ប្រជាកសិករនៅស្រុក Duy Xuyen អភិវឌ្ឍន៍អេកូទេសចរណ៍សហគមន៍

(VOVWORLD) - ជាមួយនឹងគុណសម្បត្តិនៃទេសភាពជនបទដ៏សុខសាន្តត្រាណ និងវាលស្រូវដ៏ធំល្វឹងល្វើយ... ស្រុក Duy Xuyen ខេត្ត Quang Nam កំពុងអភិវឌ្ឍន៍គំរូអេកូទេសចរណ៍សហគមន៍។ គំរូនេះបង្កើតការងារនិងជួយប្រជាជនបង្កើនប្រាក់ចំណូលបន្ថែមទៀត។

ប្រជាកសិករនៅស្រុក Duy Xuyen អភិវឌ្ឍន៍អេកូទេសចរណ៍សហគមន៍ - ảnh 1ភ្ញៀវទេសចរជិះទូកកញ្ជើទៅទស្សនាភូមិទេសចរណ៍សហគមន៍ Tra Nhieu។ (រូបថត៖ VOV)

ភូមិអេកូទេសចរណ៍សហគមន៍ Tra Nhieu ស្រុក Duy Xuyen មានចម្ងាយតែ ៥ គីឡូម៉ែត្រពីទីក្រុង Hoi An (Quang Nam) និង ៣០ គីឡូម៉ែត្រពីទីក្រុង Da Nang ប៉ុណ្ណោះ។ ទីនេះមានព្រៃដូង ១០ ហិកតា ជាមួយនឹងភូមិរបរប្លែកៗជាច្រើន។ លោក Pham Minh Tam ម្ចាស់សេវាកម្មទូកកញ្ជើ Co Mot នៅឃុំ Duy Vinh បានធ្វើទេសចរណ៍អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយភាគច្រើននាំភ្ញៀវទេសចរទៅទស្សនាព្រៃដូង និងបោះសំណាញ់។ នៅថ្ងៃជាប់មមាញឹក គ្រឹះស្ថានរបស់លោកទទួលបានអតិថិជនប្រហែល ៥០ ទៅ ១០០ នាក់ ភាគច្រើនជាជនបរទេស។ លោក Pham Minh Tam បាននិយាយថា គ្រឹះស្ថានរបស់លោកមានទូកកញ្ជើចំនួន ១៥ គ្រឿង ដែលបានបង្កើតការងារដល់កម្មករប្រចាំស្រុកជាច្រើននាក់៖

“ភ្ញៀវទេសចរមកទស្សនាព្រៃដូង រួចជិះទូក។ ខ្ញុំក៏មានសេវាកម្មបម្រើអាហារពេលថ្ងៃត្រង់សម្រាប់ភ្ញៀវទេសចរផងដែរ។ ការជិះទូកកញ្ជើមួយវគ្គមានពី ៦ ដល់ ៧ គ្រឿង បម្រើភ្ញៀវពី ១៤ ទៅ ១៦ នាក់ ភ្ញៀវ ២ នាក់ជិះទូកមួយ មានតម្លៃ ១០ ម៉ឺនដុង ចំណែកឯអាហារថ្ងៃត្រង់គឺអាស្រ័យលើមុខម្ហូបដែលភ្ញៀវកុម្ម៉ុង់។ ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរនឹងមកកាន់តែច្រើនឡើងៗ រូបខ្ញុំផ្ទាល់និងប្រជាជនសប្បាយរីករាយណាស់ ដោយសារមានប្រាក់ចំណូលប្រចាំថ្ងៃ”។

នៅឃុំ Duy Xinh លោកស្រី Le Thi Thanh Nga បានជួលដីដែលបោះបង់ចោលចំនួន ២ ហិកតា ដើម្បីផលិតស្រូវពណ៌ស្វាយ តាមវិធីសាស្ត្រសរីរាង្គ។ ក្រោយពីប្រមូលផលបានខ្ពស់ៗជាច្រើនរដូវហើយ លោកស្រី Nga បានបន្តពង្រីកផ្ទៃដីដាំស្រូវឡើងដល់ ៥ ហិកតា។ ជារៀងរាល់ឆ្នាំ គ្រឹះស្ថាននេះផ្គត់ផ្គង់ស្រូវអង្ករដល់ទីផ្សារបានជាង ៣០ តោន រួមមានអង្ករពណ៌ស្វាយពាណិជ្ជកម្ម និងផលិត
ផលមួយចំនួនពីអង្ករពិសេសនេះដូចជា៖ ទឹកដោះអង្ករខ្មៅ ស្រាអង្ករខ្មៅ តែអង្ករខ្មៅ។ នៅទីនេះ ជារៀងរាល់ថ្ងៃ ទាក់ទាញភ្ញៀវទេសចរជិត ២០០ នាក់ឱ្យមកទស្សនា។ ភ្ញៀវទេសចរមកទិញផលិតផលអង្ករពណ៌ស្វាយ ហើយសាកពិសោធន៍ដាំស្រូវ រើសបន្លែ និងចម្អិនអាហារដោយខ្លួនឯង ដើម្បីទទួលទាននៅនឹងកន្លែង។ លោកស្រី Le Thi Thanh Nga បានឲ្យដឹងថា៖

