ទីផ្សារបរទេស​ទទួល​ស្វាគមន៍ផលិតផលមាន​ម៉ាកយីហោ​វៀតណាម

(VOVWORLD) - មិនត្រឹមតែទទួលបានការជឿទុកចិត្តពីអ្នកប្រើប្រាស់ក្នុងស្រុកប៉ុណ្ណោះទេ ផលិតផលវៀតណាមកំពុងអះអាងពីគុណភាពរបស់ខ្លួននៅលើទីផ្សារបរទេសហើយទទួលបានប្រប្រិយភាពនិងវាយតម្លៃខ្ពស់ពីអ្នកប្រើប្រាស់នៅបរទេសទៀតផង។ ដោយមានការគាំទ្រពីក្រសួង ផ្នែក ស្ថាប័នតំណាងការទូតនៅបរទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ផលិតផល “Made in Vietnam" កំពុងមានវត្តមាននិងពង្រីកចំណែកទីផ្សារដោយឥតឈប់ឈរនៅទូទាំងពិភពលោក។
 
ក្នុង “សប្តាហ៍ទំនិញវៀតណាម” ដែលរៀបចំដោយការិយាល័យពាណិជ្ជកម្ម Carrefour Group និងក្រុមហ៊ុន T&T Food នៅប្រទេសបារាំងនាពេលថ្មីៗនេះ ផលិតផលរាប់រយមុខ របស់សហគ្រាសវៀតណាមជាង ១០ ដែលចូលរួម បាននាំឲ្យមានការយកចិត្តទុកដាក់និងចំណង់ចំណូលចិត្តរបស់អតិថិជនបារាំង។ ជាពិសេស ផលិតផលផ្លែឈើ និងកសិផលពិសេសរបស់វៀតណាមដូចជា៖ ផ្លែស្រកានាគ ស្វាយ ក្រូចថ្លុង អង្ករ ម្រេច ឈើអែម ផ្កាចន្ទ គ្រាប់ស្វាយចន្ទី កាហ្វេ តែ បន្លែស្ងួត បាញ់ត្រាង។ លោកស្រី Coralie Bellérophon អតិថិជនបារាំងម្នាក់បានចែករំលែកថា៖  “ស្តង់ទំនិញវៀតណាមនៅទីនេះមានជម្រើសជាច្រើន។ ជាមួយនឹងផលិតផលដូចជា នំបញ្ចុក ផ្សិត ទឹកស៊ូប... ជួយឲ្យស្ត្រីមេផ្ទះអាចរៀបចំមុខម្ហូបជាច្រើនពោពេញទៅដោយរសជាតិវៀតណាម ជាមួយនឹងគ្រឿងផ្សំពិសេសរបស់វៀតណាម”។
ទីផ្សារបរទេស​ទទួល​ស្វាគមន៍ផលិតផលមាន​ម៉ាកយីហោ​វៀតណាម - ảnh 1ពិធីកាត់ខ្សែបូបើក សប្តាហ៍ទំនិញវៀតណាម។ រូបថត៖ Anh Tuan/VOV-Paris

“សប្តាហ៍ទំនិញវៀតណាម” មិនត្រឹមតែជាឱកាសដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលវៀតណាមនៅក្នុងទីផ្សារបារាំង និងទ្វីបអឺរ៉ុបនិយាយរួម ប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីពង្រីកនិងជ្រៀតចូលទីផ្សារនិងតំបន់ផ្សេងៗទៀត។ លោក Triki Ilyes មកពីប្រទេសទុយនីស៊ីបាននិយាយថា៖ “ខ្ញុំទើបបានសាកល្បងដំណប់ផ្លែឈើស្ងួតរបស់វៀតណាម ឆ្ងាញ់ណាស់ មិនផ្អែមពេក ហើយនៅតែរក្សាបានក្លិនក្រអូបនៃផ្លែឈើធម្មជាតិ។ ខ្ញុំពិតជាចូលចិត្ត និងសង្ឃឹមថាផលិតផលទាំងនេះមិនត្រឹមតែមានវត្តមាននៅអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនៅអាហ្វ្រិកទៀតផង”។

នាពេលថ្មីៗនេះ ការពង្រឹងសកម្មភាពផ្សព្វផ្សាយផលិតផលវៀតណាមតាមរយៈព្រឹត្តិការណ៍ដូចជា “សប្តាហ៍ទំនិញវៀតណាម” បានជួយឲ្យអ្នកប្រើប្រាស់នៅបរទេស មានឱកាសទទួលបានផលិតផលវៀតណាម បន្ថែមជម្រើស និងជួយម៉ាកយីហោវៀតណាមកសាងឋានៈរបស់ខ្លួន។ លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងបានអះអាងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អង្គភាពអាជីវកម្មវៀតណាមបានចូលរួមនៅក្នុងពិព័រណ៍ជាបន្តបន្ទាប់។ តាមនោះ យើងកំពុងបង្កើតម៉ាកយីហោវៀតណាមដ៏ល្បីល្បាញនៅក្នុងចំណោមដៃគូអន្តរជាតិ ទីផ្សារបារាំង អឺរ៉ុប និងទីផ្សារប្រទេសជិតខាងផងដែរ”។

ទីផ្សារបរទេស​ទទួល​ស្វាគមន៍ផលិតផលមាន​ម៉ាកយីហោ​វៀតណាម - ảnh 2ស្តង់ទំនិញវៀតណាមទាក់ទាញអ្នកប្រើប្រាស់បារាំង។ រូបថត៖ Anh Tuan/VOV-Paris

