ជនជាតិ Xo Dang សាខា Ha Lang កសាងផ្ទះ រ៉ុង ឡើងវិញ

(VOVWORLD) - ផ្ទះ រ៉ុង (Rong) គឺជានិមិត្តរូបដ៏ពិសិដ្ឋ និងវិសេសវិសាលរបស់ជនជាតិភាគតិចជាច្រើននៅតំបន់ តី ង្វៀន (Tay Nguyen) រួមទាំងជនជាតិ Xo Dang ផងដែរ។ ដើម្បីធ្វើឱ្យផ្ទះរ៉ុង ប្រពៃណីស្ថិតស្ថេរគងវង្សជារៀងរហូត ដោយមានការជួយឧបត្ថម្ភពីបក្ស រដ្ឋ និងមូលដ្ឋាន ... ខេត្ត Kon Tum បានអញ្ជើញសិប្បករ និងប្រជាជនមកកសាងផ្ទះរ៉ុងប្រពៃណីរបស់ប្រជាជន Xo Dang សាខា Ha Lang។

ជនជាតិ Xo Dang សាខា Ha Lang កសាងផ្ទះ រ៉ុង ឡើងវិញ - ảnh 1អ្នកភូមិ Dak De រីករាយនឹងពិធីបុណ្យភូមិ។ (រូបថត៖ VOV)

សម្រាប់ជនជាតិ Xo Dang នៅ Kon Tum រដូវប្រាំងនៅតំបន់ តី ង្វៀន ក៏ជារដូវដែលពិធីបុណ្យសំខាន់ៗរបស់សហគមន៍ត្រូវបានប្រារព្ធធ្វើឡើងផងដែរ។ ព្រឹទ្ធាចារ្យភូមិ A Thiu អាយុ ៧០ ឆ្នាំ ជាព្រឹទ្ធាចារ្យភូមិម្នាក់ក្នុងចំណោមព្រឹទ្ធាចារ្យភូមិចំនួន ៤ នាក់នៅភូមិ Dak De ឃុំ Ro Koi ស្រុក Sa Thay ជាអ្នកដែលរក្សាអាថ៌កំបាំងជាច្រើននៃការសាងសង់និងដំឡើងផ្ទះរ៉ុងប្រពៃណីរបស់ជនជាតិ Ha Lang ដែលជាសាខាមួយរបស់ជនជាតិ Xo Dang នោះ បានអះអាងថា បើគ្មានផ្ទះ រ៉ុង ទេ ពិធីបុណ្យទាំងអស់របស់ភូមិនឹងមិនសូវសប្បាយដែរ។ ព្រឹទ្ធាចារ្យ A Thiu មានមោទនភាពថា មិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពសហគមន៍ប៉ុណ្ណោះទេ ផ្ទះ រ៉ុង នេះក៏ជានិមិត្តរូបនៃស្មារតីមហាសាមគ្គីភាពជាតិ ហើយបង្ហាញពីកម្លាំងពលំរបស់សហគមន៍ទៀតផង៖

“កសាងផ្ទះរ៉ុងដើម្បីអភិរក្សវប្បធម៌ដ៏វិសេសវិសាលរបស់បណ្ដាជនជាតិនៅ តី ង្វៀន និយាយរួម និងជនជាតិ Ha Lang យើងនិយាយដោយឡែក។ យើងខ្ញុំទទួលបានការគាំទ្រ និងជួយឧបត្ថម្ភរបស់បក្ស និងរដ្ឋ ទាំងខាងស្មារតីនិងសម្ភារៈ ដើម្បីបង្កើតបរិយាកាសដ៏សោមនស្សរីករាយ។ ជាងនេះទៅទៀត មានការគាំទ្រពីបងប្អូនក្នុងភូមិ ដែលបានចូលរួមវិភាគទានទាំងខាងសម្ភារៈ ជាពិសេសខាងស្មារតី តាំងពីការងារតូចរហូតដល់ធំ ទើបយើងខ្ញុំមានផ្ទះ រ៉ុង ដ៏ធំទូលាយបែបនេះ”។

ដើម្បីកសាងឡើងវិញនូវផ្ទះរ៉ុងប្រពៃណីរបស់ជនជាតិ Xo Dang សាខា Ha Lang គ្រួសារជាង ២០០ ដោយមានចំនួនប្រជាជនជាង ៨៨០ នាក់ នៅភូមិ Dak De បានជួបប្រជុំជាច្រើនលើកច្រើនសារ។ លើសពីនេះ បុគ្គលិកសារមន្ទីរ-បណ្ណាល័យខេត្ត Kon Tum ក៏ជួយយ៉ាងសកម្មដល់ប្រជាជនជាមួយនឹងរូបភាព; ចំណេះដឹងស្ថាបត្យកម្មប្រជាប្រិយ; ប្រព័ន្ធនៃផ្នែកពិធីនិងផ្នែកបុណ្យនៅក្នុងព្រឹត្តិការណ៍ "អំណរផ្ទះរ៉ុងថ្មី" របស់សហគមន៍... ប្រជាជនក៏បានសម្រិតសម្រាំង និងស្វែងរកវត្ថុធាតុប្រពៃណី ដូចជា៖ ឈើ ឫស្សី ជាដើម ក៏ដូចជាស្វែងរកការតុបតែងលំអរក្បូរក្បាច់រចនា និងរបៀបសាងសង់ផ្ទះរ៉ុងរបស់ដូនតា ដែលធ្លាប់ត្រូវបានសាបសូន្យទៅតាមពេលវេលាផងដែរ។ លោក A Un អាយុ៦២ឆ្នាំ ភូមិ Dak De ឃុំ Ro Koi ស្រុក Sa Thay បាននិយាយថា ៖

