ខែ​ឧសភា – អញ្ជើញទស្សនាភូមិ Sen ស្រុកកំណើត​របស់លោក​ប្រធាន​ហូជីមិញ

(VOVWORLD) - ពីទីក្រុង Vinh ខេត្ត Nghe An ធ្វើដំណើរទៅតាមផ្លូវខេត្តលេខ ៤៦ ដល់ គីឡូម៉ែត្រ លេខ ១៣ បត់ឆ្វេងតាមបណ្ដោយផ្លូវក្រាលកៅស៊ូ គឺមកដល់មណ្ឌលកេរ្កិ៍ដំណែលជាតិ ពិសេស - មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ អំពីលោកប្រធានហូជីមិញ នៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An ត។ 
ខែ​ឧសភា – អញ្ជើញទស្សនាភូមិ Sen ស្រុកកំណើត​របស់លោក​ប្រធាន​ហូជីមិញ - ảnh 1មណ្ឌលកេរ្កិ៍ដំណែលជាតិ ពិសេស - មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ អំពីលោកប្រធានហូជីមិញ នៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An (រូបថត៖ Bao Nghe An)

កន្លែងនេះគឺជាបណ្ដុំកេរ្កិ៍ ដំណែលប្រវត្តិសាស្ត្រដ៏សន្ធឹកសន្ធាប់ ហើយជាភូមិជនបទវៀតណាមមួយដែលត្រូវបានបង្កើត និងរក្សាយ៉ាងដដែលចាប់តាំងពីបណ្ដាឆ្នាំចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២០ ។ ដោយមានលក្ខណៈសាមញ្ញ និងសុខសាន្តត្រាណ តំណាងឲ្យភាពស្រស់ស្អាតនៃភូមិជនបទពោរពេញទៅដោយសញ្ញាសម្គាល់នៃវប្បធម៌ប្រពៃណីវៀតណាម។

ភូមិ Sen ឃុំ Kim Lien ជាស្រុកកំណើតខាងឪពុករបស់លោកប្រធានហូជីមិញ ដែលបានរក្សាដដែលនូវផ្ទះរបស់លោកតាអនុបណ្ដិត Nguyen Sinh Sac ឪពុករបស់លោកប្រធានហូជីមិញ ដែលត្រូវបានអ្នកភូមិ Sen ប្រើប្រាស់មូលនិធីសាធារណៈ ដើម្បីសាងសង់ឡើងធ្វើជាកាដូជូនលោកតា ក្នុងឱកាសលោកតាប្រឡងជាប់អនុបណ្ដិតក្នុងឆ្នាំ ១៩០១ ជាមួយសំណង់សំខាន់ៗដូចជា ផ្ទះធំ ផ្ទះល្វែង ក្លោងទ្វារ ទីធ្លា និងសួនច្បារ។ នៅក្នុងផ្ទះ នៅតែរក្សាបានវត្ថុតាងដ៏មានតម្លៃជាច្រើន ដូចជា តុឈើពីរឈុត គ្រែ កេសដាក់ស្បៀងអាហារ ទូដាក់ប្រដាប់ប្រដាប្រើប្រាស់ ស្ពកឈើលាបពណ៌ខ្មៅ។ ល្វែងផ្ទះដ៏ពិសិដ្ឋបំផុតរបស់គ្រួសារលោកតា Nguyen Sinh Sac គឺជាទីគោរពសក្ការៈបូជាលោកយាយ Hoang Thi Loan ដែលជាភរិយា និងជាអ្នកម្តាយ ដែលបានទទួលមរណៈភាពក្នុងអាយុ ៣៣ ឆ្នាំ។

អញ្ជើញទស្សនាភូមិ Sen ថ្ងៃនេះ ផ្កាឈូកប្រៀបប្រដូចជាបាតដៃដ៏ទន់ភ្លន់ គួរឲ្យស្រលាញ់ស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទី។ ជួរដើមឬស្សីខៀវស្រងាត់ព័ទ្ធជុំវិញផ្ទះលោកគឺជានិមិត្តសញ្ញានៃឬទ្ធានុភាពជនវៀតណាមពោលគឺទៀងត្រង់ រឹងប៉ឹង បត់បែន ហើយជួរឬស្សីទាំងមូលហាក់ដូចជាកំពែងវាយបរាជ័យខ្លាំងសត្រូវទាំងអស់។ ទោះបីជាផ្ទះបីល្វែងនេះបានឆ្លងកាត់ខ្យល់ព្យុះយ៉ាងច្រើនលើកក៏ដោយ ប៉ុន្តែនៅតែរឹងមាំដដែល។ អ្នកស្រី Nguyen Kim Thanh មគ្គុទ្ទេសក៍មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ស្រុក Nam Dan ខេត្ត Nghe An បានឲ្យដឹងថា៖ “នៅពេលដែលលោកប្រធានហូជីមិញអញ្ជើញវិលត្រឡប់មកស្រុកកំណើតលើកដំបូង គឺមានត្រឹមតែផ្ទះធំប៉ុណ្ណោះ។ នៅឆ្នាំ ១៩៥៩ លោកបានវិលត្រឡប់មកស្រុកកំណើតលើកទី ២ ទើបមានផ្ទះទី ២ ដែលបានសាងសង់នៅក្បែរនោះ។ ពេលនោះលោកបានទស្សនាផ្ទះទាំង ២ ខ្នង ដែលលោកបានរស់នៅក្នុងរយៈពេល ៥ ឆ្នាំកាលពីកុមារភាព។ លោកប្រធានហូជីមិញបានឃើញថា ស្រុកកំណើតមានការផ្លាស់ប្ដូរថ្មី និងជឿនលឿនជាច្រើន។ លោកបានលើកទឹកចិត្តអ្នកភូមិកសាងស្រុកកំណើត កសាងសហករណ៍ ហើយធ្វើជាសមរភូមិក្រោយសម្រាប់បុព្វហេតុតស៊ូប្រឆាំងចក្រព័ត្តិអាមេរិក និងរំដោះភាគខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិផងដែរ”។

