ឆ្នាំ ២០២៣ បានដិតជាប់ក្នុងប្រវត្តិសាស្ត្រវៀតណាម ដូចឆ្នាំមួយដ៏ជោគជ័យបំផុតក្នុងគោលនយោបាយកិច្ចការបរទេស ហើយនេះគឺជាបុព្វបទដើម្បីឲ្យវៀតណាម ឈានចូលឆ្នាំថ្មី ២០២៤ ជាមួយនឹងការរំពឹងទុកដ៏ធំជាង។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថ្លែងមតិដឹកនាំសន្និសីទការទូតទូទាំងប្រទេសលើកទី ៣២ ឆ្នាំ ២០២៣។
(រូបថត៖ Thuy Nguyen)

ប្រកាន់ខ្ជាប់នូវគោលការណ៍ បត់បែននិងច្នៃប្រឌិត

ក្នុងឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ទៀត អស្ថិរភាព និងភាពមិនប្រាកដប្រជានៃស្ថានភាពអន្តរជាតិ ប្រាកដថា នឹងបន្តកើតមានយ៉ាងស្មុគស្មាញ។ ដូច្នេះ ផ្នែកការទូតបន្តពង្រីកយ៉ាងខ្លាំងក្លានូវអត្តសញ្ញាណ “ការទូតឬស្សីវៀតណាម”។

គោលមាគ៌ា “ការទូតឬស្សីវៀតណាម” ត្រូវបានលើកឡើងជាលើកដំបូងដោយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងសន្និសីទការទូតទូទាំងប្រទេសលើកទី ២៩ ក្នុងឆ្នាំ ២០១៦ ហើយត្រូវបានបង្កើតជារូបរាងនៅក្នុងសន្និសីទការទូតលើកទី ៣២ ឆ្នាំ ២០២៣។ គំនិតដឹកនាំទាំងនេះ គឺជាត្រីវិស័យសម្រាប់ការទូតវៀតណាម ដើម្បីកសាងខឿនការទូតមួយគ្រប់ជ្រុងជ្រោយ ទំនើប និងរឹងមាំ។ លោកអគ្គលេខាបក្ស Nguyen Phu Trong មានប្រសាសន៍ថា៖

“ត្រូវតែមានភាពខ្ជាប់ខ្ជួនលើគោលការណ៍ និងភាពបត់បែនលើយុទ្ធសាស្ត្រជានិច្ច។ គោលការណ៍របស់យើងគឺឯករាជ្យជាតិ និងសង្គមនិយម។ យុទ្ធវិធីរបស់យើងគឺមានភាពចល័ត ការកែសម្រួលប្រកបដោយភាពបត់បែន អាស្រ័យលើបញ្ហានីមួយៗ ពេលវេលានីមួយៗ មុខសញ្ញាឬដៃគូនីមួយៗ ដោយគោរពតាមសតិអារម្មណ៍ធំៗរបស់លោកប្រធានហូជីមិញនោះគឺ៖ "ប្រើអ្វីដែលឥតប្រែប្រួលដើម្បីឆ្លើយតបនឹងអ្វីដែលប្រែប្រួល" "បន្ថែមមិត្ត បន្ថយសត្រូវ" "ត្រៀមខ្លួនជាស្រេចធ្វើជាមិត្តជាមួយប្រទេសប្រជាធិបតេយ្យទាំងអស់ និងមិនបង្កប្រទូស្តរាយជាមួយនរណាម្នាក់"។ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចធ្វើជាមិត្ត ដៃគូដែលអាចទុកចិត្តបាន និងមានការទទួលខុសត្រូវ ជាមួយប្រទេសទាំងអស់ក្នុងសហគមន៍អន្តរជាតិ។ គោលមាគ៌ាកិច្ចការបរទេសដ៏ត្រឹមត្រូវ ការប្រកាន់ខ្ជាប់នូវទង់យុត្តិធម៌ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជាក់លាក់នានា បានបង្កើតឡើងឯកភាពខ្ពស់ និងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល និងការជួយជ្រោមជ្រែង និងគាំទ្រយ៉ាងទូលំទូលាយពីសំណាក់មិត្តភក្តិអន្តរជាតិផងដែរ។”

ដើម្បីអនុវត្តន៍ការដឹកនាំនេះ ភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់បំផុតរបស់ផ្នែកការទូតវៀតណាមក្នុងឆ្នាំ ២០២៤ និងឆ្នាំក្រោយៗ គឺជំរុញខ្លាំងនូវការផ្លាស់ប្ដូរថ្មីការត្រិះរិះលើកិច្ចការបរទេស។ ទន្ទឹមនឹងការដោះស្រាយដោយសុខដុមរមនានូវទំនាក់ទំនងរវាងផលប្រយោជន៍ជាតិ-ជនជាតិ និងកាតព្វកិច្ច ការទទួលខុសត្រូវអន្តរជាតិនោះ ការទូតក៏ចាំបាច់ត្រូវបង្កើន ការងារគ្រប់គ្រងស្ថានការណ៍ ការវិភាគ ព្យាករណ៍ និងធ្វើសេនាធិការទាន់ពេលវេលា បំពេញបន្ថែមនិន្នាការថ្មី និងបញ្ហាដែលទើបកើតឡើង ដើម្បីធ្វើជាក់ស្ដែងភាវូបនីយកម្មនិង អនុវត្តន៍ឱ្យបានល្អនូវគោលដៅដែលបានកំណត់។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា៖

