នាថ្ងៃទី ១៩ ខែធ្នូ គណៈប្រតិភូការទូតជាន់ខ្ពស់របស់អាមេរិក ដឹកនាំដោយឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាលោក Barbara Leaf មានវត្តមាននៅរដ្ឋធានី Damascus របស់ស៊ីរី ក្រោយរយៈពេលជាង ១៣ ឆ្នាំ ដើម្បីពិភាក្សាអំពីអនាគតទំនាក់ទំនងជាមួយកងកម្លាំងកាន់អំណាចថ្មីនៅស៊ីរី។ ព្រឹត្តិការណ៍នេះគូសសញ្ញានៃការចាប់ផ្តើមនៃស្ថានការណ៍នយោបាយថ្មីមួយនៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមអស់រយៈពេលជាងមួយទសវត្សរ៍។
សញ្ញាការទូតវិជ្ជមាន
នៅក្នុងសេចក្តីប្រកាសមួយដែលបានចេញផ្សាយ បន្ទាប់ពីការពិភាក្សាលើកដំបូងជាមួយមេដឹកនាំរបស់ Hayat Tahrir al-Sham (HTS) ជាក្រុមអ៊ីស្លាមនិយមដែលដឹកនាំកងកម្លាំងដែលកំពុងកាន់អំណាច នៅក្នុងប្រទេសស៊ីរីមក បេសកកម្មការទូតរបស់សហរដ្ឋអាមេរិកបានផ្ញើសារជាវិជ្ជមានមួយឲ្យដឹងថា HTS ប្តេជ្ញាមិនអនុញ្ញាតឲ្យក្រុមភេរវករបង្កការគម្រាមកំហែងទាំងក្នុងនិងក្រៅប្រទេសស៊ីរី រួមទាំងជាមួយសហរដ្ឋអាមេរិក និងដៃគូក្នុងតំបន់ ក៏ដូចជាកម្លាំងកាន់អំណាចថ្មីនៅក្នុងប្រទេសស៊ីរី ដែលត្រៀមខ្លួនជាស្រេចក្នុងការកសាងទំនាក់ទំនងសន្តិភាពជាមួយអាមេរិក។ បន្ទាប់ពីកិច្ចប្រជុំនេះ ភាគីអាមេរិកក៏បានលុបចោលជាផ្លូវការនូវរង្វាន់ចំនួន ១០ លានដុល្លារសម្រាប់ការចាប់ខ្លួនលោក Ahmed Al-Sharaa មេដឹកនាំ HTS។
ទង់ជាតិកាតាត្រូវបានលើកឡើងនៅស្ថានទូតកាតាក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី២១ ខែធ្នូ (រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ) |
កាយវិការជាវិជ្ជមានពីភាគីអាមេរិកបានត្រួសត្រាយផ្លូវសម្រាប់សកម្មភាពការទូតជាបន្តបន្ទាប់របស់ប្រទេសជាច្រើនទៀត។ ពោលគឺ នៅថ្ងៃទី ២១ ខែធ្នូ ប្រទេសកាតាបានប្រកាសបើកស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានី Damascus ឡើងវិញ បន្ទាប់ពីបិទអស់រយៈពេល ១៣ ឆ្នាំ។ ប្រទេសអារ៉ាប់ដូចជា អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី... ក៏បានបញ្ជូនគណៈប្រតិភូការទូតមកកាន់ស៊ីរីដែរ។ ទួរគី ជាប្រទេសដែលដើរតួនាទីឈានមុខគេក្នុងព្រឹត្តិការណ៍នយោបាយថ្មីៗ នៅក្នុងប្រទេសស៊ីរី ភ្លាមៗនោះ ក៏បានបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរីឡើងវិញនៅថ្ងៃទី ១៤ ខែធ្នូ ហើយបានធ្វើការសន្យាគាំទ្រជាបន្តបន្ទាប់សម្រាប់រដ្ឋាភិបាលថ្មីនៅក្នុងប្រទេសស៊ីរីទាំងផ្នែកការទូតនិងផ្នែកយោធា។ សូម្បីតែប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលដែលដួលរលំរបស់លោក Bashar Al-Assad នាពេលថ្មីៗនេះ ក៏ប្រកាសគាំទ្រចំពោះការស្ថាបនាបរិយាកាសសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសស៊ីរី ជាមួយនឹងសិទ្ធិប្រជាធិបតេយ្យដែលត្រូវបានធានា។ យោងតាមអ្នកសង្កេតការណ៍ បម្រែបម្រួលនយោបាយដែលមិននឹកស្មានដល់នាពេលថ្មីៗនេះ កំពុងបង្ខំឱ្យប្រទេសក្នុងតំបន់ ក៏ដូចជាមហាអំណាចនៅក្រៅតំបន់ ប្រកួតប្រជែងដណ្តើមឥទ្ធិពលនៅក្នុងប្រទេសស៊ីរី។ អ្នកជំនាញនៃកម្មវិធីមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងនៃ Chatham House (ចក្រភពអង់គ្លេស) លោក Bader Al-Saif បានវាយតម្លៃថា៖ “ផ្លូវទៅកាន់អនាគតរបស់ស៊ីរី ជារឿយៗ ត្រូវបានវាយតម្លៃថា ឬមានភាពវឹកវរ អស្ថិតស្ថេរ ឬពោរពេញដោយភាពរលូន និងដំណឹងល្អដែរ។ ខ្ញុំគិតថា មតិទាំងពីរនេះមិនត្រឹមត្រូវទេ។ អនាគតរបស់ស៊ីរីនឹងក្លាយជាការលាយបញ្ចូលគ្នារវាងមតិទាំងពីរនេះ ហើយយើងត្រូវដឹងថា អ្វីៗនៅពេលនេះកំពុងដំណើរការតែប៉ុណ្ណោះ”។
