លើកកម្ពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍ជាក់ស្ដែងរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងបដិវត្តន៍ 4.0
(VOVWORLD) -លើកកម្ពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍ជាក់ស្ដែងរាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម 4.0កំពុងក្លាយទៅជានិន្នាការដែលមិនអាចខ្វះបាននៅលើពិភពលោក។ នៅប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាម និងសហគមន៍ពាណិជ្ជករបានដាក់ចេញនូវ គោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឲ្យស្របតាមការអភិវឌ្ឍរបស់ពិភពលោកជាពិសេសគឺស្ថាបនាប្រទេសអភិវឌ្ឍន៍ដោយចីរភាព។
សហគ្រាសវៀតណាមក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 (internet) |
នាឆ្នាំ ២០១៥ វៀតណាមរួមជាមួយប្រទេសជាសមាជិកទាំង ១៩២ នៃអង្គការសហប្រជាជាតិបានអនុម័តលើគោលដៅអភិវឌ្ឍន៍សំខាន់ៗដោយចីរភាពទាំង ១៧ (SDG) នៃរបៀបវារៈឆ្នាំ ២០៣០។ ដើម្បីអនុវត្តន៍ជាក់ស្ដែង SDG ទាំង ១៧ ចំណុចនេះ នាខែ ឧសភាឆ្នាំ ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការចេញផ្សាយផែនការសកម្មភាពជាតិ ដើម្បីអនុវត្តរបៀបវារៈ ឆ្នាំ ២០៣០ អំពីការអភិវឌ្ឍដោយចីរភាព។
ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) លោក Vu Tien Loc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកបានដាក់ចេញរបាយការណ៍វៀតណាមដល់ឆ្នាំ២០៣៥ ដោយមានបំណងប្រាថ្នាជំរុញឲ្យវៀតណាមក្លាយទៅជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យម ពោលគឺជាង ១ ហ្មឺនដុល្លារអាមេរិកនាឆ្នាំ ២០៣៥។ លោក Vu Tien Loc បានអះអាងថា៖ រដ្ឋាភិបាលវៀតណាមកំណត់ថាការអភិវឌ្ឍដោយចីរភាពគឺជាគោលមាគ៌ាតែមួយគត់សម្រាប់ការអភិវឌ្ឍ ក្នុងនោះផ្ដោតទៅលើការកសាងសមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស និងខឿនសេដ្ឋកិច្ចនៃប្រទេសជាតិ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖
“ជាមួយនឹងគោលបំណងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេចចិត្តស្តីពីការកែលំអបរិយាកាសធ្វើអាជីវកម្ម លើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ គោលដៅគឺ វៀតណាមឲ្យក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៤ ដែលមានភាពប្រកួតប្រជែង និងគុណភាពរបៀបរបបជួរមុខក្នុងអាស៊ានឲ្យយ៉ាងឆាប់ៗ។ ដូច្នេះហើយគោលដៅអភិវឌ្ឍន៍ ដោយចីរភាព ទាំង ១៧ របស់អង្គការសហប្រជាជាតិត្រូវបានចាត់ទុកជាគ្រឹះស្ថាន ដើម្បីដាក់ចេញប្រព័ន្ធកម្មវិធីអភិវឌ្ឍន៍របស់វៀតណាមផងដែរ”។
ឋានៈរបស់វៀតណាមត្រូវបានលើកកំពស់នៅលើឆាកអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងរយៈពេល ៤១ ឆ្នាំ រួមដំណើរជាមួយអង្គការសហប្រជាជាតិ និង រយៈពេល ២៥ ឆ្នាំ តាំងពីពេលវៀតណាមបានបន្តទំនាក់ទំនងជាមួយធនាគារពិលោកនាឆ្នាំ ១៩៩៣ មកវិញ។ វៀតណាមបានកសាងរដ្ឋាភិបាលស្ថាបនា ធ្វើសកម្មភាព តម្លាភាព ហើយផ្លាស់ប្ដូរថ្មីជានិច្ច ដើម្បីជំរុញដំណើរការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ។ រួមជាមួយនេះ គឺសហគមន៍សហគ្រាសមួយដ៏ស្វាហាប់ ច្នៃប្រឌិត ហើយជានិច្ចកាលអនុវត្តន៍បច្ចេកវិទ្យាជឿនលឿនបំផុត ។ លោក Nguyen The Phuong អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមបានឲ្យដឹងថា៖ នាឆ្នាំ ២០១៧ ខឿនសេដ្ឋកិច្ចវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៣៤ នៅលើពិភពលោក ជាមួយនឹងចំណូលលើមនុស្សម្នាក់ៗជាង ២៣០០ ដុល្លាអាមេរិក ពោលគឺជាប់ចំណាត់ថ្នាក់ទី ១៣៤ នៅលើពិភពលោក។ ល្បឿនកំណើនសេដ្ឋកិច្ចនាឆ្នាំ ២០១៧ ទទួលបាន ៦,៨១ ភាគរយ ពោលគឺខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងមក។
“រាល់ការខិតខំប្រឹងប្រែង ដើម្បីកែលម្អបរិយាកាសធ្វើអាជីវកម្មរបស់វៀតណាម ក្នុងរយៈពេលកន្លងមក បាននាំមកនូវលទ្ធផលដ៏គួរឲ្យកត់សម្គាល់។ ក្នុងរយៈពេល ៤ ឆ្នាំ អនុវត្តន៍សេចក្ដីសម្រេចរបស់រដ្ឋាភិបាលនោះ បរិយាកាសធ្វើអាជីវកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់វៀតណាមនាឆ្នាំ ២០១៧ ត្រូវបានអង្គការអន្តរជាតិទទួលស្គាល់។ ជាក់ស្ដែង៖ សមត្ថភាពប្រកួតប្រជែងបានជាប់ចំណាត់ថ្នាក់ទី 55/137 (កើន ៥ ថ្នាក់) បរិយាកាសធ្វើអាជីវកម្មទទួលបាន 68/190 (កើន 14 ថ្នាក់) ការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតកើន ១២ ថ្នាក់ បើប្រៀបនឹងឆ្នាំ ២០១៦។ ក្នុងក្រុម បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបនោះវៀតណាមបានឈានឡើងចំណាត់ថ្នាក់ទី ១ ផងដែរ”។
ជាមួយនឹងភារកិច្ចលើកកម្ពស់សមត្ថភាពប្រកួតប្រជែង វៀតណាមកំពុងកំណត់ឋានៈរបស់ខ្លួនក្នុងការរត់ប្រណាំងសមត្ថភាពប្រកួតប្រជែងសកល។ ក្នុងនោះ សហគមន៍សហគ្រាសបានរួមវិភាគទានយ៉ាងសំខាន់ៗ ក្នុងឋានៈជាមជ្ឈមណ្ឌលនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងលើកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។ អនុវត្តន៍ការអភិវឌ្ឍដោយចីរភាពក៏ជាឱកាសដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់សហគ្រាស តាមនោះសមត្ថភាពគ្រប់គ្រងសហគ្រាសក៏ត្រូវបានកែលម្អដែរ។ នេះគឺជាឱកាសសម្រាប់សហគ្រាសវៀតណាមឆក់យកឱកាស ដើម្បីរួមជាមួយប្រទេសជាតិអភិវឌ្ឍន៍ដោយចីរភាព និងស្របខ្លួនទៅក្នុងបដិវត្តន៍ 4.0 ថែមទៀត៕