កាលពីថ្ងៃទី ១ ខែមេសា នៅក្នុងសេចក្តី​ថ្លែងការណ៍តាមទូរទស្សន៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្កការ​ណាតូ ដែលជាសម្ព័ន្ធមិត្តយោធាដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩មក ដែលសហរដ្ឋអាមេរិកដើរតួនាទីនាំមុខគេនិង​មិនអាចជំនួសបាន។

ពីការខកចិត្តទៅជាកំហឹង

ការគំរាមកំហែងដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ បានកើនឡើងស្របតាមស្ថានភាព​ជម្លោះនៅមជ្ឈិមបូព៌ា ខណៈដែលរដ្ឋបាលសហរដ្ឋអាមេរិកបានជួបប្រទះនឹង​ប្រតិកម្មដែលមិនចង់បានម្តងហើយម្តងទៀតពីសម្ព័ន្ធមិត្ត ណាតូនៅអឺរ៉ុប។ ក្នុង​ដំណាក់កាលដំបូងនៃជម្លោះ គ្មានសមាជិកណាតូណាមួយ​បានបង្ហាញ​ការគាំទ្រជាសាធារណៈ ចំពោះយុទ្ធនាការយោធារវាងអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ បន្ទាប់មក នៅពេលដែលអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ការអំពាវនាវរបស់លោក​ ដូណាល ត្រាំ ឲ្យបង្កើតសម្ព័ន្ធភាពមួយដើម្បី «រំដោះ» Hormuz ទទួលបានការឆ្លើយតបដោយភាពស្ងៀមស្ងាត់ និងប្រុងប្រយ័ត្នពីសម្ព័ន្ធមិត្ត​ផងដែរ​​។ ភាពតានតឹងបានកើនឡើងនៅពេលដែលប្រទេសមួយចំនួន ដូចជាអេស្ប៉ាញ អ៊ីតាលី និងបារាំង បាន​រារាំងសហរដ្ឋអាមេរិកពីការប្រើប្រាស់មូលដ្ឋានយោធា​នៅក្នុង​ទឹក​ដីរបស់ខ្លួន ដើម្បីវាយប្រហារលើ​អ៊ីរ៉ង់ ហើយ​មិនអនុញ្ញាតិឲ្យ​យន្តហោះយោធាអាមេរិក ហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួនផងដែរ​។ ចំពោះអាមេរិក ការខកចិត្តបានក្លាយទៅជាកំហឹង។ ពីការរិះគន់លើ​ការក្រអឹមគ្រអៀមរបស់សម្ព័ន្ធមិត្ត លោក ប្រធានាធិបតី ដូណាល ត្រាំ បានហៅអង្គការណាតូ ជា «ខ្លាក្រដាស» ហើយ បានបាន​គំរាមកំហែងដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពយោធានេះ​។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានប្រកាសថា សហរដ្ឋអាមេរិកត្រូវការ​ពិចារណាឡើងវិញ​នូវតម្លៃរបស់អង្គការ​ណាតូ។​

“ខ្ញុំគិតថា បន្ទាប់ពីជម្លោះបាន​បញ្ចប់ យើងត្រូវការពិចារណាឡើងវិញអំពីទំនាក់ទំនងនេះ។ យើងនឹងវាយតម្លៃឡើងវិញអំពីតម្លៃរបស់ណាតូ និងសម្ព័ន្ធភាពនេះ ចំពោះសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ការសម្រេចចិត្តចុងក្រោយគឺអាស្រ័យលើលោក​ប្រធានាធិបតី (ដូណាល់ ត្រាំ) ប៉ុន្តែខ្ញុំគិតថា យើងត្រូវការ​ពិចារណាថា តើអង្គការ​ណាតូនៅតែបម្រើផលប្រយោជន៍របស់អាមេរិកបានយ៉ាង​ល្អឬអត់ ឬនេះគ្រាន់តែជាទំនាក់ទំនងឯកតោភាគី ឃណៈពេល​ដែលអាមេរិកការពារអឺរ៉ុប ប៉ុន្តែនៅពេលដែលយើងត្រូវការជំនួយពីសម្ព័ន្ធមិត្ត ពួកគេបដិសេធមិនអនុញ្ញាតឱ្យយើងប្រើប្រាស់មូលដ្ឋាន​យោធា ឬហោះហើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ”។

លោក Charles Kuplan សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Georgetown (អាមេរិក) ជឿជាក់ថា កំហឹងនា​បច្ចុប្បន្ន រួមជាមួយនឹងការ​ខ្វែងគំនិតគ្នាវាងអាមេរិកនិងអឺរ៉ុប​នាពេល​ថ្មីៗនេះ ទាក់​ទងនឹង​បញ្ហាជាច្រើន (Greenland ពាណិជ្ជកម្ម ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ល។) អាចជំរុញឱ្យសហរដ្ឋអាមេរិកដកមូលដ្ឋានយោធារបស់ខ្លួន (នៅអាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ​) និងកាត់បន្ថយការសន្យាផ្នែក​សន្តិសុខចំពោះអឺរ៉ុប លឿនជាងការរំពឹងទុក​។

