ឆ្ពោះទៅការកសាងទីក្រុងបេតិកភ័ណ្ឌដោយឈរលើមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលអតីតរាជធានី Hue
(VOVWORLD) - តំបន់កេរ្តិ៍ដំណែលអតីតរាជធានី Hue ដែលជាបេតិកភ័ណ្ឌវប្បធម៌ ពិភពលោកនៅទីក្រុង Hue ខេត្ត Thua Thien Hue រហូតដល់សព្វថ្ងៃនេះនៅ តែបានធ្វើការអភិរក្សជាមួយនឹងសំណង់ជាច្រើនប្រកបដោយតម្លៃដ៏វិសេសវិសាល។ រាល់សំណង់ដ៏សម្បូរបែបនៅក្នុងតំបន់កេរ្តិ៍ដំណែលនេះពោរពេញទៅ ដោយអត្តសញ្ញាណប្រពៃណីជាតិផង មានតម្លៃពិសេសខាងប្រវត្តិសាស្ត្រ វប្បធម៌និងសិល្បៈទៀតផង។
នេះក៏ជាប្រៀបខ្លាំងដើម្បីខេត្ត Thua Thien Hue កសាងនិងអភិវឌ្ឍទីក្រុង Hue អោយក្លាយទៅជាទីក្រុងនៃបេតិកភ័ណ្ឌដោយ ឈរលើមូលដ្ឋានគ្រឹះនៃការអភិរក្សនិងពង្រីកតម្លៃរបស់តំបន់កេរ្តិ៍ដំណែល អតីតរាជធានី Hue ផងដែរ។
ទិដ្ឋភាពនៅទីក្រុង Hue នៅតាមមាត់ទន្លេ Huong (រូបថត៖ thuathienhue.gov.vn) |
ទីក្រុង Hue ត្រូវបានរចនានិងកសាងឡើងនៅតាមបណ្ដោយទន្លេ Huong ចាប់តាំងពីដើមសតវត្សទី១៧ ដោយឈរលើមូលដ្ឋានគ្រឹះនៃដំណើរ ការនគរភាវូបនីយកម្មដែលបានប្រព្រឹត្តទៅរាប់រយឆ្នាំមុននោះ នៅពេល ដែលប្រជាជនវៀតណាមភាគខាងជើងធ្វើចំណាកស្រុកទៅកាន់តំបន់ភាគខាងត្បូង។ ហេតុដូច្នេះហើយ រាល់បេតិកភ័ណ្ឌទាំងខាងសម្ភារៈនិងស្មារតីរួម ជាមួយលំហវប្បធម៌ដោយផ្សាភ្ជាប់នឹងបេតិកភ័ណ្ឌទាំងនេះ សុទ្ធតែស្ថិតនៅ តាមបណ្ដោយមាត់ទន្លេ Huong ទាំងសង្ខាងក្នុងនោះលេចធ្លោបំផុតគឺតំបន់កេរ្តិ៍ដំណែល អតីតរាជធានី Hue ជាមួយព្រះបរមរាជវាំង វិមាន វត្តអារ៉ាម ប្រាសាទនិង ប្រាង្គតម្កល់សព ជាដើម។ ជាពិសេសគឺនៅក្នុងតំបន់កេរ្តិ៍ដំណែលអតីតរាជ ធានី Hue មានបេតិកភ័ណ្ឌពិភពលោកចំនួន៧ដែលត្រូវបានទទួលស្គាល់ដោយ អង្គការ UNESCO ក្នុងនោះមានបេតិកភ័ណ្ឌចំនួន៥របស់រាជវង្ស Nguyen គ្រប់៣ប្រភេទមានទាំង រូបីយ៍ អរូបីយ៍និងបេតិកភ័ណ្ឌឯកសារ។ នាបច្ចុប្បន្ន ខេត្ត Thua Thien Hue ជាតំបន់តែមួយគត់ដែលនៅតែអភិរក្សបេតិកភ័ណ្ឌវប្បធម៌ វៀតណាមដដែលទាំងបេតិកភ័ណ្ឌរូបីយ៍ អរូបីយ៍ ទេសភាពធម្មជាតិ របៀប រស់នៅ និងទំនៀមទំលាប់។ នេះក៏ជាតំបន់ដែលមានបេតិកភ័ណ្ឌធម្មជាតិដ៏ វិសេសវិសាលជាច្រើនទៀតផង ដូចជាទន្លេ Huong វាលភក់ Tam Giang ឈូងសមុទ្រ Lang Co – Chan May និងព្រៃជាតិ Bach Ma។
តាមការវាយតម្លៃរបស់បណ្ដាអ្នកជំនាញថា ការអភិវឌ្ឍទីក្រុង Hue ក្លាយទៅជានគរបេតិកភ័ណ្ឌថ្នាក់ជាតិរបស់វៀតណាមគឺជាប្រការចាំបាច់និងសមស្របទាំងស្រុងនឹងទីក្រុងនេះ។ លោកសាស្ត្រាចារ្យ បណ្ឌិត Truong Quoc Binh សមាជិកក្រុមប្រឹក្សាបេតិកភ័ណ្ឌជាតិបានអោយដឹងថា៖
“Hue ប្រមូលផ្ដុំបទដ្ឋានគ្រប់គ្រាន់ដើម្បីក្លាយទៅជានគរបេតិកភ័ណ្ឌ ប្រពៃណីមួយ ទាំងខាងបរិមាណនិងគុណភាពរបស់បេតិកភ័ណ្ឌវប្បធម៌ រូបីយ៍និងអរូបីយ៍។ ហើយសំខាន់បំផុតគឺការស្រុះចិត្តគំនិតរបស់ប្រជាជន។ ប្រជាជន Hue មានបំណងចង់កសាង Hue ក្លាយទៅជាទីក្រុងបេតិកភ័ណ្ឌយ៉ាងពិតប្រាកដ”។
