តំបន់កេរ្តិ៍ដំណែល Bac Son - មោទនភាពរបស់ប្រជាជនទឹកដី Lang Son

(VOVWORLD) - ការធ្វើកូប្បកម្ម Bac Son នាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៤០ មានអត្ថន័យដ៏ធំធេងចំពោះប្រវត្តិសាស្រ្តនៃប្រជាជាតិវៀតណាម ដែលជានិមិត្តរូបដ៏ភ្លឺស្វាងនៃស្មារតីស្នេហាជាតិ និងឆន្ទៈដ៏មោះមុតរបស់កងទ័ព និងប្រជាជនតំបន់ Bac Son និយាយដោយឡែក ក៏ដូចជាកងទ័ពនិងប្រជាជនវៀតណាមនិយាយរួម។ 
តំបន់កេរ្តិ៍ដំណែល Bac Son - មោទនភាពរបស់ប្រជាជនទឹកដី Lang Son - ảnh 1តំបន់កេរ្តិ៍ដំណែលជាតិពិសេសនៃកូប្បកម្ម Bac Son ខេត្ត Lang Son។
រូបថត៖ baochinhphu.vn

ទីកន្លែងដែលផ្សាភ្ជាប់នឹងកូប្បកម្ម Bac Son ក៏ដូចជាការតស៊ូប្រឆាំងនឹងសត្រូវឈ្លានពានរបស់ប្រជាជាតិវៀតណាម សព្វថ្ងៃនេះបានក្លាយជាកេរ្តិ៍ដំណែលមួយក្នុងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃកូប្បកម្ម Bac Son ដែលត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៦។ សព្វថ្ងៃនេះ តំបន់កេរ្តិ៍ដំណែលនៃកូប្បកម្ម Bac Son គឺជាសារមន្ទីរដ៏រស់រវើក ដែលថែរក្សាវត្ថុតាងដោយភ្ជាប់នឹងកូប្បកម្ម Bac Son។

តំបន់កេរ្តិ៍ដំណែលនៃកូប្បកម្ម Bac Son មានតម្លៃប្រវត្តិសាស្ត្រលេចធ្លោ និងសំខាន់ក្នុងប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រយោធាបដិវត្តន៍វៀតណាម ដែលកត់សម្គាល់នូវព្រឹត្តិការណ៍ជាច្រើនដែលមានអត្ថន័យសំខាន់ពិសេសដូចជា៖ ដំណើរការក្រេបយកគោលមាគ៌ាបដិវត្តន៍និងការបង្កើតសាខាបក្សដំបូងបំផុតនៅ Bac Son (១៩៣០ - ១៩៣៦); កូប្បកម្ម Bac Son (ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៤០) - ដែលចាប់ផ្តើមចលនាតស៊ូបដិវត្តន៍ដ៏ខ្លាំងក្លាទូទាំងប្រទេស; ការបង្កើតរណសិរ្សវៀតមិញ កសាងកម្លាំងត្រៀមធ្វើកូប្បកម្ម (១៩៤១ - ១៩៤៥); ចលនាប្រឆាំងហ្វាសស៊ីសជប៉ុនសង្គ្រោះជាតិ និងការក្រោកឈរឡើងដណ្តើមរដ្ឋអំណាចនៅឆ្នាំ ១៩៤៥។ លោកស្រី Duong Hong Hanh អនុប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក Bac Son បានឲ្យដឹងថា៖

“ក្នុងការតស៊ូប្រឆាំងអាណានិគមនិយមបារាំង ប្រជាជនគ្រប់ជនជាតិនៅស្រុក Bac Son បានសាមគ្គីគ្នាជាធ្លុងមួយ រួមវិភាគទានជាកម្លាំងមនុស្ស ទ្រព្យសម្បត្តិ និងសម្ភារៈបរិក្ខារសម្រាប់ចលនាបដិវត្តន៍ ក៏ដូចជារួមចំណែករំដោះស្រុកកំណើតនិងប្រទេសជាតិផងដែរ”។

តំបន់កេរ្តិ៍ដំណែលគឺជាទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់លាក់ខ្លួន និងការពារភ្នាក់ងារនិងកម្មាភិបាលជាន់ខ្ពស់របស់មជ្ឈិម ក្នុងអំឡុងពេលធ្វើសកម្មភាពបដិវត្តន៍នៅ Bac Son ជាកន្លែងដែលគេដាក់ស្ថានីយ៍ទំនាក់ទំនងរវាងមជ្ឈិម ជាមួយគណៈកម្មាធិការបក្សភាគខាងជើង និងតំបន់ផ្សេងៗទៀត និងជាកន្លែងផ្គត់ផ្គង់ឯកសារសម្រាប់បការងារណ្តុះបណ្តាលកម្មាភិបាលបដិវត្តន៍របស់បក្សផងដែរ។ តំបន់កេរ្តិ៍ដំណែលនៃកូប្បកម្ម Bac Son មានកេរ្តិ៍ដំណែលចំនួន១២កន្លែង ដែលស្ថិតនៅក្នុងឃុំចំនួន៦នៃស្រុក Bac Son។

