នៅខែធ្នូឆ្នាំ ២០០០ មហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូជារៀងរាល់ឆ្នាំជាទិវាជនចំណាកស្រុកអន្តរជាតិ (IDM) ដើម្បីផ្សព្វផ្សាយសារនៃ "អនុសញ្ញាអន្តរជាតិស្តីពីការការពារសិទ្ធិរបស់ពលករចំណាកស្រុកទាំងអស់និងក្រុមគ្រួសារ" ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩០។
ផ្ទាំងគំនូរពណ៌ប្រផេះនៃការធ្វើចំណាកស្រុក
នៅក្នុង "របាយការណ៍ចំណាកស្រុកសកលឆ្នាំ ២០២៤" កាលពីខែកក្កដាឆ្នាំនេះ អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថា នៅឆ្នាំ ២០២០ មានជនចំណាកស្រុកប្រមាណ ២៨១ លាននាក់នៅលើពិភពលោក ពោលគឺ ១២៨ លាននាក់ច្រើនជាងឆ្នាំ ១៩៩០ និងច្រើនជាងបីដងបើធៀបនឹងតួលេខប៉ាន់ប្រមាណក្នុងឆ្នាំ ១៩៧០។ ប្រការនេះបង្ហាញថា ការធ្វើចំណាកស្រុកនៅតែជានិន្នាការចម្បងនៃចលនាប្រជាជនពិភពលោក ទោះបីជាបិរមាណជនចំណាកស្រុកស្មើរនឹង ៣,៦% នៃចំនួនប្រជាជនពិភពលោកឆ្នាំ ២០២០តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ មានសញ្ញាវិជ្ជមានមួយចំនួនអំពីស្ថានភាពចំណាកស្រុកសកល ជាពិសេសក្នុងប្រទេសស៊ីរី ដែលជាចំណុចក្តៅនៃការធ្វើចំណាកស្រុកនិងជនភៀសខ្លួនអស់រយៈពេលមួយទសវត្សរ៍កន្លងមក។ បន្ទាប់ពីកងកម្លាំង Hayat Tahrir al-Sham (HTS) បានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Bashar Al-Assad និងឡើងកាន់អំណាច ជនភៀសខ្លួនស៊ីរីមួយចំនួនធំត្រូវបានរំពឹងថានឹងត្រឡប់មកវិញ។ យោងតាមលោកស្រី Rema Jamous Imseis នាយកទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង បានឲ្យដឹងថា ប្រជាជនស៊ីរីប្រហែល ១ លាននាក់នឹងត្រឡប់ទៅស្រុកកំណើតវិញក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៥ ដោយកាត់បន្ថយសម្ពាធជនភៀសខ្លួន លើប្រទេសជាច្រើន ជាពិសេសប្រទេសទួរគី ដែលបានទទួលជនភៀសខ្លួនស៊ីរីចំនួន ៣លាននាក់ ចាប់តាំងពីឆ្នាំ ២០១១មក។
កោតសរសើរការរួមចំណែករបស់ជនចំណាកស្រុក
នៅក្នុងសារមួយនាទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំនេះ IOM បន្តព្រមានពីការកើនឡើងនៃបញ្ហាមនុស្សធម៌ទាក់ទងនឹងការធ្វើចំណាកស្រុកជាសកល ជាពិសេសការកើនឡើងនៃចំនួនអ្នកស្លាប់នៅពេលធ្វើចំណាក់ស្រុក។ IOM ក៏បានសង្កត់ធ្ងន់លើទិដ្ឋភាពមួយទៀតនៃបញ្ហាចំណាកស្រុក នោះគឺ៖ ការរួមចំណែកផ្នែកសេដ្ឋកិច្ចដែលកំពុងកើនឡើងនៃសហគមន៍ជនចំណាកស្រុករបស់ពិភពលោកទៅកាន់បណ្តាប្រទេស។ យោងតាមតួលេខរបស់ IOM បរិមាណនៃការផ្ទេរប្រាក់ពីបរទេសដែលជនចំណាកស្រុកចូលរួមចំណែកដល់ប្រទេសដើមកំណើត និងក្រុមគ្រួសាររបស់ពួកគេបានកើនឡើង ៧ ដងក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ពីកម្រិត ១២៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០ ឡើងដល់ ៨៣១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ចំនួនទឹកប្រាក់ទាំងនេះ គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់មួយ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាច្រើន ជាពិសេស៖ ឥណ្ឌា (១១១ ពាន់លានដុល្លារ) ម៉ិកស៊ិក (៦១ ពាន់លានដុល្លារ) ឬហ្វីលីពីន (៣៨ ពាន់លានដុល្លារ)។
ដើម្បីរំលេចការរួមចំណែកទាំងនេះរបស់សហគមន៍ជនចំណាកស្រុកពិភពលោក អង្គការសហប្រជាជាតិបានជ្រើសរើសប្រធានបទនៃទិវាជនចំណាកស្រុកអន្តរជាតិឆ្នាំនេះថា "លើកសរសើរការរួមចំណែក និងការគោរពសិទ្ធិរបស់ជនចំណាកស្រុក"។ អគ្គនាយករង ទទួលបន្ទុកកម្មវិធីសកម្មភាពរបស់ IOM លោក Ugochi Daniels បានឲ្យដឹងថា ៖ "នៅក្នុងពិភពលោកដែលយើងកំពុងជួបប្រទះនឹងវិបត្តិមិនចេះចប់ IOM ជឿជាក់យ៉ាងមុតមាំថា ការដោះស្រាយការធ្វើចំណាកស្រុកដោយភាពបត់បែនគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរបស់ប្រទេសទាំងអស់"។
ដើម្បីការពារសិទ្ធិរបស់ជនចំណាកស្រុក និងជួយប្រទេសនានាឱ្យប្រើប្រាស់បានល្អបំផុតនូវការរួមចំណែកសេដ្ឋកិច្ចសង្គមរបស់ជនចំណាកស្រុក IOM ប្រកាសសារអំពាវនាវជាសកលឆ្នាំ ២០២៥ ដើម្បីកៀរគរការរួមចំណែកផ្នែកហិរញ្ញវត្ថុ សម្រាប់បម្រើដល់គោលដៅអនុវត្តន៍ផែនការសកម្មភាពនៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ១៧០ ជួយឧបត្ថម្ភជនចំណាកស្រុកយ៉ាងហោចណាស់ ១០០ លាននាក់នៅជុំវិញពិភពលោក។ ក្នុងទ្រង់ទ្រាយធំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៥ ខែធ្នូក៏បានអំពាវនាវឱ្យបណ្តាប្រទេសអនុវត្តន៍ការសន្យារបស់ខ្លួនឱ្យបានពេញលេញនៅក្នុងកិច្ចព្រមព្រៀងសកលស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងមានបទប្បញ្ញត្តិ (GCSORM) ដែលអនុម័តដោយអង្គការសហប្រជាជាតិកាលពី ៦ ឆ្នាំមុន។ យោងតាមប្រមុខអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងនេះបានផ្តល់ដំណោះស្រាយជាក់លាក់ដើម្បីការពារអាយុជីវិត និងសិទ្ធិរបស់ជនចំណាកស្រុក ទន្ទឹមនឹងនោះ កសាងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ ដើម្បីកៀរគរការរួមចំណែកប្រកបដោយប្រសិទ្ធភាពរបស់ជនចំណាកស្រុកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទទួលនីមួយៗ និងសហគមន៍នីមួយៗ ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
