ព័ត៌មាននេះត្រូវបានប្រធានាធិបតីត្រាំនាំចេញ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅសេតវិមាន។ យោងតាមលោកត្រាំ ការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងប្រព្រឹត្តទៅក្នុងកម្រិតខ្ពស់បំផុត ហើយភាគីទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់នឹងមានគ្រោះថ្នាក់ខ្លាំង ប្រសិនបើការចរចារបរាជ័យ ព្រមទាំងអះអាងថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ។
ក្នុងពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ដែលបានបដិសេធព័ត៌មានដោយប្រធានាធិបតីអាមេរិកនាំចេញកាលពីម្សិលមិញអំពីភាគីទាំងពីរកំពុងចរចាដោយផ្ទាល់លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់កាលពីយប់មិញថា ការចរចារវាងអ៊ីរ៉ង់ និងអាមេរិកគឺដោយប្រយោល តាមរយៈអន្តរការីនៃប្រទេសអូម៉ង់។
នាថ្ងៃដដែល ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានអំពាវនាវឱ្យរដ្ឋបាលអាមេរិកបង្ហាញសុច្ឆន្ទៈជាក់ស្តែងក្នុងការចរចា។ ប្រធានាធិបតី Pezeshkian បានបញ្ជាក់ថា អ៊ីរ៉ង់មិនទទួលយកការចរចាក្នុងតម្លៃណាមួយ ឬការចរចាក្នុងបរិបទដែលអាមេរិកបន្តអនុវត្តគោលនយោបាយដាក់សម្ពាធ និងការគំរាមកំហែងប្រឆាំងនឹងអ៊ីរ៉ង់ឡើយ៕
