ទិដ្ឋភាពកិច្ចប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥។ (រូបថត៖ quochoi.vn) |
លទ្ធផលលេចធ្លោ
របាយការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា សូចនាករសេដ្ឋកិច្ចសង្គមទាំងអស់សុទ្ធតែបង្ហាញភាពវិជ្ជមាន។ សេដ្ឋកិច្ចមានកំណើន។ តាមការប៉ាន់ប្រមាណថា គោលដៅពេញមួយឆ្នាំចំនួន ១៤/១៥ នឹងត្រូវបានសម្រេចឬលើសពីផែនការ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាង
ថា៖
“ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនសេដ្ឋកិច្ចខ្ពស់ជាងគោលដៅដែលបានដាក់ចេញ ហើយតុល្យភាពសំខាន់ៗត្រូវបានធានា។ បំណុលសាធារណៈ បំណុលរដ្ឋាភិបាល បំណុលបរទេសជាតិ និងឱនភាពថវិការដ្ឋត្រូវបានគ្រប់គ្រងបានល្អ ទាបជាងដែនកំណត់ដែលបានអនុញ្ញាត។ កំណើនផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែសម្រេចបាន ៦,៨២%; ពេញមួយឆ្នាំត្រូវបានប៉ាន់ប្រមាណពី ៦,៨ ដល់ ៧% ខ្ពស់ជាងគោលដៅកំណត់ដោយរដ្ឋសភា (៦ - ៦,៥%) ដែលស្ថិតនៅក្នុងក្រុមប្រទេសដែលមានអត្រាកំណើនខ្ពស់ក្នុងតំបន់ និងពិភពលោក និងទទួលបានការវាយតម្លៃខ្ពស់ពីអង្គការអន្តរជាតិធំៗនិងមានកិត្យានុភាពជាច្រើន”។
លើសពីនេះ ការងារសុក្រិតស្ថាប័ននិងច្បាប់ត្រូវបានដឹកនាំយ៉ាងប្ដូរផ្ដាច់។ ការវិនិយោគសាធារណៈត្រូវបានផ្តោតការយកចិត្តទុកដាក់។ ផ្តោតលើការអនុវត្តគម្រោង និងសំណង់សំខាន់ៗជាច្រើន រួមទាំងការសម្រេចរួចរាល់គម្រោងខ្សែបញ្ជូនអគ្គីសនី ៥០០kV សៀគ្វី ៣ Quang Binh - Hung Yen បន្ទាប់ពីការសាងសង់យ៉ាងឆាប់រហ័សត្រឹមតែរយៈពេលជាង ៦ ខែប៉ុណ្ណោះ ហើយកំពុងដាក់ពង្រាយយ៉ាងសកម្មនូវគម្រោងនិងសំណង់អគ្គីសនីសំខាន់ៗជាច្រើនទៀត។ ការទាក់ទាញ FDI គឺជាចំណុចលេចធ្លោមួយ ដោយសម្រេចបានដើមទុនជាក់ស្ដែងចំនួន ១៧,៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៩% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ខណៈដែលការវិនិយោគសកលកំពុងរងការធ្លាក់ចុះ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បង្ហាញរបាយការណ៍របស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤។ |
សុខុមាលភាពសង្គមត្រូវបានធានា។ ដំណោះស្រាយ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពក្នុងស្មារតី "មិនបណ្ដោយឲ្យនរណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ"; អត្រាគ្រួសារក្រីក្របានថយចុះ សន្ទស្សន៍សុភមង្គលបានកើនឡើង ១១ កាំ; ការពារជាតិ និងសន្តិសុខត្រូវបានពង្រឹងនិងពង្រីកលើទិដ្ឋភាពជាច្រើន។ កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិបន្តជាចំណុចភ្លឺ រួមចំណែកបង្កើតបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ពង្រីក និងលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេសជាតិ។ វៀតណាមក៏បានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងលើពិភពលោក ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិផងដែរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នេះជាលទ្ធផលនៃកិច្ចការ៖