កេរ្តិ៍ដំណែលព្រះបរមរាជវាំង Hue ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌពិភពលោក (រូបថត៖ thuathienhue.gov.vn) |
តាមគម្រោងកសាងនិងអភិវឌ្ឍលំហនគរ Hue ដល់ឆ្នាំ២០៣០ ចក្ខុ វិស័យដល់ឆ្នាំ២០៥០ ខេត្ត Thua Thien Hue នឹងពង្រីកផ្ទៃដីនគរ Hue រួមមានទីក្រុង Hue នាបច្ចុប្បន្ននិងផ្នែកមួយនៃឃុំ Huong Thuy ឃុំ Huong Tra និងស្រុក Phu Vang ជាមួយទំហំផ្ទៃដីសរុបប្រមាណ៣៤៨ គីឡូម៉ែត្រការ៉េ ពោលគឺធំជាង៥ដងបើធៀបនឹងផ្ទៃដីទីក្រុង Hue នាសព្វថ្ងៃ។ ដោយការពង្រីកផ្ទៃដីយ៉ាងដូច្នេះ នគរ Hue នឹងមានសណ្ឋានផែនដី ដ៏សម្បូរបែបរួមទាំងទន្លេបឹងបួរ ភ្នំ សមុទ្រ រួមជាមួយប្រព័ន្ធឧទ្យាននិងចម្ការ ដ៏ស្រស់ត្រកាល ដែលអាចក្លាយទៅជាគោលដៅទេសចរណ៍បៃតងមួយ គួរអោយចាប់អារម្មណ៍។ ក្រៅពីនោះ នគរ Hue ថែមទាំងមានលក្ខណៈ ពិសេសដោយឡែកនៃទីក្រុងបុរាណមួយ ដែលត្រូវបានអភិវឌ្ឍតាមទិសដៅ សមស្រប ដោយយកសេវាកម្ម ទេសចរណ៍និងប្រៀបខ្លាំងផ្សេងៗនៃមជ្ឈ មណ្ឌលវប្បធម៌ អប់រំបណ្ដុះបណ្ដាល សុខាភិបាល វិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីអភិវឌ្ឍទីក្រុង Hue ក្លាយទៅជានគរមួយសម្បូរទៅដោយ “បេតិកភ័ណ្ឌ វប្បធម៌ អេកូឡូស៊ី ទេសភាពធម្មជាតិ និងស្និទ្ធស្នាលជាមួយបរិស្ថាន”។ អ្នក ស្រាវជ្រាវលោក Nguyen Xuan Hoa អតីតនាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Thua Thien-Hue បានចាត់ទុកថា៖
“ប្រសិនបើយើងបើកទូលាយនគរ Hue ប្រែទីក្រុង Hue អោយក្លាយទៅ ទៅជាទីក្រុងបេតិកភ័ណ្ឌមួយ គឺយើងត្រូវតែមានផែនការមេស្ដីពីការរៀបចំ ដីធ្លី ដើម្បី តភ្ជាប់ នគរចាស់និងនគរថ្មី បង្កើតឡើងគំរូនគរពិសេសមួយ ពេញទៅដោយតម្លៃបេតិកភ័ណ្ឌរបស់វៀតណាម។ ទន្ទឹមនឹងនោះ ពង្រីកការអភិវឌ្ឍនៃវិស័យសេវាកម្មក្នុងនគរដើម្បីបង្កើតឡើងអាជីពវិជ្ជាជីវៈថ្មី ជំរុញការអភិវឌ្ឍរបស់ប្រជាជននៅក្នុងនគរផងដែរ”។
តាមគម្រោងកសាង អភិវឌ្ឍនគរ Hue បានដាក់ចេញគោលដៅថា ខេត្ត Thua Thien Hue នឹងខិតខំប្រឹងប្រែងនាំទីក្រុង Hue ក្លាយទៅជាទីក្រុង ក្រោមឱវាទមជ្ឈឹមនាឆ្នាំ២០២៥។ ដល់ឆ្នាំ២០៣០ អភិវឌ្ឍនគរ Hue ក្លាយ ទៅជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលធំៗនៃតំបន់អាស៊ីអាគ្នេយ៍អំពីវប្បធម៌ ទេសចរណ៍និងសុខាភិបាល ព្រមទាំងជាមជ្ឈមណ្ឌលធំមួយក្នុង ប្រទេសអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អប់រំបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជីវភាពរស់នៅរបស់ប្រជាជនសម្រេចបានស្ដង់ដារខ្ពស់។ ចក្ខុវិស័យដល់ ឆ្នាំ២០៤៥ នគរ Hue ជាទីក្រុង Festival ជាមជ្ឈមណ្ឌលវប្បធម៌ អប់រំ ទេសចរណ៍និងសុខាភិបាលនៃទ្វីបអាស៊ី៕