នៅស្រុកកំណើតខាងម្ដាយរបស់លោកប្រធានហូជីមិញ នៅភូមិ Hoang Tru ឃុំ Kim Lien វត្ថុអនុស្សាវរីយ៍ដែលផ្សារភ្ជាប់ជាមួយកុមារភាព និងក្រុមគ្រួសាររបស់លោកប្រធានហូជីមិញត្រូវបានថែរក្សា និងណែនាំដល់សាធារណជន។ ផ្ទះតូចមួយខ្នងនៅតែរក្សាវត្ថុអនុស្សាវរីយ៍ដ៏ពិសិដ្ឋ ដែលផ្សារភ្ជាបជាមួយយុវវ័យរបស់លោក។អ្នកស្រី Nguyen Kim Thanh មគ្គុទ្ទេសក៍មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ស្រុក Nam Dan ខេត្ត Nghe An បានឲ្យដឹងថា៖ “ផ្ទះតូច ៣ ល្វែងគឺជាទីកន្លែងដែលលោកប្រធានហូជីមិញបានប្រសូត្រ និងរស់នៅក្នុងរយៈពេល ៥ ឆ្នាំ នៃកុមារភាពក្នុងក្ដីស្រលាញ់របស់ក្រុមគ្រួសារ។ ក្រោយរយៈពេល ៥០ ឆ្នាំឃ្លាតឆ្ងាយពីស្រុកកំណើតនោះ នៅពេលវិលត្រឡប់មកស្រុកកំណើតវិញ លោកមានអារម្មណ៍ក្តុកក្ដួលយ៉ាងខ្លាំង ដោយវត្ថុអនុស្សាវរីយ៍នៅតែបានរក្សាដដែល។ ក្រោយមកលោកប្រធានបានជួបសំណេះសំណាលជាមួយអ្នកភូមិ។ ក្រោយរយៈពេល ៥០ ឆ្នាំ លោកប្រធានហូជីមិញបានជួបមិត្តភក្តិពីកុមារភាពគឺ លោក Nguyen Thuyen។ លោកប្រធានហូជីមិញបានដាក់ដៃលើស្មាមិត្ត ហើយនិយាយថា៖ តើមិត្តនៅចាំខ្ញុំទេ ស្លាកស្នាមនៅពេលទៅស្តូចត្រីនៅតែមានដដែល”។

ខែ​ឧសភា – អញ្ជើញទស្សនាភូមិ Sen ស្រុកកំណើត​របស់លោក​ប្រធាន​ហូជីមិញ - ảnh 2មណ្ឌលកេរ្កិ៍ដំណែលជាតិ ពិសេស - មណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ អនុស្សាវរីយ៍ អំពីលោកប្រធានហូជីមិញ នៅឃុំ Kim Lien ស្រុក Nam Dan ខេត្ត Nghe An (រូបថត៖ Bao Nghe An)

អញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ភ្ញៀវទេសចរក៏បានទៅទស្សនាភ្នំ Dong Tranh ដែលជាកន្លែងមានផ្នូររបស់ជីដូន និងអ្នកម្តាយរបស់លោកប្រធានហូជីមិញគឺលោកយាយ Hoang Thi Loan។ ផ្នូរត្រូវបានរចនាឡើងដូចជាផ្កាឈូកយក្ស។ ដំបូលផ្នូរត្រូវបានរចនាឡើងពីទម្រង់កីត្បាញ និងក្រណាត់សូត្រដើម្បីការពារកំដៅឲ្យផ្នូរ។ ជាពិសេសនៅខាងក្រោយផ្នូរគឺជាផ្ទាំងសិលាចារិក។ ផ្ទាំងសិលាចារិកត្រូវបានឆ្លាក់យ៉ាងប្រណិតជាមួយនឹងរូបភាពបឹងផ្កាឈូកក្រអូប។ លោកស្រី Huyen Trang ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នាងខ្ញុំរំជួលចិត្តណាស់នៅពេលមកទស្សនាស្រុកកំណើតរបស់ប្រធានហូជីមិញ ។ នៅពេលស្ដាប់អំពីជីវិតរបស់លោក នាងខ្ញុំមិនអាចជឿថាជីវិតរបស់លោកប្រធានហូជីមិញសាមញ្ញដូច្នេះឡើយ។ ដំណើរទស្សនានេះពិតជាមានអត្ថន័យចំពោះក្រុមគ្រួសារនាងខ្ញុំណាស់។ តាមរយៈវត្ថុអនុស្សាវរីយ៍នីមួយៗ ក្រុមគ្រួសារនាងខ្ញុំកាន់តែស្រឡាញ់ និងយល់ដឹងបន្ថែមអំពីជីវិត និងបុព្វហេតុរបស់លោកផងដែរ”។

ជារៀងរាល់ឆ្នាំ ក្នុងពិធីបុណ្យទាននានា ជាពិសេសគឺក្នុងឱកាសទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី ១៩ ឧសភា ឆ្នាំ ១៨៩០) ប្រជាជននៅទូទាំងប្រទេសបានមកទស្សនាមណ្ឌលកេរ្កិ៍ដំណែល ដើម្បីរំលឹកគុណូបការៈដល់លោក។ ទន្ទឹមនឹងនេះ មណ្ឌលកេរ្កិ៍ដំណែលក៏ជាទីកន្លែងរៀបចំការប្រជុំជីវភាពនយោបាយដ៏ធំៗ ពិធីបុណ្យរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