លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងសម័យប្រជុំបើក។ (រូបថត៖ VOV)

មហាសន្និបាត លើកនេះ ក៏បានកត់ត្រានូវរបកគំហើញជាច្រើនក្នុងការដឹកនាំរបស់បក្ស ក្នុងនោះមានការរួមបញ្ចូលលើកដំបូងនៃឯកសារសំខាន់ៗ ចំនួនបី ដែលកំណត់គំរូអភិវឌ្ឍន៍ថ្មីមួយ ខណៈដែលសេចក្តីសម្រេចចិត្តជាយុទ្ធសាស្ត្រត្រូវបានសាកល្បងក្នុងការអនុវត្តមុនពេលដាក់ជូនមហាសន្និបាត។

អញ្ជើញវាយតម្លៃអំពី សេចក្តីព្រាងឯកសារដែលដាក់ជូនមហាសន្និបាត លើកទី១៤ របស់បក្ស លោកស្រី ត្រឹន ធី ញី ហា អនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារបំណងប្រាថ្នារបស់ប្រជាជន និងឃ្លាំមើលរបស់រដ្ឋសភា បានថ្លែងថា៖ “លក្ខណៈពិសេសថ្មីនៃរបាយការណ៍នយោបាយនេះគឺការរួមបញ្ចូលខ្លឹមសារពីឯកសារចំនួនបី រួមមាន៖ របាយការណ៍នយោបាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍កសាងបក្ស ដោយធានាបាននូវភាពស៊ីសង្វាក់គ្នានៃខ្លឹមសារ ងាយយល់ ងាយចាំ ងាយអនុវត្តន៍”។

មហាសន្និបាតលើកនេះមានការចូលរួមពីប្រតិភូចំនួន ១៥៨៦ នាក់ ដែលតំណាងឱ្យបក្ខជនជាង៥,៦លាននាក់លើទូទាំងប្រទេស។ (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានោះ សាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ឌិញ ផុង នៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តក្នុងការធ្វើសកម្មភាពដែលបានបង្ហាញនៅក្នុងសេចក្តីព្រាងឯកសារ។

“របាយការណ៍នយោបាយលើកនេះរួមមានទាំងកម្មវិធីសកម្មភាព ដែលជាលើកដំបូង។ កម្មវិធីសកម្មភាពនេះមានលក្ខណៈជាក់លាក់ខ្លាំង ដោយបញ្ជាក់យ៉ាងច្បាស់អំពីការទទួលខុសត្រូវរបស់នាយកដ្ឋាន គណៈកម្មាធិការ និងអង្គការបក្សនីមួយៗ ធនធានដែលបានបែងចែក របៀបបំពេញភារកិច្ច និងរបៀបបង្ហាញរបាយការណ៍យ៉ាងដូចម្ត៉េច…។ ជាមួយនឹងទិដ្ឋភាពថ្មីទាំងនេះ ខ្ញុំមានការរំពឹងទុកខ្ពស់ថា មហាសន្និបាតបក្សលើកទី១៤ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ”។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំបើកមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ (រូបថត៖ VOV)

ក្នុងចំណោមលក្ខណៈពិសេសថ្មីៗនៃមហាសន្និបាតលើកទី១៤ សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ ផាន់ សួន សឺន នៃបណ្ឌិតសភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់លើតួនាទីរបស់សេដ្ឋកិច្ចឯកជន។

“នៅក្នុងដំណាក់កាលនីមួយៗ សូម្បីតែក្នុងអាណត្តិមហាសន្និបាតតែមួយក៏ដោយ ក៏នៅមានចំណុចថ្មីៗផ្សេងៗគ្នា។ នៅក្នុងមហាសន្និបាតលើកទី១៤ មានចំណុចថ្មីជាច្រើន។ ទីមួយ តួនាទីរបស់សេដ្ឋកិច្ចឯកជន ពីការត្រូវបានបដិសេធ ត្រូវបានទទួលស្គាល់តែក្នុងដែនកំណត់ជាក់លាក់ប៉ុណ្ណោះ បន្ទាប់មកត្រូវបានចាត់ទុកស្មើភាពគ្នាជាមួយវិស័យសេដ្ឋកិច្ចផ្សេងទៀត ឥឡូវនេះត្រូវបានចាត់ទុកថា ជារបកគំហើញមួយនៅក្នុងមនោគមវិជ្ជា ទ្រឹស្តី និងការយល់ដឹង ដែលក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ”។

