ស្ថិតនៅច្រកទ្វារខាងលិចនៃខេត្ត Quang Ninh មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃរាជវង្ស Tran មានកេរ្តិ៍ដំណែលចំនួន ២៥ ។ ក្នុងនោះ មានកេរ្តិ៍ដំណែលទាំង ១៤ ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស (ក្នុងនោះមានវិមានតម្កល់សពចំនួន ៧អង្គរបស់បណ្តាស្តេច Tran ប្រាសាទនិងទីសក្ការបូជាចំនួន ២ និងស្ថាបត្យកម្មសាសនាចំនួន ៥ ដែលបម្រើសម្រាប់ការប្រតិបត្តិ និងការបង្រៀនគម្ពីរព្រះពុទ្ធសាសនា)។

ប្រាសាទ An Sinh ជាគោលដៅដំបូងក្នុងដំណើរទៅទស្សនា កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសចំនួន ១៤ នៃរាជវង្ស Tran ។ រូបថត៖ Vu Mien/VOV

គោលដៅដំបូងក្នុងដំណើរកម្សាន្តនេះគឺប្រាសាទ An Sinh ដែលជាកន្លែងគោរពបូជានិងជាកន្លែងធ្វើពិធីសែនរបស់បណ្តាស្តេច Tran ហើយក៏ជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់នៅក្រោមរាជវង្ស Tran និងរាជវង្សផ្សេងទៀតក្នុងប្រវត្តិសាស្ត្រវៀតណាមផងដែរ។ ទីធ្លានៃប្រាសាទ An Sinh មានដើមប្រង់ ចំនួនប្រាំបី ជានិមិត្តរូបនៃភាពគងវង្សរបស់ស្តេច Tran ទាំងប្រាំបីរូប ដែលត្រូវបានសក្ការបូជានៅទីនេះ។ លោកស្រី Nguyen Thi My Linh មគ្គុទ្ទេសក៍ទេសចរណ៍នៃគណៈកម្មការគ្រប់គ្រងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិនៃរាជវង្ស Tran បានឲ្យដឹងថា កម្មវិធីបុរាណវិទ្យាជាច្រើនត្រូវបានអនុវត្តដើម្បីធ្វើកំនាយ និងបញ្ជាក់ពីរចនាសម្ព័ន្ធ មាត្រដ្ឋាន រូបរាង និងតម្លៃផ្នែកបុរាណវិទ្យានៃកេរ្តិ៍ដំណែល៖ តំបន់តាំងពិពណ៌កណ្តាលវាលនៅប្រាសាទ An Sinh មានវត្ថុបុរាណចំនួន ១០០ ដែលជាជើងបង្គោលថ្ម បង្ហាញពីប្រវត្តិនៃប្រាសាទ An Sinh ឆ្លងកាត់ដំណាក់កាលជាច្រើននៃការជួសជុល។ តំបន់នេះក៏មានវត្ថុបុរាណផ្សេងទៀតដូចជា៖ កំពែង បន្ទាយថ្ម គ្រឹះស្ថាបត្យកម្មជាដើម

នៅក្នុងមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេសនៃរាជវង្ស Tran ប្រាសាទ Thai Mieu ដើរតួនាទីជាមជ្ឈមណ្ឌល ត្រូវបានសាងសង់ឡើងដោយបណ្តាស្តេច Tran ដើម្បីគោរពបូជាបុព្វបុរស។ Thai Mieu ត្រូវបានរៀបចំយ៉ាងចុះសម្រុងគ្នា ដែលបង្ហាញពីទំនាក់ទំនងរវាងមេឃ ដី និងមនុស្ស។ យោងតាមលោក Pham Xuan Hoan ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលរាជវង្ស Tran បានឲ្យដឹងថា Thai Mieu គឺជាគោលដៅដែលមិនគួររំលងបានក្នុងការធ្វើដំណើរទៅស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ Dong Trieu៖ “ភាពខុសគ្នារវាង Dong Trieu បើធៀបនឹងស្រុកកំណើតរបស់រាជវង្ស Tran នៅខេត្ត Nam Dinh ឬ Thai Binh គឺថា នៅទីនេះមានប្រាសាទ Thai Mieu របស់រាជវង្ស Tran។ មានតែស្រុកកំណើតដើមប៉ុណ្ណោះទើបបានសាងសង់ Thai Mieu ជាកន្លែងគោរពបូជាបុព្វការីជននិងបណ្តាស្តេច Tran ។ នេះក៏ជាកេរ្តិ៍ដំណែលកណ្តាល ដែលសក្ការបូជាបុព្វការីជននិងស្តេច Tran ទាំង ១៤អង្គ។ នៅជុំវិញប្រាសាទ Thai Mieu នៃរាជវង្ស Tran មានវត្តអារាម ប្រាសាទ និងវិមានតម្កល់សពបណ្តាស្តេច Tran នៅ Dong Trieu ផងដែរ”។

វត្ត Ngoa Van ជាសំណង់ដ៏មានអត្ថន័យបំផុត នៅពេលបានមើលឃើញទិដ្ឋភាពដ៏ពិសិដ្ឋ នៃការ ចូលបរិនិព្វានរបស់ស្តេច Tran Nhan Tong ។ រូបថត៖ Vu Mien/VOV

