(VOVWORLD) - មិនត្រឹមតែមជ្ឈដ្ឋានអ្នកការទូត ឬសហគ្រិនប៉ុណ្ណោះទេ ថែមទាំងប្រជាជនសាមញ្ញៗ របស់ឡាវ និងកម្ពុជា ចាប់ពីកសិករដែលធ្វើការយ៉ាងឧស្សាហ៍ព្យាយាមនៅតាមវាលស្រែព្រំដែន រហូតដល់យុវជនដែលកំពុងខិតខំសិក្សានៅសាកលវិទ្យាល័យនានា សុទ្ធតែមានការយកចិត្តទុកដាក់ពិសេស និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រទេសវៀតណាម ដែលជាមិត្តជិតខាងភូមិផងរបងជាមួយផងដែរ។
នៅក្នុងខេត្តស្វាយរៀង ជាតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងខេត្តតៃនិញ ប្រទេសវៀតណាម លោកសុខា ជាកសិករម្នាក់ដែលមានជំនាញខាងដាំដំណាំបន្លែ កំពុងជាប់រវល់ជាមួយរដូវប្រមូលផល។ ដោយធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនបាវិត - ម៉ុកបៃជាប្រចាំ ដើម្បីលក់ផលិតផលកសិកម្មទៅឱ្យប្រទេសវៀតណាម លោកសុខា មានអារម្មណ៍យ៉ាងច្បាស់អំពីការផ្លាស់ប្តូររបស់វៀតណាមក្នុងរយៈពេលកន្លងមក៖
"ប្រទេសវៀតណាមបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពីមុន ការធ្វើដំណើរឆ្លងកាត់ព្រំដែនមានការលំបាក ជាមួយនឹងបែបបទដ៏ស្មុគស្មាញ ជួនកាលត្រូវការរង់ចាំច្រើនម៉ោងនៅក្រោមពន្លឺថ្ងៃ។ ឥឡូវនេះ ច្រកព្រំដែនកាន់តែទំនើប ហើយការបំពេញបែបបទ ក៏លឿនជាងមុន។ ជាលទ្ធផល តម្លៃលក់កាន់តែខ្ពស់ ហើយជីវភាពគ្រួសារខ្ញុំក៏ប្រសើរឡើងគួរឱ្យកត់សម្គាល់។ ប្រជាជននៅសងខាងព្រំដែនមានភាពរួសរាយរាក់ទាក់ និងជួយគ្នាទៅវិញទៅមក។ ប្រទេសវៀតណាមក៏មានកម្មវិធីដើម្បីគាំទ្រប្រជាជនកម្ពុជានៅតំបន់ព្រំដែនជាមួយនឹងពូជដំណាំ និងបច្ចេកទេសកសិកម្មផងដែរ"។
កញ្ញា ចាន់នី ជានិស្សិតកម្ពុជា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ។ |
មានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីព្រំដែន នៅឯអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហាណូយ ជាសាកលវិទ្យាល័យដ៏ល្បីល្បាញដែលបានបណ្តុះបណ្តាលវិស្វករបច្ចេកវិទ្យាឈានមុខគេនៅប្រទេសវៀតណាម កញ្ញា ចាន់នី ជានិស្សិតកម្ពុជាម្នាក់ដែលកំពុងសិក្សាឆ្នាំទី ៤ ជំនាញបច្ចេកទេសអេឡិចត្រូនិច កំពុងផ្ដោតការយកចិត្តទុកដាក់លើនិក្ខេបបទបញ្ចប់ការសិក្សាស្ដីពីការអនុវត្តបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យកសិកម្មឆ្លាតវៃ។ ដោយបានរស់នៅក្នុងទីក្រុងហាណូយអស់រយៈពេលជិត៤ឆ្នាំ ចាន់នី បានឃើញពីការផ្លាស់ប្តូររបស់វៀតណាមពីប្រទេសកំពុងអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ-បច្ចេកវិទ្យាដ៏ពោរពេញដោយសក្ដានុពលនៅក្នុងតំបន់។
"ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះល្បឿនអភិវឌ្ឍរបស់ប្រទេសវៀតណាម។ បច្ចេកវិទ្យា
ឌីជីថលមាននៅគ្រប់ទីកន្លែង ចាប់ពីការទូទាត់តាមអេឡិចត្រូនិក និងម៉ូតូអគ្គិសនី រហូតដល់មន្ទីរពិសោធន៍ទំនើបៗនៅសាកលវិទ្យាល័យផងដែរ។ ខ្ញុំបានរៀនច្រើនអំពីបញ្ញាសិប្បនិម្មិត (AI) និងការផ្លាស់ប្តូរឌីជីថល។ ទាំងនេះក៏ជាបទពិសោធន៍ដែលប្រទេសកម្ពុជាត្រូវការដើម្បីធ្វើទំនើបកម្មកសិកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ ប្រជាជនវៀតណាមក៏មានភាពរួសរាយរាក់ទាក់ គ្រូបង្រៀននិងមិត្តភក្តិតែងតែជួយខ្ញុំជាច្រើនផងដែរ។ ខ្ញុំមានអារម្មណ៍ថានេះជាផ្ទះទីពីររបស់ខ្ញុំអញ្ចឹង"។
លោក ភុំភីថាត អូប៉ាធូត ជនជាតិឡាវ ទទួលសញ្ញាបត្រសាកលវិទ្យាល័យនៅវៀតណាម។ |
