![]() |
នាព្រឹកថ្ងៃទី ២៦ កក្កដា អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ (INTA) ចំណុះសភាអឺរ៉ុប លោក Bernd Lange នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានឲ្យដឹងថា លោកបានបញ្ជាណែនាំបណ្ដាក្រសួង និងស្ថាប័នឲ្យរួមសហការគ្នាយ៉ាងជិតស្និទ្ធជាមួយគណប្រតិភូគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ - សភាអឺរ៉ុប ដើម្បីដោះស្រាយបណ្ដាបញ្ហាដែលនៅសេសសល់ សំដៅ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ។ ទន្ទឹមនឹងកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (PCA) ដែលបានចូលជាធរមាននោះ លោកនាយករដ្ឋមន្ត្រីបន្តចាត់ទុកថា ការដែលប្រទេសទាំងពីរចុះហត្ថលេខាលើ EVFTA នាពេលខាងមុខ នឹងជាព្រឹត្តិការណ៍ដ៏សំខាន់ នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយ។
នាព្រឹកថ្ងៃដដែល លោក Bernd Lange ក៏មានជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung ។ នៅទីនេះ លោក Dao Ngoc Dung បានអះអាងថា វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីសុក្រិដ្ឋប្រព័ន្ធគោលនយោបាយ ដែលទាក់ទិននឹងការចុះហត្ថលេខាលើ EVFTA ក្នុងនោះមានក្រមច្បាប់ការងារ ដែលមានសារៈសំខាន់ពិសេស បន្ទាប់ពីរដ្ឋធម្មនុញ្ញ។
“បណ្ដាខ្លឹមសារនៃក្រមច្បាប់នេះ គឺមានគោលដៅ និងទិសដៅល្អ ជាពិសេសគឺបណ្ដាបញ្ហាស្នូល។។ នាបច្ចុប្បន្ននេះ បណ្ដាបញ្ហាធំៗគឺទទួលបានការស្រុះចិត្តគំនិតហើយ ដូចជា អាយុចូលនិវត្តន៍ ពេលវេលាធ្វើការថែមម៉ោង និងអង្គការរបស់ពលករ។ ស្ដីពីការចរចា និងការព្រមព្រៀង ដែល EU ផ្ដោតការយកចិត្តទុកដាក់នោះ គឺយើងបានដាក់បញ្ជូលទៅក្នុងច្បាប់ហើយ។ រួមជាមួយការកែប្រែច្បាប់ការងារនោះ វៀតណាមក៏នឹងកែប្រែច្បាប់សហជីពផងដែរ”។
វីឯខ្លួនវិញ ប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប លោក Bernd Lange បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាម។
“ខ្ញុំបានសង្កេតឃើញថា វៀតណាមមានការវិវឌ្ឍវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំនឹងបញ្ជូនសារទាំងនេះទៅកាន់សភាអឺរ៉ុប ហើយខ្ញុំមានក្ដីសង្ឃឹមថាយើងនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាននាពេលខាងមុខ សំដៅកែលម្អ នូវទំនាក់ទំនងទ្វេភាគី ហើយនាំមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជនផងដែរ”។
តាមផែនការ វៀតណាម និង EU នឹងចុះហត្ថលេខាលើ EVFTA នាចុងឆ្នាំនេះ។ ឯកសារនេះក៏ត្រូវបានសភាអឺរ៉ុប (EP) ឲ្យសច្ចាប័នមុនខែមិនាឆ្នាំ ២០១៩៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

