អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវ។ (រូបថត៖ TTXVN)

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីរយៈពេលជិត ៨ ឆ្នាំ (ចាប់តាំងពីខែសីហា ឆ្នាំ ២០១៧) និងទៅកាន់ប្រទេសសិង្ហបុរីបន្ទាប់ពីរយៈពេលជិត ១៣ ឆ្នាំ (ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០១២)។ ជាមួយគ្នានេះដែរ នេះក៏ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ផងដែរ ព្រោះវាជាលើកទីមួយហើយដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។

ឥណ្ឌូណេស៊ី និងសិង្ហបុរី គឺជាប្រទេសសមាជិកអាស៊ានទាំងពីរ ដែលបច្ចុប្បន្ន ជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម ជាមួយនឹងទំនាក់ទំនងនយោបាយដ៏គួរឱ្យទុកចិត្ត ខ្ពស់ និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏វិជ្ជមានខ្លាំង។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi។ (រូបថត៖ VOV5)

យថាទស្សន៍សម្រាប់សញ្ញាសម្គាល់ថ្មីក្នុងកិច្ចសហប្រតិបត្តិការ

ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមក្នុងឆ្នាំ ១៩៥៥។ ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ជាពិសេសបន្ទាប់ពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣) កិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរមានការរីកចម្រើនកាន់តែទូលំទូលាយនិងស៊ីជម្រៅ។ ឥណ្ឌូណេស៊ី ជាដៃគូ ពាណិជ្ជកម្មធំទីពីររបស់វៀតណាមក្នុងអាស៊ាន ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំ ទីបួនរបស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងបួនដង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ដោយសម្រេចបាន ១៦,៧ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ ប្រទេសទាំងពីរចែករំលែកជំហរលើបញ្ហាតំបន់និងអន្តរជាតិ ការកសាងសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងស្តង់ដារសកល ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងបញ្ហាសមុទ្រខាងកើត។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម នៅឥណ្ឌូណេស៊ី ត្រូវបានឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi វាយតម្លៃថា៖

“ដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សវៀតណាមនៅឥណ្ឌូនេស៊ីចាប់តាំងពីឆ្នាំ ២០១៧ មក កំពុងទទួលបានការយកចិត្តទុកដាក់ពិសេសពីប្រទេស ទាំងពីរ។ តាមការគ្រោងទុក ភាគីទាំងពីរនឹងបើកកិច្ចប្រជុំជាន់ខ្ពស់ដែលផ្តោតលើ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងអាជីវកម្ម ដោយមានការចូលរួមដោយ ផ្ទាល់រវាងលោកអគ្គលេខាបក្ស និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ សំខាន់ជាងនេះទៅទៀត ភាគីទាំងពីររំពឹងថានឹងអាចលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីនោះគឺភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនង។ ជាមួយនឹងការអភិវឌ្ឍនាពេលនេះ ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជា ស្រេចដើម្បីនាំទំនាក់ទំនងឱ្យកាន់តែខ្លាំងក្លា រួមចំណែកដល់ការសម្រេចចក្ខុវិស័យរួម ក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥”។

សម្រាប់សិង្ហបុរី ក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (១៩៧៣) និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣) ទំនាក់ទំនងវៀតណាម-សិង្ហបុរីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ភាគីទាំងពីរ បានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី ក្នុងនោះ មានយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីសម្រាប់តភ្ជាប់សេដ្ឋកិច្ចទាំងពីរ។