“ពង្រឹងស្មារតីនៃមហាសាមគ្គីភាព; សាមគ្គីភាពក្នុងបក្សទាំងមូល សាមគ្គីភាពប្រជាជនទាំងមូល សាមគ្គីភាពជាតិ និងសាមគ្គីភាពអន្តរជាតិ។ អនុវត្តន៍ប្រកបដោយភាពម្ចាស់ការ សកម្ម ខ្លាំងក្លា ប្រសិទ្ធភាព និងភាពច្នៃប្រឌិតនូវគោលការណ៍ណែនាំ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់
រដ្ឋ; ឆ្លើយតបដោយទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះបញ្ហាថ្មីៗ និងលំបាក។ រួមកម្លាំងជាតិជាមួយកម្លាំងនៃសម័យកាល។ យកកម្លាំងផ្ទៃក្នុងជាមូលដ្ឋាន យុទ្ធសាស្ត្រយូរអង្វែង ជាកត្តាសម្រេចកំណត់ ខណៈដែលកម្លាំងខាងក្រៅគឺជាកត្តាដ៏សំខាន់ ចាំបាច់ ជាប្រចាំ និងជារបកគំហើញ។ កម្លាំងកើតចេញពីប្រជាជន។ ប្រជាជនបង្កើតឡើងប្រវត្តិសាស្ត្រ។ យកប្រជាជនជាមជ្ឈភាព កម្មវត្ថុ គោលដៅ និងជាធនធាន ជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍ”។
ផ្ដោតធនធានទាំងអស់ ដើម្បីនាំប្រទេសជាតិស្ទុះឈានទៅមុខ
ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ រដ្ឋាភិបាលប្ដេជ្ញាចិត្តធ្វើសកម្មភាព ខិតខំសម្រេចបាននិងសម្រេចលើសផែនការនូវគោលដៅទាំងអស់ដែលបានដាក់ចេញ។ រក្សាសន្ទុះ និងល្បឿនអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងជំហានលោតផ្លោះក្នុងឆ្នាំ២០២៥ និងឆ្នាំបន្ទាប់ៗ៖
“បន្តផ្តល់អាទិភាពដល់ការជំរុញកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច; សុក្រិតស្ថាប័ន និងច្បាប់; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ; លើកកំពស់គុណភាពនៃធនធានមនុស្ស; អភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍; ធ្វើបរិវត្តកម្មឌីជីថល បរិវត្តកម្មពណ៌បៃតង សេដ្ឋកិច្ចវិលជុំ; អភិវឌ្ឍន៍វប្បធម៌ ធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន; ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាននិងភាពខ្ជះខ្ជាយ; ពង្រឹងនិងពង្រីកការពារជាតិ សន្តិសុខ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព; រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និង សុវត្ថិភាព; ជំរុញកិច្ចការបរទេស សមាហរណកម្មអន្តរជាតិ; លើកកំពស់កិត្យានុភាព និងឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ”។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១១ ក្នុងឆ្នាំ ២០២៥ ដើម្បីសម្រេចបាននូវគោលដៅកំណើន GDP ប្រមាណ ៦,៥ - ៧% ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានអត្រាកំណើនខ្ពស់ជាងនេះទៅទៀត (ចន្លោះពី ៧ - ៧,៥%) ដើម្បីដល់ដំណាច់ឆ្នាំ ២០២៥ វៀតណាមមានទំហំ GDP ជាប់ចំណាត់ថ្នាក់លេខ ៣១ ដល់ ៣៣ នៅលើពិភពលោក។
រដ្ឋាភិបាលផ្តោតលើការដឹកនាំបណ្ដាក្រសួង ផ្នែក និងមូលដ្ឋាន លើកកម្ពស់កម្លាំងនៃសាមគ្គីភាព ស្មារតីច្នៃប្រឌិត ហ៊ានគិត ហ៊ានធ្វើ ឆន្ទៈខ្លួនទីពឹងខ្លួន និងសេចក្ដីប្រាថ្នាឈានឡើង ប្រែក្លាយការលំបាកនិងបញ្ហាប្រឈមទៅជាឱកាសអភិវឌ្ឍន៍ មានការតាំងចិត្តខ្ពស់ ការខិតខំប្រឹងប្រែងដ៏ធំធេង សកម្មភាពដ៏ខ្លាំងក្លា ដើម្បីសម្រេចបានជោគជ័យនូវគោលដៅដែលបានដាក់ចេញ នាំប្រទេសជាតិបោះជំហានប្រកបដោយភាពជឿជាក់ ចូលទៅក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ដោយបញ្ជាក់នូវឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