ដើម្បីប្រកួតប្រជែងជាមួយផលិតផលនៅទីផ្សារក្នុងស្រុក សហគ្រាសវៀតណាមបានលើកកំពស់គុណភាពផលិតផលដោយឥតឈប់ឈរ។ ដូច្នេះហើយ អតិថិជននិងដៃគូជាច្រើនបានយកចិត្តទុកដាក់និងមានបំណងសហការ។ នៅឯពិព័រណ៍អាហារ និងភេសជ្ជៈអន្តរជាតិ Worldfood Moscow ដែលជាព្រឹត្តិការណ៍ឯកទេសប្រចាំឆ្នាំដ៏មានកិត្យានុភាព និងធំជាងគេនៅសហព័ន្ធរុស្ស៊ីក្នុងវិស័យផលិតផលកសិកម្ម ម្ហូបអាហារ និងភេសជ្ជៈ ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ លោក Truong Quoc Bao នាយកទីផ្សារនៃសារជីវកម្ម TH បានឲ្យដឹងថា ៖ “អតិថិជនទាំងនេះគឺជាដៃគូ ពួកគេចង់ក្លាយជាអ្នកផ្គត់ផ្គង់របស់ TH ។ អតិថិជនខ្លះចង់ក្លាយជាអ្នកចែកចាយរបស់ TH ទៀតផង។ ពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផលិតផលពិសេសរបស់ក្រុមហ៊ុន ជាពិសេសផលិតផលពីឱសថ និងតែរបស់អាស៊ី”។

ស្រដៀងគ្នានេះដែរ លោក Nguyen Manh Hung អគ្គនាយកសារជីវកម្ម NASFOODS បានចែករំលែកថា ជំនួសឱ្យការនាំយកផលិតផលឆៅមកចូលរួមពិព័រណ៍ដូចកាលពីមុននេះ សហគ្រាសវៀតណាមកំពុងផ្តោតលើគុណភាពផលិតផលរហូតដល់ការរចនាវេចខ្ចប់ ចាប់ពីការវេចខ្ចប់រហូតដល់ការផ្សព្វផ្សាយម៉ាកយីហោ៖        “កាលពីមុន យើងខ្ញុំបានចូលរួមជាចម្បងក្នុងការផ្តល់ ទំនិញ និងសេវាកម្មសម្រាប់អាជីវកម្ម ប៉ុន្តែឥឡូវនេះភាគច្រើនគឺផលិតផលប្រើប្រាស់ ផលិតផលស្ងួត និងផលិតផលគ្រាប់ធញ្ញជាតិ។ ប្រទេសរុស្ស៊ីគឺជាទីផ្សារដ៏ធំមួយនៅឆ្នាំនេះ NASFOODS បានចាប់ផ្តើមឈានចូលទីផ្សាររុស្ស៊ីជាផ្លូវការ ហើយសង្ឃឹមថា នឹងមានរោងចក្រនៅទីនេះក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ”។

ទីផ្សារបរទេស​ទទួល​ស្វាគមន៍ផលិតផលមាន​ម៉ាកយីហោ​វៀតណាម - ảnh 3គណៈប្រតិភូបានសាក់ល្បង ផលិតផលម្រេចវៀតណាម។ រូបថត៖ Anh Tuan/VOV-Paris

ជាមួយនឹងខ្លឹមសារសម្បូរបែប ការរចនាទាក់ទាញភ្នែក និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត តាមទិសដៅបង្កើនតម្លៃបន្ថែម សហគ្រាសវៀតណាមកំពុងផ្គត់ផ្គង់ផលិតផលវៀតណាមដែលកាន់តែសមស្របទៅនឹងនិន្នាការរបស់ទីផ្សារនិងចំណង់ចំណូលចិត្តរបស់អតិថិជននៅក្នុងប្រទេស និងតំបន់ជាច្រើន។ យោងតាមអ្នកជំនាញ អ្នកប្រើប្រាស់នៅលើពិភពលោក ជាពិសេសក្នុងទីផ្សារដូចជាសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប មានតម្រូវការខ្ពស់ក្នុងការសិក្សាអំពីព័ត៌មានផលិតផល ហើយកត្តាពាក់ព័ន្ធនឹងការរចនា និងការវេចខ្ចប់ផលិតផលតែងតែផ្តោតលើកត្តាបរិស្ថាននិងភាពស្និទ្ធស្នាលជាមួយបរិស្ថាន។ ទាំងនេះគឺជាកត្តាដែលសហគ្រាសវៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងកែលម្អនាពេលថ្មីៗនេះ ធានាដំណើរការផលិតកម្មបំពេញស្តង់ដាររបស់ទីផ្សារបរទេស។

ទន្ទឹមនឹងនោះ សហគ្រាសកំពុងផ្លាស់ប្តូរការត្រិះរិះ ការយល់ដឹងអំពីវប្បធម៌នៃទីផ្សារនីមួយៗ និងទម្លាប់ធ្វើអាជីវកម្ម ផ្តល់ផលិតផលដែលសមស្របនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅបរទេស ហើយនៅតែរក្សាអត្តសញ្ញាណរបស់វៀតណាម ដើម្បីជួយកំណត់ម៉ាកយីហោរបស់សហគ្រាសឱ្យកាន់តែប្រសើរឡើង។ ដោយបានចូលរួមកាន់តែស៊ីជម្រៅនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម ពិព័រណ៍ និងការតាំងបង្ហាញនានា សហគ្រាសវៀតណាមមិនត្រឹមតែផ្សព្វផ្សាយផលិតផល និងពង្រីកទីផ្សារប៉ុណ្ណោះទេ ថែមទាំងព្យាយាមចាប់យកនិន្នាការរបស់ឧស្សាហកម្មម្ហូបអាហារអន្តរជាតិ ស្វែងរកគំនិតទម្លុះទម្លាយសម្រាប់សហគ្រាស ដើម្បីបង្កើនប្រាក់ចំណេញ និងឈានដល់ទីផ្សារពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