អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបប្រធានាធិបតីនៃសាធារណរដ្ឋប៊ូរុនឌី (រូបថត៖ VOV)

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសមិត្តអាហ្រ្វិក ក្នុងនោះមានប៊ូរុនឌី ហើយមានបំណងចង់ជំរុញនិងនាំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដំណាក់កាលថ្មី។ យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម វៀតណាមមានប្រៀបខ្លាំងក្នុងវិស័យកសិកម្ម រ៉ែ និងទូរគមនាគមន៍ ហើយត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ និងគាំទ្រប្រទេសប៊ូរុនឌី លើវិស័យទាំងនេះ ព្រមទាំងបើកទូលាយវិសាលភាព និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតនាពេលខាងមុខ។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី; ទន្ទឹមនឹងនោះ លោកបានអះអាងនូវការគាំទ្រចំពោះគោលជំហរក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់នីមួយៗ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានាធិបតីប៊ូរុនឌី Évariste Ndayishimiye (រូបថត៖ TTXVN)

នារសៀលថ្ងៃនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីលោក Evariste Ndayishimiye នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ)។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា បច្ចុប្បន្នទ្វីបអាហ្រ្វិកជាតំបន់ដែលវៀតណាមមិនទាន់មានកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យជាច្រើន ជាពិសេសលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ថាមពល រ៉ែ ការផ្លាស់ប្តូរឌីជីថល បម្រែបម្រួមបៃតង បម្រែបម្រួលថាមពលជាដើម ហេតុដូច្នេះហើយ ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសាធារណរដ្ឋប៊ូរុនឌី នឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប៊ូរុនឌីបន្ថែមទៀត៕