“ខ្ញុំបានទៅសួរព្រឹទ្ធាចារ្យដើម្បីដឹងពីបទគងឃ្មោះបុរាណ និងរបាំ xoang ហើយមកហ្វឹកហាត់ សជាមួយនឹងក្រុមលេងគង-រាំរបាំរបស់ភូមិ។ ដើម្បីគូររូបតុបតែងលំអរនៅលើសសរ និងធ្នឹមផ្ទះរ៉ុង យើងត្រូវចងចាំពីអ្វីដែលដូនតាយើងបានធ្វើ។ មានរូបដ៏ស្រស់ស្អាតមួយដែលខ្ញុំចាំបានឃើញជាស្នាមសាក់លើឪពុកខ្ញុំ។ ត្រូវចងចាំឡើងវិញហើយចំណាយពេល ២ ថ្ងៃ ទើបខ្ញុំនិងជំនួយការគូររួចរាល់។ លំបាកណាស់ប៉ុន្តែធ្វើបានផ្ទះរ៉ុងស្អាតបែបនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់”។

ជនជាតិ Xo Dang សាខា Ha Lang កសាងផ្ទះ រ៉ុង ឡើងវិញ - ảnh 2សំឡេងគងឃ្មោះលាន់លឺរន្ទឺក្រោមដំបូលផ្ទះរ៉ុងប្រពៃណី។ (រូបថត៖ VOV)

ដោយមានការចូលរួមចំណែករបស់ភូមិទាំងមូល បន្ទាប់ពីសាងសង់បានជាង២ខែ អ្នកភូមិ Dak De បានកសាងផ្ទះរ៉ុងប្រពៃណីរបស់ជនជាតិខ្លួនឡើងវិញ។ ដើម្បីកសាងផ្ទះ រ៉ុង ដោយមានកំពស់ជិត ១៣ ម៉ែត្រ បណ្តោយ ៩,៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រ រួមជាមួយនឹងថវិកាជិត ១០០ លានដុង (៤០០០ ដុល្លារ) ពីគម្រោង កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនោះ អ្នកភូមិ Dak De ក៏ស្ម័គ្រចិត្តបរិច្ចាគកម្លាំងពលកម្មរាប់រយថ្ងៃផងដែរ។ លោក Nguyen Van Quang នាយករងសារមន្ទីរ-បណ្ណាល័យខេត្ត Kon Tum បានឲ្យដឹងថា ទន្ទឹមនឹងអត្ថន័យនៃការអភិរក្សនោះ ការកសាងផ្ទះរ៉ុងប្រពៃណីឡើងវិញ របស់ជនជាតិ Ha Lang មានអត្ថន័យដ៏ធំធេងជាងនេះទៅទៀត នោះគឺការតភ្ជាប់ប្រជាជនបណ្ដាជំនាន់និងលើកកំពស់តម្លៃបេតិកភណ្ឌវប្បធម៌ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន៖

“តាមរយៈការកៀងគរកម្លាំងសហគមន៍ដើម្បីកសាងផ្ទះរ៉ុងតាមប្រពៃណី ជំនាន់យុវជនបានក្រេបយកចំណេះដឹងប្រជាប្រិយពីដូនតាបន្សល់ទុកមក ដើម្បីបន្តការងារអភិរក្ស។ ការងារនេះមានការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវជន រួមជាមួយនឹងភូមិ ដើម្បីកសាងឡើងវិញនិងថែរក្សាផ្ទះរ៉ុង”។

មកទល់នឹងពេលនេះ នៅក្នុងខេត្ត Kon Tum មានភូមិចំនួន ៤៣៧ ក្នុងចំណោមភូមិជនជាតិភាគតិចទាំង ៥០៣ ដែលមានផ្ទះរ៉ុង ក្នុងនោះមានផ្ទះរ៉ុងប្រពៃណីចំនួន ២១៣ ខ្នង។ បច្ចុប្បន្ននេះ បក្ស រដ្ឋ អាជ្ញាធរមូលដ្ឋាន និងប្រជាជនកំពុងរួមដៃគ្នាកសាងផ្ទះរ៉ុងប្រពៃណីឡើងវិញ ដើម្បីឲ្យនិមិត្តរូបវប្បធម៌នេះ នឹងស្ថិតស្ថេរគងវង្សជានិច្ច ដើម្បីឱ្យសំឡេងគងឃ្មោះនៅក្រោមដំបូលផ្ទះរ៉ុងប្រពៃណីនៅតែបន្លឺឡើងជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