ចំពោះលោក ភុំភីថាត អូប៉ាធូត ជាជនជាតិឡាវម្នាក់ដែលធ្លាប់បានសិក្សានៅវៀតណាម ហើយបច្ចុប្បន្នកំពុងរស់នៅ ធ្វើការនៅទីនេះ និងរៀបការជាមួយប្រពន្ធជនជាតិវៀតណាម គឺរយៈពេលប៉ូន្មានថ្ងៃនេះនាំមកនូវអារម្មណ៍ពិសេសៗជាច្រើន។ ដោយបានឃើញដងផ្លូវត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ដោយទង់ជាតិ និងផ្កាដើម្បីស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម លោកពិតជាមានអារម្មណ៍រំភើបចិត្ត និងកក់ក្តៅខ្លាំងណាស់។ យោងតាមលោក បរិយាកាសនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ជំនឿជាក់ និងក្តីសង្ឃឹមរបស់ប្រជាជនវៀតណាមក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
“ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្មារតីស្ទុះឈានទៅមុខដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យជាច្រើន។ សេដ្ឋកិច្ចមានការអភិវឌ្ឍស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ហើយឋានៈអន្តរជាតិរបស់វៀតណាមក៏ត្រូវបានអះអាងជាបន្តបន្ទាប់ផងដែរ។ ជាពិសេស វៀតណាមជានិច្ចកាលរក្សាបាននូវស្ថិរភាពនយោបាយ និងផ្តល់អាទិភាពដល់ការអភិវឌ្ឍមនុស្ស។ សមិទ្ធផលទាំងនេះបានពង្រឹងជំនឿជាក់របស់ខ្ញុំ លើការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ ហើយជំនឿជាក់នេះបានជួយឲ្យខ្ញុំមានទំនុកចិត្តជ្រើសរើសរស់នៅ និងធ្វើការនៅវៀតណាមក្នុងរយៈពេលវែង។ លើសពីនេះ ខ្ញុំក៏ជឿជាក់ថាប្រទេសវៀតណាមនឹងបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត”។
ជនជាតិឡាវ និងកម្ពុជាដូច លោកភូមភីថាត អូប៉ាធូត លោកសុខា និង កញ្ញាចាន់នី មិនថារស់នៅតំបន់ព្រំដែនដ៏ឆ្ងាយៗ ឬនៅរដ្ឋធានីដ៏មមាញឹកនោះទេ សុទ្ធតែបានមើលឃើញយ៉ាងច្បាស់ថា ការអភិវឌ្ឍដ៏រឹងមាំរបស់វៀតណាមមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ខ្លួនគេ និងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាការបំផុសគំនិតសម្រាប់ការអភិវឌ្ឍរួមនៃតំបន់ទៀតផង។ ហើយដូចប្រជាជនវៀតណាមទាំងមូលដែរ ពួកគេក៏មានការរំពឹងទុកជាច្រើនសម្រាប់ការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជាទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាក្នុងរយៈពេលខាងមុខ៖
“ខ្ញុំរំពឹងថា ក្រោយពីមហាសន្និបាតលើកទី១៤ របស់បក្ស វៀតណាមនឹងបន្តមានគោលនយោបាយដ៏ត្រឹមត្រូវ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ដោយផ្សាភ្ជាប់ជាមួយនឹងយុត្តិធម៌សង្គម ការលើកកម្ពស់គុណភាពអប់រំ និងបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងរឹតបន្តឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម និងឡាវ។ ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកកម្លាំងដ៏តូចតាចរបស់ខ្លួនក្នុងការអនុវត្តន៍គោលនយោបាយទាំងនោះ”។
"ខ្ញុំសង្ឃឹមថា ក្រោយពីមហាសន្និបាត វៀតណាមនឹងបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីដើរត្រួសត្រាយក្នុងតំបន់។ ជាពិសេស ខ្ញុំសង្ឃឹមថា នឹងមានកម្មវិធីអាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការបណ្តុះបណ្តាលរួមគ្នារវាងវៀតណាម និងកម្ពុជាកាន់តែច្រើនក្នុងវិស័យនេះ។ ពេលត្រឡប់ទៅប្រទេសវិញ ខ្ញុំនឹងអនុវត្តន៍ចំណេះដឹងនេះទៅក្នុងវិស័យកសិកម្មកម្ពុជា ដោយជួយកសិករបង្កើនផលិតភាព។ ជំហានបែបនេះនឹងផ្តល់ឱកាសដល់ជំនាន់យុវជនរបស់យើងក្នុងការរៀនសូត្រគ្នាទៅវិញទៅមក ដើម្បីកសាងប្រទេសទាំងពីរកាន់តែរីកចម្រើននិងទំនើប"។
រាល់ការចែករំលែកដ៏សាមញ្ញ ប៉ុន្តែស្មោះស្ម័គ្រទាំងនោះ បានបង្ហាញពីមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងការជឿទុកចិត្តរបស់ប្រជាជនឡាវ និងកម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ដែលប្រទេសវៀតណាមកំពុងតែជ្រើសរើស៕