វេទិកាសភាកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី ស្តីពីកសិកម្មនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ មានគោលបំណងអនុវត្តន៍ជាក់ស្តែងនូវការសន្យារបស់វៀតណាមក្នុងការជំរុញពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ និងសកលលោក ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញនវានុវត្តន៍ ដោយផ្សារភ្ជាប់នឹងការការពារបរិស្ថាននៃប្រទេសសមាជិកសហគមន៍ ហ្វ្រង់កូហ្វូនី ។
សមិទ្ធិផលគួរឱ្យកត់សម្គាល់
បក្ស និងរដ្ឋវៀតណាមជានិច្ចកាលបានកំណត់វិស័យកសិកម្មជាផលប្រយោជន៍ជាតិ និងជាសសរស្តម្ភនៃសេដ្ឋកិច្ច។ ក្នុងឆ្នាំ២០២៤ ប្រាក់ចំណូលសរុបពីការនាំចេញឈានដល់កំណត់ត្រាចំនួន៧៨៦ពាន់លានដុល្លារ ក្នុងនោះជាង៦២ពាន់លានដុល្លារបានមកពីវិស័យកសិកម្ម ។ នៅសន្និសីទត្រួតពិនិត្យវិស័យកសិកម្មឆ្នាំ ២០២៤ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា៖ “តួនាទី និងឋានៈនៃកសិកម្មត្រូវបានបញ្ជាក់កាន់តែច្បាស់។ បក្ស និងរដ្ឋទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកនៃវិស័យកសិកម្មចំពោះសមិទ្ធិផលរួមរបស់ប្រទេសទាំងមូល”។
ក្នុងឆ្នាំ ២០២៤ វៀតណាមបានអនុវត្តគម្រោង “វាលស្រែគុណភាពខ្ពស់និងការបំភាយឧស្ម័នទាបលើផ្ទៃដី ១ លានហិកតា ផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long ដល់ឆ្នាំ ២០៣០” ដោយទទួលបានការយកចិត្តទុកដាក់ជាច្រើនពីដៃគូអន្តរជាតិ។ នាពេលថ្មីៗនេះរដ្ឋាភិបាល ក្រសួង និងផ្នែកនានាបានខិតខំប្រឹងប្រែងជាមួយមូលដ្ឋានចំនួន ១២ នៅតំបន់ដីសណ្តទន្លេ Cuu Long ដើម្បីអនុវត្តគម្រោង និងសម្រេចបាននូវលទ្ធផលដំបូងគួរឱ្យកត់សម្គាល់។ លោក Truong Canh Tuyen អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Hau Giang ដែលកំពុងអនុវត្តគម្រោងនេះ បានឲ្យដឹងថា៖ “គម្រោងនេះមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាកសិករដាំស្រូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់គោលដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់តម្លៃនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពទៀតផង។ យើងខ្ញុំមានបំណងចង់អនុវត្តគម្រោងលើផ្ទៃដី ១២៨.០០០ ហិកតានៅឆ្នាំ២០២៥ ដោយផ្តោតលើតំបន់ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្តូរកសិកម្មប្រកបដោយនិរន្តរភាព (VnSAT)”។
ពិធីបិទវេទិកាសភា កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី ស្តីពីកសិកម្មនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការប្រែប្រួលអាកាសធាតុ។ រូបថត៖ quochoi.vn |
ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១០ នៅលើពិភពលោកបានសន្យាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់កម្រិតសូន្យនៅឆ្នាំ ២០៥០។ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាក់លាក់។ យោងតាមការស្ទង់មតិដោយក្រុមហ៊ុនវិភាគនិងប្រឹក្សាឈានមុខគេនៅអាមេរិក Gallup វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោកទាក់ទងនឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះធម្មជាតិ។ តាមនោះ អត្រាគ្រួសារត្រៀមខ្លួនឆ្លើយតបនឹងគ្រោះធម្មជាតិនៅវៀតណាមសម្រេចបាន ៨៣% ខ្ពស់ជាងមធ្យមភាគពិភពលោក ៣៥%។ យោងតាម Gallup ការត្រៀមខ្លួននេះបានមកពីប្រទេសវៀតណាមស្ថិតនៅក្នុងតំបន់ដែលមានគ្រោះគ្រោះធម្មជាតិជាញឹកញាប់ មានភាពធន់ខ្ពស់ និងការវិនិយោគលើការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។
វៀតណាមអះអាងពីការសន្យាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព
កសិកម្មប្រកបដោយនិរន្តរភាព សន្តិសុខស្បៀងអាហារ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាប្រធានបទក្តៅគគុកនិងបញ្ហាប្រឈមសកល។ នេះក៏ជាក្តីកង្វល់កំពូលរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជាប្រទេសជាសមាជិករួមទាំងវៀតណាមផងដែរ។
បន្ទាប់ពីជោគជ័យនៃសកម្មភាពអន្តរសភាពហុភាគីកម្រិតខ្ពស់នាពេលថ្មីៗនេះ ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះ វេទិកាសភាកិច្ចសហប្រតិបត្តិការសាហ្វ្រង់កូហ្វូនីលើកនេះ បានបង្ហាញពីអាទិភាព ការយកចិត្តទុកដាក់ និងការចូលរួមរបស់វៀតណាមក្នុងបញ្ហារួមនៃតំបន់និងលើពិភពលោក; សាមគ្គីភាព និងភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៃសហគមន៍ ហ្វ្រង់កូហ្វូនី និងសមាជិក។
ក្នុងវេទិកានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអះអាងថា វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ ហ្វ្រង់កូហ្វូនី តាមរយៈការលើកទឹកចិត្តនិងគាំទ្រសកម្មភាពសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការច្នៃប្រឌិត ជំរុញសេដ្ឋកិច្ចឌីជីថល ការចាប់ផ្តើមអាជីព ជំរុញភាពជាដៃគូរដ្ឋ-ឯកជន; ផ្សព្វផ្សាយភាសាបារាំង ជំរុញភាពចម្រុះនៃវប្បធម៌; សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកហ្វ្រង់កូហ្វូនី ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាបាននូវភាពសុខដុមរមនារវាងកិច្ចខិតខំប្រឹងប្រែងកំណើន ការលុបបំបាត់ភាពក្រីក្រ និងការការពារបរិស្ថាន។
“ដោយឈរលើស្មារតីនោះ រដ្ឋសភាវៀតណាមបានរៀបចំវេទិកានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីកសាងកសិកម្មប្រកបដោយនិរន្តរភាព ធានាជីវភាពរស់នៅសម្រាប់គ្រប់គ្រួសារ និងសន្តិសុខស្បៀងអាហារសម្រាប់ប្រទេសទាំងអស់ ដើរទន្ទឹមជាមួយនឹងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក។ ជាមួយនឹងមុខងារនិងតួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិ បណ្តារដ្ឋសភា សភាតំណាងរាស្រ្ត និងសមាជិកសភាផ្ទាល់ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ និងត្រួតពិនិត្យការអនុវត្តគោលដៅទាំងនេះ”។
វេទិកាក៏បានបង្ហាញពីការសន្យាយ៉ាងមុតមាំរបស់វៀតណាម ដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ហ្វ្រង់កូហ្វូនី លើបញ្ហាសំខាន់ៗទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងការធានាសន្តិសុខស្បៀងអាហារ ការអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