“មេរៀន” ក្នុងការឆ្លើយតបពីអឺរ៉ុប

នៅចំពោះមុខកំហឹង និងការ​គំរាមកំហែងពីសហរដ្ឋអាមេរិក សមាជិកណាតូភាគច្រើននៅអឺរ៉ុប បានជ្រើសរើសការឆ្លើយតបដោយប្រុងប្រយ័ត្ន។ មេដឹកនាំនៃចក្រភពអង់គ្លេស ហ្វាំងឡង់ ប៉ូឡូញ និងប្រទេសដទៃទៀតជឿជាក់ថា អង្គការណាតូមិនត្រឹមតែជាសសរស្តម្ភនៃសន្តិសុខប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់លោកខាងលិច ដែលស្ថិតនៅក្នុងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកផ្ទាល់ ជាពិសេស​ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ «មេរៀន» ពីការឆ្លើយតបទៅនឹងអាកប្បកិរិយាមិនតាម​គន្លងរបស់ប្រធានាធិបតីអាមេរិកនៅក្នុងឧប្បត្តិហេតុជាច្រើន បានជួយអឺរ៉ុបរក្សាភាពស្ងប់ស្ងាត់និងភាពអត់ធ្មត់នៅចំពោះមុខការគំរាមកំហែងពីទីក្រុងវ៉ាស៊ីនតោន​។

យោងតាមលោកស្រី Camille Grand អតីតអគ្គលេខាធិការរងនៃអង្គការណាតូ បណ្តា​ប្រទេស​សមាជិកណាតូ​នៅ​អឺរ៉ុបប្រកាន់ខ្ជាប់​នូវទស្សនៈថា អង្គការណាតូគឺជាប្លុកយោធា​​ដើម្បីការពារ។ ដូច្នេះហើយ​ ពួកគេមិន​គាំទ្រយុទ្ធនាការយោធារបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលស្ថិតនៅខាងក្រៅតំបន់ភូមិសាស្ត្រ​របស់អង្គការណាតូនោះទេ។ ចែករំលែកទស្សនៈនេះ អនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃ​ក្រសួងការពារជាតិបារាំង​ លោក ស្រី Alice Rufo បាន​និយាយ​ថា៖ «មាត្រាលេខ៥នៃសន្ធិសញ្ញាណាតូ ការពារមនុស្សគ្រប់គ្នា មិនមែនថា​មនុស្សម្នាក់ការពារមនុស្សម្នាក់ទៀតនោះ​ទេ។ ពោល​គឺជាការការពាររួម និងការគំរាម​កំហែងរួម។ ខ្ញុំចង់បញ្ជាក់ម្តងទៀតថា ណាតូគឺជាសម្ព័ន្ធ​ភាពយោធាដែលទទួលខុសបញ្ហាសន្តិសុខនៅក្នុងតំបន់អឺរ៉ូប​-អាត្លង់ទិក មិនមែនសម្រាប់ការធ្វើប្រតិបត្តិការនៅច្រកសមុទ្រហ័រមូស ជាប្រការ​ដែលមិន​ស្របនឹងច្បាប់អន្តរជាតិទេ»​​។

​ច្ចុប្បន្ន បញ្ហាបចម្បង​សម្រាប់អឺរ៉ុបគឺរបៀបឆ្លើយតប ប្រសិនបើការគំរាមកំហែងដកសហរដ្ឋអាមេរិកចាកចេញពីណាតូក្លាយជាការពិត? យោងតាមលោក Rafa Martinez សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Barcelona (អេស្ប៉ាញ) ប្រសិនបើអាមេរិកដកមូលដ្ឋានយោធារបស់ខ្លួនចេញពីអឺរ៉ុបនោះ វានឹងក្លាយជាចំណុចចាប់ផ្តើមនៃទីបញ្ចប់​សម្រាប់​អង្គការ​ណាតូ។ ប៉ុន្តែលោក​សាស្ត្រាចារ្យរូបនេះបានចាត់ទុកថា នេះគឺជាសេណារីយ៉ូដែលមានការ​ចំណាយ​ខ្ពស់សម្រាប់ភាគីទាំងអស់ ដូច្នេះហើយ​អឺរ៉ុបអាចប្រើប្រាស់​កត្តានេះ ដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យផ្លាស់ប្តូរគំនិត ជាអ្វីដែលលោក​ប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញម្តងហើយម្តងទៀតថា លោកនឹងទទួលយកដោយងាយស្រួល ប្រសិនបើផលប្រយោជន៍ត្រូវបានធានា៕​