សិង្ហបុរីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចក្នុងតំបន់ និងជាដៃគូសេដ្ឋកិច្ចឈានមុខគេមួយ របស់វៀតណាម។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានអភិវឌ្ឍយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាក់ស្ដែងជាច្រើន។ បច្ចុប្បន្នសិង្ហបុរីគឺជា វិនិយោគិនធំជាងគេរបស់វៀតណាមក្នុងអាស៊ាន និងទីពីរលើពិភពលោក។ សួនឧស្សា ហកម្មសិង្ហបុរី - វៀតណាម (VSIP) ចំនួន ១៨ ក្នុងខេត្ត ក្រុងចំនួន ១៣ បានទាក់ទាញ ទុនវិនិយោគជាង ១៨,៧ ពាន់លានដុល្លារអាមេរិក បង្កើតការងារសម្រាប់កម្មករ វៀតណាមជាង ៣០ ម៉ឺននាក់ ដែលជាភស្តុតាងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកប ដោយប្រសិទ្ធភាពរវាងភាគីទាំងពីរ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៤ សម្រេច បានជាង ១០,៣ ពាន់លានដុល្លារអាមេរិក។ ជាពិសេស ទំនាក់ទំនងភាពជាដៃគូសេដ្ឋ កិច្ចបៃតង - សេដ្ឋកិច្ចឌីជីថលរវាងប្រទេសទាំងពីរកំពុងបើកឱកាសថ្មីជាច្រើនសម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមុខព្រួញនិងសក្តានុពលនាពេលអនាគត។

អះអាងនូវគោលនយោបាយកិច្ចការបរទេសរបស់វៀតណាមក្នុងអាស៊ាន

មិនត្រឹមតែបញ្ជាក់ពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ រួមទាំងដៃគូសំខាន់ទាំងពីរគឺឥណ្ឌូនេស៊ី និងសិង្ហបុរី ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានបញ្ជាក់អំពីសារៈសំខាន់របស់អាស៊ានក្នុង គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមទៀតផង។ នេះជាលើកទីមួយហើយ ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាវៀតណាមចូលជាសមាជិកអាស៊ាន (១៩៩៥-២០២៥) តាមនោះបង្ហាញពីស្មារតីសកម្ម និងទំនួលខុសត្រូវរបស់វៀតណាម និងគោលបំណងចង់រួមចំណែកជាក់ស្តែងសម្រាប់អនាគតអាស៊ានផងដែរ។ ក្នុងរយៈ ពេល ៣០ ឆ្នាំកន្លងទៅ ការរួមចំណែករបស់វៀតណាមបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងជំហានអភិវឌ្ឍន៍ប្រកបដោយអត្ថន័យរបស់អាស៊ាន ដូចដែលបានអះអាងដោយ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន៖

“មិនថាកាន់តួនាទីជាប្រធានអាស៊ាន បំពេញភារកិច្ចក្នុងលេខាធិការដ្ឋានអាស៊ាន ឬសម្របសម្រួលជាមួយដៃគូសន្ទនាទេ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម។ នៅវេទិកាអន្តរជាតិនានា វៀតណាមក៏តែងតែជំរុញផលប្រយោជន៍របស់ប្រទេសអាស៊ានផងដែរ។ អាចនិយាយបានថា វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការ និងរួមចំណែកយ៉ាងធំធេងដល់អាស៊ាន”។

ក្នុងបរិបទនោះ ដំណើរទស្សនៈកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម នឹងបើកបរិយាកាសសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយឥណ្ឌូនេស៊ី សិង្ហបុរី និងអាស៊ាន។ មិនត្រឹមតែពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវវិស័យសហប្រតិបត្តិការដែលមានស្រាប់រវាងវៀតណាម និងប្រទេសទាំង ពីរប៉ុណ្ណោះទេ ដំណើរទស្សនកិច្ចលើកនេះក៏តម្រង់ទិសសម្រាប់ការជំរុញវិស័យសហ ប្រតិបត្តិការថ្មី និងសក្ដានុពលទៀតផង ជាពិសេសលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង នវានុវត្តន៍ ជាដើម។ ក្នុងនាមជាសមាជិកនៃគ្រួសារ អាស៊ាន ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម ជាមួយឥណ្ឌូនេស៊ី និងសិង្ហបុរី ការចែករំលែកសំឡេងរួមលើបញ្ហាតំបន់ និងអន្តរជាតិ ក៏នឹងរួមចំណែកដល់ការអភិវឌ្ឍ រួមរបស់អាស៊ាន ដើម្បីអាស៊ានមួយប្រកបដោយសាមគ្គីភាព ភាពធន់ និងការអភិវឌ្ឍ៕