ចំណាប់អារម្មណ៍ដំបូងនៅពេលមកដល់ភូមិ Plei Op គឺក្លោងទ្វារភូមិ និងដំបូលផ្ទះរ៉ូងប្រពៃណី ដែលត្រូវបានចាត់ទុកជា "បេះដូង" និងព្រលឹងរបស់ភូមិ និងជានិមិត្តសញ្ញាវប្បធម៌របស់ភូមិ។ ផ្ទះរ៉ូងមានរាងដូចពូថៅត្រូវបានសិប្បករក្នុងភូមិបង្កើតឡើងពីវត្ថុបុរាណទាំងស្រុង ដូចជា ឈើ និងផ្កៅ ឫស្សី។ សកម្មភាពវប្បធម៌និងពិធីបុណ្យទាំងអស់បានកើតឡើងនៅក្នុងតំបន់នេះ។

ក្លោងទ្វារភូមិ Plei Op ។ រូបថត៖ congluan.vn

ជូនភ្ញៀវទេសចរណ៍ទៅទស្សនាផ្ទះរ៉ូង ព្រឹទ្ធាចារ្យភូមិ លោក Sieu Nui ភូមិ Plei Op សង្កាត់ Hoa Lu ទីក្រុង Pleiku ខេត្ត Gia Lai បានឧទ្ទេសនាមថា៖ “ផ្ទះរ៉ូងជាកន្លែងជួបជុំរបស់យុវជនក្នុងភូមិ។ ជារៀងរាល់ពេលយប់ ពួកគេមកជួបជុំគ្នានៅទីនេះ។ ឃែនមួយនេះ ត្រូវបានប្រើប្រាស់ដើម្បីហៅអ្នកភូមិមកផ្ទះរ៉ូងនៅពេលចាំបាច់។ គងឃ្មោះត្រូវបានប្រើជាចម្បងក្នុងពិធីបុណ្យចាក់ក្របី។ នៅក្នុងផ្ទះរ៉ូងត្រូវដាក់តាំងក្បាលក្របីដែលជានិមិត្តរូបនៃពិធីបុណ្យនេះ។ រៀងរាល់ប្រាំពីរឆ្នាំម្តង ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើង ហើយក្បាលក្របីត្រូវបានរក្សាទុកដើម្បីដាក់តាំង។ រនាត T'rung កាលពីមុនត្រូវបានប្រើប្រាស់ដើម្បីដេញបសុសត្វដែលបំផ្លាញវាលស្រែ។ សព្វថ្ងៃនេះ រនាត T'rung ត្រូវបានប្រើប្រាស់ដើម្បីសំដែងក្នុងរដូវ Xoang ”។

នៅជុំវិញ ផ្ទះរ៉ូងមានរូបចម្លាក់ឈើប្លែកៗ ជួយឲ្យអ្នកទស្សនាមើលឃើញពីជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ Op។ កាលពីមុន រូបសំណាកទាំងនេះក៏ត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យសព ប៉ុន្តែសព្វថ្ងៃនេះ រូបចម្លាក់ទាំងនោះបានក្លាយទៅជាវត្ថុតុបតែងលំនៅដ្ឋាន។ កន្លែងដាក់តាំងរូបចម្លាក់ឈើជាច្រើនប្រភេទ ដូចជារូបសត្វ រូបវត្ថុ និងរូបចម្លាក់មនុស្ស ត្រូវបានរៀបចំនៅខាងស្ដាំនៃផ្ទះរ៉ូង ក៏ជាចំណុចពិសេសដែ លទាក់ទាញភ្ញៀវទេសចរនៅពេលទៅទស្សនាភូមិ Op ផងដែរ។ ព្រឹទ្ធាចារ្យភូមិ Sieu Nui បានចែករំលែកថា ដើម្បីបង្កើតរូបសំណាកដែលមានព្រលឹងនិងស្និទ្ធស្នាលជាមួយប្រជាជន ជាងចម្លាក់ត្រូវមានបទពិសោធន៍ដ៏សម្បូរបែបនិងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវប្បធម៌ជនជាតិខ្លួន។ ដោយប្រើតែឧបករណ៍សាមញ្ញៗដូចជា កំណាត់ ពូថៅ កាំបិត ជាមួយនឹងបាតដៃដ៏ប៉ិនប្រសប់ ការស្រមើលស្រមៃ និងទឹកចិត្តរបស់ខ្លួន ពួកគេបានបង្កើតរូបចម្លាក់ពោពេញទៅដោយមនោសញ្ចេតនា។ “យើងចូលព្រៃរកដើមឈើធំៗ មានគុណភាពល្អ និងរឹងមាំ។ វានឹងចំណាយពេលប្រហែល ៣-៤ ខែដើម្បីសម្រេចបានរូបចំណាកមួយ។ ជាធម្មតាមនុស្សចាស់ដែលមានភាពប្រុងប្រយ័ត្ននិងល្អិតល្អន់ នឹងបង្កើតរូបចម្លាក់ដ៏ស្រស់ស្អាត”។

