាពក្នុងបរិបទពិភពលោកដែលពោរពេញទៅដោយបញ្ហាប្រឈមនាបច្ចុប្បន្ន ព្រមទាំងបង្កើតឋានៈនៅលើឆាកអន្តរជាតិ។

រក្សាសន្តិភាព សន្តិសុខ ធានាកំណើនសេដ្ឋកិច្ច

សមិទ្ធិផលលេចធ្លោបំផុតរបស់អាស៊ានបន្ទាប់ពីរយៈពេល ៥៦ ឆ្នាំនៃការកកើត និងការអភិវឌ្ឍ គឺការរក្សាសន្តិភាព និងសន្តិសុខ។ អាស៊ានបង្កើតការជឿទុកចិត្តនិងការរួបរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក; ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសទាំងក្នុង និងក្រៅសមាគម ; កសាងទំនុកចិត្ត ចែករំលែក និងពង្រីកតម្លៃនៃបទបញ្ញត្តិ និងក្រមស្តង់ដារប្រតិបត្តិរវាងបណ្ដាប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ អាស៊ានក៏ពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនសមត្ថភាពដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ កាត់បន្ថយការជ្រៀតជ្រែក និងការត្រួតត្រារបស់ប្រទេសមហាអំណាចនានា។

អាស៊ានបានអះអាងពីតួនាទីដ៏សំខាន់ក្នុងតំបន់ ក្នុងនោះមានការទប់ស្កាត់ និងគ្រប់គ្រងរាល់ជម្លោះ ឬហានិភ័យជម្លោះ។ ក្នុងបញ្ហាសមុទ្រខាងកើត អាស៊ានតែងតែលើកកម្ពស់ការគោរពគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។

អាស៊ានចាត់វិធានការកសាងទំនុកចិត្ត និងក្រមប្រតិបត្តិ ជាពិសេសគឺរួមជាមួយ ចិនចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆ្ពោះទៅកសាងក្រមប្រតិបត្តិនៅសមុទ្រខាតកើត (COC) ប្រកបដោយសុពលភាព និងប្រសិទ្ធភាព។ អាស៊ានក៏បានជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការលើបញ្ហាដែនសមុទ្រ ដើម្បីទប់ស្កាត់គ្រោះអាសន្ននៃការប៉ះទង្គិច និងជម្លោះ ព្រមទាំងធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

បច្ចុប្បន្ននេះ អាស៊ានមានសមាជិកផ្លូវការចំនួន ១០ ហើយកាលពីខែវិច្ឆិកាឆ្នាំមុន អាស៊ានបានឯកភាពគ្នាអំពីគោលការណ៍ដាក់បញ្ជូលសមាជិកទី ១១ គឺទីម័រខាងកើត។ ដោយមានការឯកភាពគ្នាពង្រីកសមាជិក អាស៊ានបានប្រមូលផ្ដុំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលទៅជាសហគមន៍តែមួយជាជំហានៗ។

ក្នុងវិស័យសេដ្ឋកិច្ច សហគមន៍សេដ្ឋកិច្ចអាស៊ានកាន់តែត្រូវបានពង្រីក ដោយកាន់តែទាក់ទាញការចាប់អារម្មណ៍ពីដៃគូពាណិជ្ជកម្ម ។ អាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាច្រើនជាមួយដៃគូដូចជា ជប៉ុន កូរ៉េខាងត្បូង ចិន អូស្ត្រាលី នូវែលសេឡង់ និងឥណ្ឌា ហើយមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ អាស៊ានកំពុងដំណើរការការចរចា FTA ជាមួយកាណាដា និងពិភាក្សាអំពីលទ្ធភាពនៃការចុះហត្ថលេខាលើ FTA ជាមួយតំបន់ពាណិជ្ជកម្មផ្សេងទៀត ដូចជាសហភាពអឺរ៉ុប (EU) ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនពីពាណិជ្ជកម្មសេរីដល់ពលរដ្ឋរបស់ខ្លួន។

អាស៊ាន - ចំណុចស្នូលនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

ក្នុងរយៈពេលកន្លងទៅឋានៈ និងតួនាទីរបស់អាស៊ានត្រូវបានកែលម្អដោយឥតឈប់ឈរ។ ប្រទេសមហាអំណាចជាច្រើននៅក្រៅតំបន់កាន់តែគោរព និងវាយតម្លៃខ្ពស់ចំពោះមជ្ឈភាពរបស់អាស៊ាន ដោយចាត់ទុកការរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ានគឺជាអាទិភាពដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្ររបស់ខ្លួន។

អាស៊ានកាន់តែស្អិតរមួត និងអះអាងពីឋានៈរបស់ខ្លួន - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (AMM 56)។ រូបថត៖ VNA

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (AMM 56) ដែលទើបតែប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី អារ៉ាប៊ីសាអូឌីតបានចូលរួមជាផ្លូវការ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ ប៉ាណាម៉ា អេស្បាញ និងម៉ិកស៊ិកក៏គ្រោងនឹងចុះឈ្មោះចូលរួម TAC នៅខែកញ្ញាឆ្នាំនេះផងដែរ។ រហូតមកដល់ពេលនេះ TAC ដែលមានប្រទេសចូលរួមចំនួន ៥១ បានក្លាយទៅជាឯកសារគ្រឹះ ដែលជាមូលដ្ឋានសម្រាប់ទំនាក់ទំនង និងប្រតិបត្តិរវាងបណ្ដាប្រទេសក្នុងតំបន់។ ការដែលមានប្រទេសកាន់តែច្រើនបានសម្ដែងបំណងចូលរួម  TAC  បានអះអាងពីតម្លៃ និងកម្លាំងរស់នៃសន្ធិសញ្ញា ក៏ដូចជា ជោគជ័យរបស់អាស៊ានក្នុងការចែករំលែក និងរីកសាយភាយក្រមស្តង់ដារប្រតិបត្តិផងដែរ។

ដៃគូនានាសុទ្ធតែបានអះអាងពីមជ្ឈភាពរបស់អាស៊ានក្នុងដំណើរការក្នុងតំបន់ទាំងអស់ ហើយសន្យាថានឹងជួយឧបត្ថម្ភអាស៊ានកសាងសហគមន៍តាមរយៈការប្តេជ្ញាចិត្តជាក់លាក់ជាច្រើន។ ក្នុងបញ្ហាអន្តរជាតិ និងតំបន់ អាស៊ាននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រុះសម្រួលគោលជំហរនេះ ឆ្ពោះទៅរកគោលដៅរួម ពោលគឺទោះជាមានភាពខុសគ្នាក៏ដោយ ក៏អាស៊ាននៅតែជាកម្លាំងស្នូលក្នុងការខិតខំប្រឹងប្រែងទាំងអស់ ដើម្បីសន្តិភាព និងនិរន្តរភាព។ នៅចំពោះការវិវឌ្ឍភូមិសាស្ត្រនយោបាយសកល ជាមួយរយៈពេល ៥៦ ឆ្នាំ នៃការកកើត និងអភិវឌ្ឍន៍

អាស៊ានយល់ដឹងយ៉ាងស៊ីជម្រៅថា សន្តិភាពអាចសម្រេចបានលុះត្រាតែមានឆន្ទៈដូចគ្នា សាមគ្គីភាព ហើយប្តេជ្ញាចិត្ត កសាង និងពូនជ្រុំទំនាក់ទំនងប្រកបដោយតម្លាភាព ស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចរួមចំណែកទទួលខុសត្រូវចំពោះកិច្ចសហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