ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើកាណាលផ្សេងៗគ្នា ដូចជា៖ បក្ស នគរបាល យុត្តិធម៌ សេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការគយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជីវភាពរស់នៅរបស់ប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ប្រព័ន្ធផ្សព្វផ្សាយនិងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានចាប់ផ្តើម «ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ២០២៦-២០២៧»។ល។
ឯកភាពគ្នារក្សានិងបង្កើនទំនាក់ទំនងវៀតណាម-ចិន
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមបានអញ្ជើញជួបពិភាក្សា និងជួបសវនាការជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន រួមមានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង; លោកនាយករដ្ឋមន្ត្រី លី ឈាំង; និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
ភាគីទាំងពីរបានឯកភាពគ្នារក្សា និងបង្កើនប្រពៃណីដ៏ល្អប្រសលើរនៃការផ្លាស់ប្តូរកម្រិតខ្ពស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ដោយផ្លាស់ប្តូរទស្សនៈយ៉ាងទាន់ពេលវេលាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានភាពអន្តរជាតិ និងតំបន់ ការតម្រង់ទិសនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិនក្នុងយុគសម័យថ្មី ដើម្បីអភិវឌ្ឍប្រកបដោយតម្លាភាព និងស្ថិរភាពពីទស្សនៈយុទ្ធសាស្ត្រ និងចក្ខុវិស័យរយៈពេលវែង។
ភាគីទាំងពីរបានយល់ព្រមបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់ និងការផ្លាស់ប្តូរផ្សេងទៀតរវាងកងទ័ពនៃប្រទេសទាំងពីរ; ពង្រីកតួនាទីនៃយន្តការល្បាតរួមគ្នានៅឈូងសមុទ្រខាងជើង អនុវត្តរាល់សកម្មភាពល្បាតរួមប្រកបដោយប្រសិទ្ធភាពនៅឈូងសមុទ្រខាងជើង; ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសន្តិសុខពហុភាគីនិងរួមគ្នាជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
វៀតណាម និងចិនក៏បានឯកភាព អនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងវិស័យថាមពលថ្មី បង្កើនការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យាថាមពលកកើតឡើងវិញ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដូចជាសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍបៃតង។ សាស្ត្រាចារ្យ Cui Shoujun មកពីសាកលវិទ្យាល័យ ប្រជាជនចិន បានចាត់ទុកថា៖ «ប្រទេសចិនមានប្រៀបខ្លាំងនៅក្នុងឧស្សាហកម្មយុទ្ធសាស្ត្រដែលទើបលេចចេញ ដូចជាថាមពលថ្មី ថាមពលពន្លឺព្រះអាទិត្យ ការស្តុកទុកថាមពល និងការផលិតអគ្គិសនី។ ខណៈពេលដែលប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលពន្លឿ នឧស្សាហូបនីយកម្ម។ ដូច្នេះហើយ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការចិន-វៀតណាម»។
ភាគីទាំងពីរបានយល់ព្រម រួមគ្នារក្សាពាណិជ្ជកម្ម វិនិយោគដោយសេរី និងបើកចំហ កសាងខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ប្រកបដោយសុវត្ថិភាពនិងស្ថិរភាព បង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការអំពីខ្សែសង្វាក់ផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់។ លើកទឹកចិត្ត និងគាំទ្រសហគ្រាសដែលមានសមត្ថភាព និងមានកិត្យានុភាពប្រទេសទាំងពីរ ឱ្យវិនិយោគនៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក។ បង្កើតបរិយាកាសអាជីវកម្មប្រកបដោយយុត្តិធម៌ រលូន និងមានតម្លាភាពសម្រាប់សហគ្រាស។ ស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានគុណភាពខ្ពស់។
សារកំណត់រូបរាងអនាគត
វៀតណាម និងចិនបានឯកភាពគ្នា នាំកិច្ចសហប្រតិបត្តិការខាងផ្លូវដែកឱ្យក្លាយជាចំណុចលេចធ្លោថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ ដូច្នេះហើយ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចសម្រាប់សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យប្រាក់កម្ចី បច្ចេកវិទ្យា ការបណ្តុះបណ្តាល និងសមត្ថភាពឧស្សាហកម្មក្នុងវិស័យផ្លូវដែក និងដឹកនាំសហគ្រាសដែលមានសមត្ថភាពឱ្យចូលរួមក្នុងការសាងសង់ផ្លូវដែក។ វៀតណាម និងចិននឹងអភិវឌ្ឍការដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិតាមផ្លូវដែក ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់នីតិវិធីចូលនិងចេញពីព្រំដែនសម្រាប់អ្នកដំណើរ។
ចំណុចលេចធ្លោមួយនៃរបៀបវារៈរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គឺដំណើរទៅទស្សនាសាកលវិទ្យាល័យ ស៊ីងហួ ជាកន្លែងបណ្តុះបណ្តាលអ្នកមានទេពកោសល្យឈានមុខគេនៅលើពិភពលោក។ នៅទីនេះ សារនៃកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ និងការផ្លាស់ប្តូរឌីជីថលត្រូវបានសង្កត់ធ្ងន់ជាអាទិភាពកំពូលមួយ។ ការជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំដ៏មានកិត្យានុភាពរបស់ចិនក្នុងវិស័យដូចជា៖ បញ្ញាសិប្បនិម្មិត ស៊ីមីកុងដុកទ័រ និងសេដ្ឋកិច្ចឌីជីថល គឺជាជំហានជាក់ស្តែងមួយឆ្ពោះទៅរកការបង្រួមគម្លាតកម្រិតចំណេះដឹង ដោយទទួលយកនូវបទពិសោធន៍ល្អក្នុងការគ្រប់គ្រង និងការស្រាវជ្រាវវិទ្យាសាស្ត្រអនុវត្ត និងអភិវឌ្ឍន៍ជំនាន់អ្នកស្នងតំណែងដែលមានសមត្ថភាពជួយវៀតណាមបោះជំហានទៅមុខយ៉ាងខ្លាំងនៅក្នុងខ្សែចង្វាក់តម្លៃសកល។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានគូសសញ្ញាសម្គាល់នៃការចាប់ផ្តើមថ្មីមួយ ក្នុងទំនាក់ទំនងទ្វេភាគី។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ បង្ហាញពីការយកចិត្តទុកដាក់កំពូល និងការប្តេជ្ញាចិត្តខ្ពស់របស់ភាគីទាំងពីរ ក្នុងការអភិវឌ្ឍទំនាក់ទំនង «ជាសមមិត្តផង និងជាបងប្អូនផង» ឱ្យកាន់តែនិរន្តរភាព ស្ថិរភាព និងជាក់ស្តែងជាង នាពេលខាងមុខ៕