“ជាមួយនឹងឋានៈនិងធនធានថ្មី យើងត្រូវការមានការត្រិះរិះថ្មី ដើម្បីផលប្រយោជន៍ជាតិ-ជនជាតិ។ បើចង់ធ្វើបានដូច្នេះ ត្រូវជំរុញខ្លាំងការងារស្រាវជ្រាវ ការពិគ្រោះយោបល់ និងការព្យាករណ៍យុទ្ធសាស្ត្រលើកិច្ចការបរទេស; រកឃើញបញ្ហាថ្មីៗឲ្យបានឆាប់រហ័ស កំណត់ឱកាស កំណត់ទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសជាតិឲ្យបានត្រឹមត្រូវ និងឆ្លៀតយកនិន្នាការអន្តរជាតិឲ្យបានល្អ ដើម្បីមានគោលជំហរ គោលនយោបាយ និងការបោះជំហានកិច្ចការបរទេសឲ្យបានសមស្រប”។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son។

ពង្រីកជាអតិបរមានូវអត្តសញ្ញាណ "ការទូតឫស្សី" នៅក្នុងស្ថានភាពថ្មី

ក្នុងបរិបទដែលវៀតណាមបានក្លាយជាចំណុចភ្លឺមួយ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនោះ វៀតណាមបន្តប្រកាន់ខ្ជាប់នូវគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្ម ការពារអធិបតេយ្យភាព រក្សាបរិយាកាសសន្តិភាព និងស្ថិរភាព ដែលក្នុងនោះ ផ្នែកការទូតមានសារសំខាន់ជាគន្លឹះ និងដើរតួនាទីឈានមុខគេ។ ទន្ទឹមនឹងនោះ ការទូតលើកកំពស់តួនាទីត្រួសត្រាយផ្លូវ កៀរគរធនធានថ្មីពីខាងក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ឋានៈ កិត្យានុភាពរបស់ប្រទេសជាតិ។ ការទូត ពង្រីកប្រសិទ្ធភាពនូវក្របខណ្ឌទំនាក់ទំនងដែលទើបតែបានបង្កើតនាពេលកន្លងមក អនុវត្តន៍យ៉ាងល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលសម្រេចបាន ព្រមទាំងលើកកំពស់ទំនាក់ទំនងជាមួយដៃគូផ្សេងទៀត ដើម្បីពង្រីកទីផ្សារ ទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ការផ្ទេរបច្ចេកវិទ្យាថ្មី ពង្រីកយ៉ាងខ្លាំងក្លានូវតួនាទី និងឋានៈថ្មីរបស់វៀតណាមក្នុងវេទិកា និងយន្តការពហុភាគីដោយមានសារសំខាន់យុទ្ធសាស្ត្រ។ លោករដ្ឋមន្ត្រី Bui Thanh Son បានបញ្ជាក់យ៉ាងច្បាស់ថា៖

“ការទូតច្បាមជាប់គោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋ ពង្រីកអត្តសញ្ញាណ “ការទូតឬស្សីវៀតណាម” តាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍នៃស្ថានភាពពិភពលោក និង តំបន់ “យល់ពីខ្លួនឯង យល់ពីអ្នកដទៃ” មានភាពបត់បែន និងច្នៃប្រឌិតក្នុងយុទ្ធសាស្ត្រ ដោះស្រាយបញ្ហាកិច្ចការបរទេសតាមបាវចនាថា "ប្រើអ្វីដែលឥតប្រែប្រួលដើម្បីឆ្លើយតបនឹងអ្វីដែលប្រែប្រួល" ពីនោះចាត់វិធានការអនុវត្តសមស្រប ឆ្លៀតយកឱកាស និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបំពេញភារកិច្ចការទូតប្រកបដោយជោគជ័យ”។

នៅក្នុងបរិបទនៃប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែសាហាវរវាងប្រទេសធំៗក្នុងតំបន់និងលើពិភពលោក “ការទូតឬស្សីវៀតណាម” បាននិងកំពុងដំណើរការប្រកបដោយភាពបត់បែន ដើម្បីការពារផលប្រយោជន៍ជាតិយ៉ាងអតិបរមា។ សមិទ្ធិផលក្នុងកិច្ចការបរទេសដែលវៀតណាមសម្រេចបានគឺជាសក្ខីភាពនៃការអភិវឌ្ឍក្នុងការត្រិះរិះនិងការអនុវត្តជាក់ស្ដែងនៃគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមក្នុងយុគសម័យថ្មី៕