ជាច្រើនឆ្នាំមកនេះ ព្រឹទ្ធាចារ្យភូមិនៅភូមិ Op បានរៀបចំថ្នាក់រៀនលេងគងឃ្មោះសម្រាប់ក្មេងៗជំនាន់ក្រោយ ដើម្បីអភិរក្សនិងលើកតម្កើងសម្រស់ស្អាតវប្បធម៌របស់ភូមិ។ ឥឡូវនេះសំឡេងគងឃ្មោះមិនត្រឹមតែនៅតែបន្លឺឡើងនៅកណ្តាលព្រៃភ្នំប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់ដ៏អ៊ូអរនៃទីក្រុង Pleiku ទៀតផង។ សិប្បករ Bui Mlik ភូមិ Plei Op សង្កាត់ Hoa Lu ទីក្រុង Pleiku ខេត្ត Gia Lai បានឲ្យដឹងថា៖ “ថ្នាក់រៀនបានបើកកាលពី ៤-៥ ឆ្នាំមុន។ កាលពីមុន ព្រឹទ្ធាចារ្យភូមិបានបង្រៀនយើង ហើយឥឡូវនេះយើងបន្តបង្រៀនដល់កូនចៅរបស់យើង… ដើម្បីឲ្យពួកគេយល់កាន់តែច្បាស់អំពីទំនៀមទម្លាប់របស់ជនជាតិខ្លួន"។

កន្លែងដាក់តាំងរូបសំណាកឈើ។ រូបថត៖ Nguyen Thao/VOV

ក្រៅពីសម្រស់វប្បធម៌ប្រពៃណីនៃផ្ទះរ៉ូង រូបសំណាកឈើ និងគងឃ្មោះ សំលៀកបំពាក់ប្រពៃណីក៏ត្រូវបានប្រជាជនភូមិ Op រក្សាជានិច្ច។

មកដល់ភូមិ Op អ្នកទស្សនាមិនអាចរំលងបានមុខម្ហូបដ៏វិសេសវិសាលរបស់ប្រជាជនដូចជា៖ សាច់គោអាំងក្នុងបំពង់ឫស្សី មាន់អាំង ឬមីឆាត្រប់វែងជាដើម។ សម្រាប់មុខម្ហូបមាន់អាំង ត្រូវតែឧស្សាហ៍ចិញ្ចឹមនិងជ្រើសរើសមាន់ និងមានរូបមន្តផ្ទល់ខ្លួន ទើបមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសេស។ លោក Hoang Duy Cuong អ្នកភូមិ Plei Op បានឲ្យដឹងថា៖ “មាន់ទាំងនេះត្រូវបានចិញ្ចឹមនៅលើវាលស្រែ និងចំការរបស់អ្នកភូមិ ដោយស៊ីអង្ករ និងបន្លែប៉ុណ្ណោះ។ មាន់មានទម្ងន់ប្រហែល ១ គីឡូក្រាម សាច់មាន់ក្មេងនឹងមិនស្វិតពេក។ ត្រូវចំណាយពេល ១-២ ម៉ោងដើម្បីអាំងសាច់មាន់”។

ជាមួយនឹងគ្រឿងផ្សំពីព្រៃភ្នំ អ្នកភូមិក៏រៀបចំមុខម្ហូបប្លែកៗនៅក្នុងបំពង់ឬស្សី ក្នុងនោះ មានសាច់គោអាំងនៅក្នុងបំពង់ឫស្សីផងដែរ។ ថ្វីត្បិតតែការរៀបចំមានលក្ខណៈសាមញ្ញក៏ដោយ នៅពេលដែលគួបផ្សំជាមួយគ្រឿងផ្សំធម្មជាតិ វាបង្កើតបានជាមុខម្ហូបដ៏គួរឲ្យទាក់ទាញ ជាមួយនឹងរសជាតិខុសប្លែក និងទាក់ទាញពិសេស។ លោក Hoang Duy Cuong បន្ថែមថា៖ “សាច់គោអាំងត្រូវជ្រើសរើសសាច់គោឈ្មូល មិនក្មេងពេក ឬចាស់ពេក ទើបមានរស់ជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់មក យើងប្រឡាក់គ្រឿងទេស រួចដាក់ក្នុងបំពង់ឫស្សី ហើយយកទៅអាំង”។

ការសម្តែង គងឃ្មោះនៅភូមិ Plei Op ។ រូបថត៖ congluan.vn

កាលពី ១៧ ឆ្នាំមុន (២០០៨) ភូមិទេសចរណ៍វប្បធម៌ Plei Op ត្រូវបានទទួលស្គាល់ជាផ្លូវការ ចាប់ពីពេលនោះមក ភូមិបានអភិវឌ្ឍន៍កាន់តែធំទូលាយ និងកាន់តែស្អាត។ អ្នកភូមិបានយល់ដឹងពីការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្រុមសិប្បករគងឃ្មោះតែងតែរក្សាការហ្វឹកហាត់ជាប្រចាំ និងចូលរួមសម្តែងក្នុងកម្មវិធីវប្បធម៌និងសិល្បៈដែលរៀបចំឡើងដោយទីក្រុងនិងខេត្ត។ ជាពិសេស អ្នកភូមិបានបង្កើតនូវដំណើរទេសចរណ៍ពិសោធន៍វប្បធម៌ក្នុងស្រុក ដើម្បីបម្រើភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិផងដែរ៕.