Ahmed Al-Sharaa មេដឹកនាំក្រុម Hayat Tahrir al-Sham (HTS) (រូបថត៖ PSB) |
ទស្សនៈនេះក៏ជាសំណើដែលលើកឡើងដោយមេដឹកនាំ HTS លោក Ahmed Al-Sharaa ក្នុងជំនួបលើកដំបូងជាមួយតំណាងការទូតបណ្តាប្រទេស។ យោងតាមមេដឹកនាំថ្មីរបស់ស៊ីរី ដំណើរការសន្តិភាពថ្មីនៅស៊ីរី ដំបូងបង្អស់គឺត្រូវសម្រេចដោយប្រជាជនស៊ីរីខ្លួនឯងទៀតសោត។
“ប្រការដែលសំខាន់បំផុតនោះគឺថា មហាអំណាចចាំបាច់ត្រូវយល់ព្រមលើគោលការណ៍រួមទាក់ទងនឹងស៊ីរី។ ទីមួយ គឺមានឯករាជ្យ ក្នុងការចេញសេចក្តីសម្រេចចិត្តរបស់ស៊ីរីនិងឯកភាពទឹកដី និងស្ថិរភាពសន្តិសុខ។ បន្ទាប់មកគឺការជួយស៊ីរីដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមដែលប្រជាជនស៊ីរីកំពុងជួបប្រទះ”។
បញ្ហាមនុស្សធម៌
យ៉ាងណាមិញ ការធ្វើមាតុភូមិនិវត្តន៍របស់ប្រជាជនស៊ីរីរាប់លាននាក់ក៏នឹងបង្កបញ្ហាប្រឈមផ្នែកមនុស្សធម៌ដ៏ធំផងដែរ ពីព្រោះបន្ទាប់ពីជាងមួយទសវត្សរ៍ធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងជម្លោះមក សេដ្ឋកិច្ចរបស់ប្រទេសស៊ីរីបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពដុនដាប់ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងធំៗជាច្រើនដូចជា អាឡិបប៉ូ ហាម៉ា ហូម... រងការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ដូច្នេះហើយ ការទទួលយកជនមាតុភូមិនិវត្តន៍រាប់លាននាក់ភ្លាមៗ អាចបង្កើតឡើងអង្រែកសេដ្ឋកិច្ចសង្គមដ៏លើសលប់ សម្រាប់រដ្ឋាភិបាលថ្មីនៅស៊ីរី និងគំរាមកំហែងដល់ដំណើរការសន្តិភាពដ៏ផុយស្រួយនៅក្នុងប្រទេសនេះ។ អគ្គនាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) លោកស្រី Amy Pope មានប្រសាសន៍ថា៖ “អ្វីៗ ដែលយើងកំពុងមើលឃើញនៅលើស្ថានភាពជាក់ស្តែង គឺការវិលត្រឡប់មកវិញនៃជនភៀសខ្លួនដែលមានចំនួនច្រើនពេក ក្នុងបរិបទដែលស្ថានភាពកំពុងផុយស្រួយពេក។ ប្រការនេះអាចផ្ទុកលើសទម្ងន់លើស៊ីរី និងបង្កើតផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតលើដំណើរការសន្តិភាពដែលនៅតែខ្សោយខ្លាំងនៅទីនេះ”។
ជនភៀសខ្លួនស៊ីរីបានធ្វើមាតុភូមិនិវត្តន៍នៅច្រកព្រំដែន Cilvegozu, Reyhanli, ខេត្ត Hatay ប្រទេសទួរគី នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN) |
ដើម្បីដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ជាបន្ទាន់ដែលកំពុងប្រឈមមុខនឹងប្រទេសស៊ីរី គណៈកម្មការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិស្តីពីស៊ីរី (UNCIS) កាលពីសប្តាហ៍មុនបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយដោយស្នើឱ្យសហគមន៍អន្តរជាតិដកទណ្ឌកម្មប្រឆាំងនឹងប្រទេសស៊ីរីដើម្បី ជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់មនុស្សរាប់លាននាក់ដែលត្រូវការជំនួយ។ យោងតាមប្រធាន UNCIS លោក Paulo Sérgio Pinheiro ការដាក់ទណ្ឌកម្មនាពេលបច្ចុប្បន្នកំពុងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងប្រទេសស៊ីរី។ លោកបញ្ជាក់ថា ការដកទណ្ឌកម្មមួយផ្នែកនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការស្ថាបនាប្រទេសឡើងវិញ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



