ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងប្រធានាធិបតីលោក Lula da Silva អនុវត្តន៍ពិធីគោរពទង់ជាតិនៃប្រទេសទាំងពីរ (រូបថត៖ VGP/Nhat Bac) |
ក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការដើម្បីបន្តអភិវឌ្ឍន៍ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីលឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ទាក់ទិននឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធ ពង្រឹងវិធានការសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងពិភាក្សាអំពីលទ្ធភាពចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR)។
លោកប្រធានាធិបតី Lula da Silva បានប្រកាសថា រដ្ឋាភិបាលប្រេស៊ីលបានសម្រេចចិត្តចូលរួមជាមួយក្រុមប្រទេសជាង ៧០ ដែលបានទទួលស្គាល់វៀតណាមជាប្រទេសសេដ្ឋកិច្ចទីផ្សារ។ ប្រធានរដ្ឋ លោក លឿង គឿងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដោយសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះបង្ហាញឱ្យឃើញពីការទទួលស្គាល់របស់ប្រេស៊ីលចំពោះវឌ្ឍនភាពរបស់វៀតណាមក្នុងការច្នៃប្រឌិតសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ឱ្យបណ្តារដ្ឋមន្ត្រីបន្តពិភាក្សា និងបញ្ជាក់ពីវិធានការអនុវត្តសេចក្តីសម្រេចដ៏សំខាន់នេះ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលស្អាត ការអប់រំ និងបណ្តុះបណ្តាល វប្បធម៌ កីឡានិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានពិភាក្សាស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។
បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង និងប្រធានាធិបតី Lula da Silva បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការទ្វេភាគី។
ជួបជាមួយសារព័ត៌មានក្រោយជំនួបពិភាក្សា ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា ប្រទេសទាំងពីរនឹងបន្តខិតខំនាំទំហំពាណិជ្ជកម្មឡើងដល់ ១៥ ពាន់លានដុល្លាអាមេរិក នៅឆ្នាំ ២០៣០។ លោកប្រធានរដ្ឋវៀតណាមជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Lula da Silva នៅវៀតណាមលើកនេះ បានរួមចំណែកអនុវត្តន៍ជាក់ស្តែង ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីលនាពេលខាងមុខ។
រីឯខ្លួនវិញ ប្រធានាធិបតីប្រេស៊ីល Lula da Silva បានប្រកាសថា ភាគីទាំងពីរបានអនុម័តផែនការសកម្មភាពដ៏ទូលំទូលាយមួយសម្រាប់ដំណាក់កាល ២០២៥-២០៣០ ដែលជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ យោងតាមប្រធានាធិបតី Lula da Silva ក្នុងអំឡុងពេលអាណត្តិរបស់ប្រេស៊ីលជាប្រធាន MERCOSUR ចាប់ពីខែកក្កដាខាងមុខ ប្រទេសនេះនឹងជំរុញកិច្ចព្រមព្រៀងប្រកបដោយតុល្យភាពជាមួយវៀតណាម ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ៕