លោក ង្វៀន ឌឹក ហា នៃ គណៈកម្មាធិការចាត់តាំងមជ្ឈិម បានវាយតម្លៃយ៉ាងខ្លាំងចំពោះការពិតដែលថា ឯកសារនៃមហាសន្និបាតលើកទី ១៤ ជាលើកដំបូង បានបញ្ជាក់យ៉ាងច្បាស់ថា ការការពារបរិស្ថានក៏ជាភារកិច្ចស្នូលផងដែរ ដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់បក្សក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

ជាមួយនឹងចំណុចថ្មីៗជាច្រើនក្នុងការត្រិះរិះ មហាសន្និបាតលើកទី១៤ របស់បក្ស បើកចេញសម័យកាលថ្មីមួយ ដោយយកការប្តេជ្ញាចិត្តធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជារង្វស់ដ៏ធំបំផុត៕

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៣០ បក្សកុម្មុយនិស្តវៀតណាមបានឆ្លងកាត់មហាសសន្និបាតបក្សចំនួន ១៤ លើក។ ក្នុងចំណោមនោះ មហា សន្និបាតលើកទី ១ បានធ្វើឡើងចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ១៩៣៥ នៅទីក្រុងម៉ាកាវ ប្រទេសចិន; មហាសន្និបាតបក្សលើកទី ៤ បានប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៦ នៅទីក្រុងហាណូយ គូសសញ្ញាមហាសន្និបាតលើកដំបូង បន្ទាប់ពីការបង្រួបបង្រួមប្រទេសឡើងវិញ; មហាសន្និបាតបក្សលើកទី ៦ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ១៩៨៦ នៅទីក្រុងហាណូយ បានផ្តួចផ្តើមដំណើរការផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។ មហាសន្និបាតបក្សលើកទី៧ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩១ នៅទីក្រុងហាណូយ គឺជាមហាសន្និបាតដំបូង ដែលបានអនុម័តកម្មវិធីនយោបាយ កសាងប្រទេសជាតិក្នុងអំឡុងពេលអន្តរកាលឆ្ពោះទៅកាន់សង្គមនិយម។ មហាសន្និបាតបក្ស លើកទី៨ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៦ នៅទីក្រុងហាណូយ គឺជាចំណុចរបត់មួយក្នុងការផ្លាស់ប្តូររបស់ប្រទេសទៅកាន់យុគសម័យថ្មីមួយ គឺយុគសម័យនៃការជំរុញឧស្សា ហូបនីយកម្ម និងទំនើបកម្ម; មហាសន្និបាតលើកទី១៣ ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីក្រុងហាណូយ បានកំណត់គោលដៅខួប ១០០ ឆ្នាំចំនួនពីរ៖ នៅឆ្នាំ២០៣០ វៀតណាមនឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានចំណូលមធ្យមខ្ពស់។ នៅឆ្នាំ២០៤៥ ប្រទេសវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់។

មហាសន្និបាតលើកទី១៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ មានប្រធានបទ៖ «ក្រោមទង់ដ៏រុងរឿងរបស់បក្ស រួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យរាល់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ២០៣០; ការពឹងផ្អែកលើខ្លួនឯងជាយុទ្ធសាស្ត្រ ទំនុកចិត្តលើខ្លួនឯង និងរឹងមាំបោះជំហានក្នុងយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ សុភមង្គល រឹងមាំបោះជំហានឡើងសង្គមនិយម។ បាវចនារបស់មហាសន្និបាតគឺ៖ “សាមគ្គីភាព - ប្រជាធិបតេយ្យ - វិន័យ - របកគំហើញ - អភិវឌ្ឍន៍”។