នាព្រឹកថ្ងៃទី ២៨ មិនា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍យ៉ាងអធិកអធមចំពោះប្រធានាធិបតី Lula da Silva ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (រូបថត៖ VOV)

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva បានដាក់កម្រងផ្កា និងចូលកប្រាង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ; អញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋ លោក លឿង គឿង; ជួបជាមួយសារព័ត៌មាន និងធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ក្នុងក្រប័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីលោក Luiz Inácio Lula da Silva និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញបានចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម-ប្រេស៊ីល។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីលនៅវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម។

យោងតាមសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានឯកភាពជំរុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីលលើគ្រប់វិស័យ ដោយមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសសរស្តម្ភ ហើយធ្វើការរួមគ្នាឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។ វៀតណាមបើកទីផ្សារសម្រាប់សាច់គោប្រេស៊ីល។ ប្រទេសប្រេស៊ីលបានលុបចោលការហាមប្រាមលើត្រីទីឡាបយ៉ា និងបើកទីផ្សារប្រេស៊ីលសម្រាប់ប្រភេទបង្គាវៀតណាមមួយចំនួន ដោយសន្យាថា នឹងធ្វើការវាយតម្លៃបច្ចេកទេសនៃត្រីត្រា និងត្រីបាសារបស់វៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបន្តគាំទ្រ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