ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម
(VOVWORLD) - ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម ដោយវិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌរៀបចំឡើង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយក្នុងគោលបំណងផ្សព្វផ្សាយនិងលើកកម្ពស់តម្លៃស្នូលនៃស្ថាបត្យកម្មភូមិប្រពៃណីរបស់វៀតណាម។ នៅឯពិព័រណ៌នេះ វិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌបានណែនាំនូវភូមិគំរូចំនួន ៦ ស្ថិតនៅភាគខាងជើងនិងភាគកណ្តាលនៃប្រទេសវៀតណាម រួមមាន៖ ភូមិ Cu Da (នៃទីក្រុងហាណូយ) ភូមិ Tho Ha (នៅខេត្ត Bac Ninh) ភូមិ Nom នៅខេត្ត Hung Yen ភូមិ Hanh Thien នៅខេត្ត Nam Dinh និងភូមិ An Truyen, Phuoc Tich នៅទីក្រុង Hue។
ប្លង់លំអិតនៃស្ថាបត្យកម្មនៃផ្ទះបុរាណមួយចំនួននៅភូមិ Cu Da (ប្រភព៖ qdnd.vn) |
ភូមិបុរាណទាំង៦ ដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ ត្រូវបានវិទ្យាស្ថានអភិរក្សបេតិកភ័ណ្ឌធ្វើការស្ទង់មតិ ស៊ើបអង្កេតនិងឧទ្ទេសនាមដោយផ្សាភ្ជាប់ នូវព័ត៌មានអំពីប្រវត្តិសាស្ត្រ វប្បធម៌ក៏ដូចជាប្លង់លំអិតអំពីស្នាដៃស្ថាបត្យកម្ម រួមទាំងមានរូបថតរស់រវើកទៀតផង។ បណ្ឌិត ស្ថាបត្យករ លោក Hoang Dao Cuong នាយកវិទ្យាស្ថានអភិរក្សបេតិកភណ្ឌ បានឲ្យដឹងថា៖ “ភូមិ Phuoc Tich និងភូមិ Cu Da នៅរក្សាបានផ្ទះបុរាណចំនួន ២៦ ខ្នង ភូមិ An Truyen នៅរក្សាបានផ្ទះបុរាណចំនួន ៧ ខ្នង និងភូមិ HanhThien នៅរក្សាបានផ្ទះបុរាណចំនួន ១០ ខ្នង ហើយសំណង់សាសនា ទេសភាពជុំវិញភូមិនីមួយៗ និងផ្លូវថ្នល់តាមភូមិនៅរក្សាបានសភាពដដែល។ យើងខ្ញុំគិតថា ទាំងនេះគឺជារូបភាពច្បាស់បំផុតនៃភូមិបុរាណនៅភាគខាងជើងឬភាគកណ្តាលវៀតណាម។ ដោយហេតុនេះ យើងមិនត្រឹមតែមានមូលដ្ឋានវិទ្យាសាស្ត្រក្នុងការថែរក្សាភូមិបុរាណប៉ុណ្ណោះទេ ថែមទាំងជួយយើងឱ្យទទួលមរតកនិងពង្រីកគុណតម្លៃដែលមានស្រាប់ផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនៃជីវភាពសម័យថ្មីផងនិងបំពេញតាមប្រពៃណីយ៉ាងល្អប្រសើរដែលជីដូនជីតាយើងបន្សល់ទុកមកផង”។
ភូមិទាំងអស់ដែលបានតាំងបង្ហាញនៅឯពិព័រណ៍នេះ សុទ្ធតែបានផ្សាភ្ជាប់ទៅនឹងទន្លេបង្កើត ភាពស្និទ្ធស្នាលរវាងមនុស្សនិងធម្មជាតិក៏ដូចជាបង្កប់នូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌និងស្ថាបត្យកម្មឆ្នើម។ សាស្ត្រាចារ្យ រង បណ្ឌិត Dang Van Bai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានឲ្យដឹងថា៖ “តាមរយៈការតាំងពិព័រណ៍ពិព័រណ៍នេះ បានផ្តល់ជូនអ្នកទស្សនានូវទិដ្ឋភាពទូទៅនិងការយល់ដឹងជាមូលដ្ឋានបំផុតអំពីភូមិបុរាណរបស់វៀតណាមនិងទាំងកេរដំណែលរូបីយនិងអរូបី មាននៅក្នុងភូមិបុរាណយ៉ាងដូចម្ត៉េច។ នាពេលបច្ចុប្បន្ននេះមានភូមិបុរាណជាច្រើនដែលត្រូវបាត់បង់ ហេតុដូច្នេះ ការតាំងពិព័រណ៍នេះក៏អាចជាសារដើម្បីរំលឹកថា ថ្វីត្បិតតែការអភិវឌ្ឍសេដ្ឋកិច្ចឬនគរូបនីយកម្មយ៉ាងណាក៏ដោយ ប៉ុន្តែស្ថាបត្យកម្មនិងបេតិកភណ្ឌវប្បធម៌របស់ភូមិបុរាណត្រូវតែថែរក្សានិងការពារជានិច្ច”។
នៅពេលទស្សនាការតាំងពិព័រណ៍នេះ អ្នកទស្សនាមានអារម្មណ៍ថា ពួកគេកំពុងរស់នៅក្នុងផ្នត់ផ្ទះបុរាណ ដែលមានទំនៀមទម្លាប់ប្រពៃណី ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ លោក Tong Van Tin អ្នកទស្សនាពិព័រណ៍បានសម្តែងនូវចំណាប់អារម្មណ៍ថា៖ “ខ្ញុំឃើញថា ស្នាដៃទាំងនេះបានបង្កប់នូវព្រលឹងភូមិ វៀត និងលក្ខណៈជនជាតិខ្ពង់ខ្ពស់។ តាមរយៈតាំងពិព័រណ៍នេះ យើងហាក់ដូចជាបានរួមគ្នារំលឹកពីប្រពៃណីហើយក៏នាំគ្នាបារម្ភថា តើធ្វើយ៉ាងម៉េចដើម្បីរក្សានិងពង្រីកបានការអប់រំបែបប្រពៃណីដ៏ស្រស់ស្អាតនិងមានតម្លៃបែបនេះ”។
អ្នកទស្សនាពិព័រណ៍ (ប្រភព៖ baovanhoa.vn) |
តាមរយៈរូបថតនីមួយៗដែលបានបង្ហាញ អ្នកទស្សនាអាចមើលឃើញពីភាពខុសគ្នានៃភូមិបុរាណនីមួយៗ ដោយមិនមានការភាន់ច្រលំឡើយ។ បណ្ឌិត Tran Hau Yen The នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៃប្រទេស វៀតណាមបានសំណេះសំណាលថា៖ “នៅតាមភូមិនានាដែលបានតាំងបង្ហាញនៅទីនេះ ភាគច្រើនខ្ញុំបានទៅទស្សនាផ្ទាល់ភ្នែកហើយ។ ក្រឡេកមើលលើស្នាដៃទាំងនេះ គឺបង្ហាញពីនិមិត្តរូបនៃស្ថាប័ត្យកម្ម។ ឧទាហរណ៍ៈ នៅពេលយើងមកដល់ភូមិ យើងនឹងឃើញសាលាភូមិនិងវត្តអារ៉ាមជាដើម។ ជាក់ស្តែងគឺ នៅក្នុងពិព័រណ៍នេះ ប្រវត្តិភូមិត្រូវបានកត់ត្រា ដំណើរការសាងសង់ត្រូវបានកត់ត្រា ក៏ដូចជាសញ្ញាសម្គាល់ស្ថាបត្យកម្មដ៏ពិសេសរបស់ភូមិនីមួយៗផង”។
ភូមិប្រពៃណីរបស់វៀតណាមមានរចនាសម្ព័ន្ធជាប់គ្នានៃការរៀបចំនិងអភិបាលកិច្ចសង្គម។ នៅទីនោះភូមិនីមួយៗ អាស្រ័យលើបរិយាកាសសង្គមធម្មជាតិ នឹងមានរចនាសម្ព័ន្ធផ្សេងគ្នា រួមចំណែកដល់ភាពចម្រុះនិងលក្ខណៈពិសេសដោយឡែករបស់ភូមិវៀតណាម។ នៅប្រទេសវៀតណាមមានភូមិចំនួន ៤ ដែលត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ដជាតិ រួមមាន៖ ភូមិ Duong Lam (នៃទីក្រុងហាណូយ); ភូមិ Phuoc Tich (នៅខេត្ត Thua Thien-Hue); ភូមិ Loc Yen (នៅខេត្ត Quang Nam); ភូមិ Dong Hoa Hiep (នៅខេត្ត Tien Giang)។ ការតាំងពិព័រណ៍ស្ថាបត្យកម្មភូមិប្រពៃណីវៀតណាមលើកនេះ ទោះបីជាណែនាំត្រឹមតែ ៦ ភូមិក៏ដោយក៏នៅតែមានអត្ថន័យដ៏ធំធេងក្នុងការថែរក្សានិងអភិរក្សនូវតម្លៃរបស់ភូមិប្រពៃណីវៀតណាមផងដែរ៕