“ខ្ញុំចាប់អាជីពធ្វើទេសចរណ៍កសិកម្មចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមានបំណងចង់បង្កើនតម្លៃកសិផលដែលផលិតដោយកសិករផ្ទាល់ខ្លួន។ ការធ្វើកសិកម្មដោយផ្សាភ្ជាប់នឹងទេសចរណ៍នោះ គឺជាគន្លឹះដើម្បីនាំចេញកសិផលនៅនឹងកន្លែង។ ផលិតផលនេះត្រូវបាននាំចេញទៅប្រទេសផ្សេងៗ។ នេះជាគំរូដ៏មានប្រសិទ្ធភាពមួយដែលគួរតែចម្លងឱ្យប្រជាកសិករជាច្រើនធ្វើរួមគ្នា។ បច្ចុប្បន្នមានយុវជនជាច្រើនមកសិក្សានិងទស្សនាគំរូនេះ”។

ប្រជាកសិករនៅស្រុក Duy Xuyen អភិវឌ្ឍន៍អេកូទេសចរណ៍សហគមន៍ - ảnh 2ភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ចំពោះបទពិសោធន៍ទេសចរណ៍នៅភូមិ Tra Nhieu។ (រូបថត៖ VOV)

បច្ចុប្បន្នស្រុក Duy Xuyen មានប្រជាជនចំនួន ២៥ គ្រួសារដែលវិនិយោគលើវិស័យទេសចរណ៍កសិកម្ម និងអេកូទេសចរណ៍ រួមចំណែកបង្កើតការងារជូនកម្មករជាច្រើន ហើយនាំមកនូវប្រភពចំណូលគួរឲ្យកត់សម្គាល់ដល់ប្រជាជន។ លោក Phan Xuan Canh ប្រធានគណៈកម្មាធិការប្រជាជនស្រុក Duy Xuyen ខេត្ត Quang Nam បានឲ្យដឹងថា មូលដ្ឋានមានគោលនយោបាយជាច្រើនដើម្បីគាំទ្រប្រជាជនក្នុងការធ្វើទេសចរណ៍ បណ្តុះបណ្តាលជំនាញបម្រើភ្ញៀវ ហើយនាំប្រជាជនទៅទស្សនា និងសិក្សានៅតាមមូលដ្ឋានផ្សេងទៀត៖

“មូលដ្ឋានដទៃទៀតក៏ជំរុញខ្លាំងនូវការផលិតកម្មកសិកម្មដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍសេវាកម្មទេសចរណ៍ ដើម្បីបង្កើនតម្លៃ និងប្រាក់ចំណេញសម្រាប់ប្រជាកសិករតាមរយៈតំបន់អេកូទេសចរណ៍នៅក្នុងសហគមន៍។ ឧទាហរណ៍ ភូមិស្លា Tra Dong ដែលជាគំរូដាំដើមឈើហូបផ្លែ បង្កើតគោលដៅទេសចរណ៍ដោយផ្សាភ្ជាប់ជាមួយនឹងការធ្វើផលិតកម្មកសិកម្ម។ គំរូទាំងនេះ ដំបូងឡើយបានបង្កើតផលិតផលថ្មី រួមចំណែកបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន”។

វាយតំលៃពីការអភិវឌ្ឍអេកូទេសចរណ៍នៅស្រុក Duy Xuyen លោក Ho Quang Buu អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា៖ គំរូទាំងនេះបានរួមចំណែកធ្វើពិពិធកម្មនូវផលិតផលទេសចរណ៍ អភិវឌ្ឍន៍សេដ្ឋកិច្ច ផ្សារភ្ជាប់ការអភិវឌ្ឍទេសចរណ៍ជាមួយវប្បធម៌។

“ទេសចរណ៍សហគមន៍ ទេសចរណ៍អេកូឡូស៊ី ទេសចរណ៍គ្រួសារ ទាំងនេះគឺជាគំរូមួយចំនួនដែលយើងខ្ញុំឃើញថា នៅពេលដែលទេសចរណ៍ត្រូវបានស្ដារឡើងវិញ ចំនួនភ្ញៀវគឺច្រើនណាស់។ យើងខ្ញុំមានគោលនយោបាយមួយចំនួនដើម្បីទាក់ទាញការវិនិយោគពីអង្គភាពអាជីវកម្ម ទីមួយគឺកាត់បន្ថយបែបបទរដ្ឋបាល ជួយឱ្យអង្គភាពអាជីវកម្មកាន់តែងាយស្រួលក្នុងការចូលដំណើរការ។ ទី២ គឺការប្រគល់ផ្ទៃដីដល់វិនិយោគិន បង្កើតលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធអំណោយផល និងការតភ្ជាប់រវាងតំបន់ទំនាប និងតំបន់ភ្នំ”។

ប្រជាកសិករនៅស្រុក Duy Xuyen ឥឡូវនេះជាផលិតករផង និងជាមគ្គុទ្ទេសក៍ទេសចរណ៍បម្រើភ្ញៀវទេសចរមកពីគ្រប់ទិសទីផង។ ដើម្បីឱ្យទេសចរណ៍ជនបទមានការអភិវឌ្ឍបន្ថែមទៀត ក្រៅពីការជួយឧបត្ថម្ភ គាំទ្ររបស់អាជ្ញាធរមូលដ្ឋាន ... ប្រជាកសិករ កំពុងកែលម្អផលិតផល មធ្យោបាយទាក់ទាញភ្ញៀវទេសចរ និងលើកកំពស់គុណភាពសេវាកម្មពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើអោយ Duy Xuyen ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