ចាប់តាំងពីចុងសតវត្សទី ១៣ មក មណ្ឌលស្ថាបត្យកម្មប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិពិសេសនៃរាជវង្ស Tran នៅទីក្រុង Dong Trieu ត្រូវបានកំណត់យ៉ាងច្បាស់តាមមាត្រដ្ឋាន នៅពេលដែលស្តេច Tran Nhan Tong ជាអង្គស្តេចទីបីនៃរាជវង្ស Tran (ឈ្មោះពិត Tran Kham) បានមក Yen Tu ដើម្បីប្រតិបត្តិព្រះពុទ្ធសាសនា ហើយបានបង្កើតព្រះពុទ្ធសាសនានិកាយ Truc Lam Yen Tu ។ នេះជាមរតកខាងវិញ្ញាណដ៏អស្ចារ្យបំផុតដែលស្តេច Tran Nhan Tong បានបន្សល់ទុកមក ហើយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅវត្ត Ngoa Van ។ នេះជាមណ្ឌលកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាដ៏ធំមួយដែលមានសំណង់ជាច្រើនត្រូវបានសាងសង់ឡើងនៅជុំវិញកំពូលភ្នំ Ngoa Van និងប្រាង្គ Phat Hoang ជាកន្លែងដែលរក្សាទុកព្រះសារីរិកធាតុរបស់ស្តេច Tran Nhan Tong ។ ព្រះតេជគុណ Thich Dao Hien អនុប្រធានគណៈអភិបាល និងជាលេខាធិការសមាគមន៍ព្រះពុទ្ធសាសនាវៀតណាម ខេត្ត Quang Ninh មានពុទ្ធដីការថា៖ “នៅប្រទេសវៀតណាម វត្ត Ngoa Van ក៏ត្រូវបានចាត់ទុកជាកន្លែងដ៏ពិសិដ្ឋបំផុត ខុសពីកេរ្តិ៍ដំណែលដទៃទៀតដែលត្រូវបានជួសជុល និងតុបតែងឡើងវិញក្នុងសម័យក្រោយៗទៀត។ វត្ត Ngoa Van នៅតែមានប្រព័ន្ធប៉ម ត្រូវបានរក្សាស្ទើរតែដដែលពីរាជវង្ស Tran ។ នាពេលថ្មីៗនេះ ហិបផ្កាឈូកមាសតាំងពីរាជវង្ស Tran ដែលត្រូវបានទទួលស្គាល់ជារតនសម្បត្តិជាតិ ក៏ត្រូវបានរកឃើញនៅតាមផ្លូវឡើងទៅវត្ត Ngoa Van ផងដែរ”។

ផើងផ្កាសេរ៉ាមិចពណ៌ត្នោត តុបតែងដោយគំនូរសត្វនាគទាំង ៨ រូប សតវត្សទី ១៣ ជាវត្ថុបុរាណនៅប្រាសាទ Thai Mieu នៃរាជវង្សត្រាន។ រូបថត៖ Vu Mien/VOV

មកដល់ Dong Trieu ក្នុងនិទាឃរដូវ ភ្ញៀវទេសចរណ៍មិនត្រឹមតែកោតសរសើរនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងទទួលអារម្មណ៍នៃយុគសម័យមាស ជាតំបន់ដីដែលសម្គាល់ជាមោទនភាពជាតិផងដែរ។ លោក Nguyen Van Cong លេខាគណៈកម្មាធិការបក្សទីក្រុង Dong Trieu បានឲ្យដឹងថា៖ "ចាប់ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ន Dong Trieu បានធ្វើសង្គមរូបនីយកម្ម និងទាក់ទាញការវិនិយោគទុនជាង ៣០០ ពាន់លានដុង (១២ លានដុល្លារអាមេរិក) ដើម្បីស្ដារឡើងវិញនូវមណ្ឌលកេរ្តិ៍ដំណែលនានា ជាពិសេសកេរ្តិ៍ដំណែលរបស់រាជវង្ស Tran ។ យើងបន្តយកចិត្តទុកដាក់ ពិនិត្យ ស្ដារ និងលើកកម្ពស់តម្លៃខាងសម្ភារៈនិងវិញ្ញាណនៃមណ្ឌលកេរ្តិ៍ដំ ណែល។ សំខាន់ជាងនេះទៅទៀត គឺត្រូវតភ្ជាប់ជាមួយតំបន់ជិតខាង ជាពិសេសមណ្ឌលកេរ្តិ៍ដំណែលដែលត្រូវបានដាក់ជូន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោក និងតភ្ជាប់ដំណើរទេសចរណ៍ដើម្បីឱ្យ Dong Trieu ក្លាយជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃខ្សែសង្វាក់ផលិតផលទេសចរណ៍ខេត្ត Quang Ninh ក៏ដូចជាបណ្តាខេត្តជិតខាង”។

និទាឃរដូវមកដល់តំបន់ដីដ៏ពិសិដ្ឋនៃរាជវង្ស Tran ក៏ជាការត្រលប់មករកតម្លៃខាងវិញ្ញាណនិងវប្បធម៌ដ៏គួរឲ្យទាក់ទាញ ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រវប្បធម៌វៀតណាម៕