រថយន្តបានឆាបឆេះតាមដងផ្លូវ នៅពេលដែលបាតុកម្មមួយផ្ទុះឡើងនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ (រូបថត៖ Stringer/WANA តាមរយៈ REUTER)
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៣ ខែមករា បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវឱ្យពលរដ្ឋអាមេរិកដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ចាកចេញពីប្រទេសនេះជាបន្ទាន់ ហើយលើកទឹកចិត្តឱ្យធ្វើដំណើរតាមផ្លូវគោកទៅកាន់ប្រទេសទួរគី ឬអាមេនី ប្រសិនបើមានសុវត្ថិភាព។ សេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិក ត្រូវបានធ្វើឡើងចំពេលដែលបាតុកម្មកំពុងផ្ទុះឡើងយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នានា បន្តរឹតត្បិតឬលុបចោលជើងហោះហើរ។
បច្ចុប្បន្ននេះ ប្រទេសអ៊ីរ៉ង់កំពុងជួបប្រទះនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ខណៈដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាពីរបៀបឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងប្រទេសមជ្ឈិមបូព៌ានេះ។
មុននោះ នាថ្ងៃទី ១២ ខែមករា លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី ខារ៉ូលីន លីវីត បានថ្លែងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ជានិច្ចកាលមានជម្រើសនៅលើតុរបស់លោក ហើយដំណោះស្រាយការទូតគឺជាជម្រើសដំបូង៕