ក្នុងឱកាសដែលលោកតូ ឡឹម អគ្គលេខានៃគណៈកម្មាធិការ បក្សកុម្មុយនិស្តវៀតណាម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ឡេ មិញ ហ៊ឹង ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ត្រឹន ថាញ់ មិន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំនៃបណ្តាប្រទេស និងគណបក្សនយោបាយមួយចំនួន ដូចជា ប្រទេសគុយបា ប្រ៊ុយណេ សិង្ហបុរី ថៃ ទីម័រខាងកើត អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឈីលី ស៊ុយអែត ហុងគ្រី និងអង្គការអន្តរជាតិនានា បានផ្ញើសារទូរលេខ សំបុត្រ និងសារអបអរសាទរ។
ថ្នាក់ដឹកនាំបដិវត្តន៍គុយបា ឧត្តមសេនីយ៍ Raul Castro Cruz អបអរសាទរជូនចំពោះអគ្គលេខាបក្ស លោកតូ ឡឹម ដែលបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងកាន់តំណែងជាប្រធានរដ្ឋ ដោយបញ្ជាក់ថា នេះគឺជាការទទួលស្គាល់ដ៏សក្តិសមនៃភក្ដីភាពដាច់ខាតចំពោះបដិវត្តន៍ និងសមត្ថភាពភាពជាអ្នកដឹកនាំ ដើម្បីបន្តដឹកនាំប្រជាជាតិវៀតណាមដ៏អង់អាចក្លាហាននៅលើមាគ៌ាឆ្ពោះ កសាងសង្គមនិយមដោយជោគជ័យ។
លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Diaz Canel បានសម្តែងទំនុកចិត្តថា ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នឹងបន្តដឹកនាំវៀតណាមឱ្យរីកចម្រើនឥតឈប់ឈរនៅក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍជាតិ។
ស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម លោក Haji Hassanal Bolkiah បានអះអាងថា ការបោះឆ្នោតជ្រើសតាំងអគ្គលេខាបក្ស លោក តូ ឡឹម កាន់តំណែងជាប្រធានរដ្ឋ គឺជាសក្ខីភាពនៃការរួមចំណែកដ៏យូរអង្វែងរបស់លោកអគ្គលេខាបក្ស ហើយបានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ប្រទេសវៀតណាមនឹងបន្តរីកចម្រើននៅក្នុងឆ្នាំខាងមុខ៕