តំបន់កេរ្តិ៍ដំណែល Bac Son - មោទនភាពរបស់ប្រជាជនទឹកដី Lang Son - ảnh 2កេរ្តិ៍ដំណែលសាលាភូមិ Nong Luc។ រូបថត៖ Duong Doan Tuan

ក្នុងចំណោមនោះ កេរ្តិ៍ដំណែលសាលាភូមិ Nong Luc ឃុំ Nong Vu ជាកន្លែងដែលបានរៀបចំកិច្ចប្រជុំ ដើម្បីសម្រេចលើពេលវេលា ធ្វើកូប្បកម្ម Bac Son។ សាលាភូមិនេះត្រូវបានសាងសង់ឡើងក្នុងរាជកាលស្ដេច Nguyen នៅលើទីទួលដ៏ខ្ពស់មួយ។ នៅមិនឆ្ងាយប៉ុន្មានពីនោះ គឺកេរ្តិ៍ដំណែលប៉ុស្តិ៍ Mo Nhai ដែលកម្លាំងទ័ពកូប្បកម្មបានវាយឆ្មក់នៅរាត្រីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ១៩៤០។ អ្នកស្រី Hoang Thi Chinh កម្មាភិបាលវប្បធម៌នៅឃុំ Hung Vu ស្រុក Bac Son បានឲ្យដឹងថា៖

“ឈរពីប៉ុស្តិ៍ Mo Nhai កងទ័ពបារាំងអាចសង្កេតមើលតំបន់ជុំវិញដ៏ធំមួយ។ប៉ុស្តិ៍នេះស្ថិតនៅលើខ្សែផ្លូវស្នូលពី Bac Son ទៅកាន់ឃុំជាច្រើន ដូច្នេះហើយបានជា វាមានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងសកម្មភាពក្នុងតំបន់ Bac Son ទាំងមូល”។

នៅឯកេរ្តិ៍ដំណែល Khuoi Noi ស្ថិតនៅក្នុងព្រៃ Tam Tau ព័ទ្ធជុំវិញដោយជួរភ្នំខ្ពស់ៗ ជាមួយនឹងស្រទាប់រុក្ខជាតិដ៏សម្បូរបែប។ នេះគឺជាកន្លែងបង្កើត និងជាតំបន់ប្រតិបត្តិការសម្ងាត់របស់កងទ័ពសង្រ្គោះជាតិ Bac Son ដែលជាក្រុមមួយក្នុងចំណោមក្រុមប្រដាប់អាវុធជំនាន់មុន របស់កងទ័ពប្រជាជនវៀតណាម។ បច្ចុប្បន្ន កេរ្តិ៍ដំណែលនេះ នៅសល់តែទីតាំងបោះជំរំ និងកន្លែងហ្វឹកហ្វឺនរបស់កងទ័ពសង្គ្រោះជាតិកាលពីមុនប៉ុណ្ណោះ។ អ្នកស្រី Ha Thu Phuong កម្មាភិបាលវប្បធម៌ឃុំ Vu Le ស្រុក Bac Son បានឧទ្ទេសនាមថា៖

“នៅទីនេះ សមមិត្ត Hoang Van Thu បានប្រគល់ទង់ជាតិក្រហមផ្កាយមាសដល់កងទ័ពសង្គ្រោះជាតិ Bac Son ដែលត្រូវបានសមាគមនារីហាណូយប្រឆាំងចក្រពត្តិ ប៉ាក់ពាក្យថា៖ សូមជូនបងប្អូនទ័ព Bac Son។ នៅក្រោមទង់ក្រហមផ្កាយមាស សមមិត្ត Luong Van Tri មេបញ្ជាការក្រុមទ័ព Bac Son បានអានសេចក្ដីសច្ចាចំនួនប្រាំរបស់ក្រុម”។

បច្ចុប្បន្ននេះ វត្ថុតាងនិងឯកសារទាក់ទងនឹងកូប្បកម្ម Bac Son ត្រូវបានថែរក្សានិងដាក់តាំងបង្ហាញនៅសារមន្ទីរនៃកូប្បកម្ម Bac Son និងផ្ទះតាំងបង្ហាញប្រពៃណីក្នុងសាលា Vu Lang។ ជាពិសេស នៅទីនេះ នៅតែរក្សាទុកវត្ថុតាងដ៏មានតម្លៃជាច្រើនដែលទាក់ទិននឹងឆាកជីវិតបដិវត្តន៍របស់ថ្នាក់ដឹកនាំបក្សជំនាន់មុនៗ ក្នុងអំឡុងពេលធ្វើសកម្មភាពនៅ Bac Son ដូចជា លោក Hoang Van Thu លោក Truong Chinh លោក Hoang Quoc Viet និងលោក Tran Dang Ninh។

សព្វថ្ងៃនេះ ពេលមកដល់ Bac Son ភ្ញៀវទេសចរនៅតែអាចទទួលយកក្នុងអារម្មណ៍នូវបរិយាកាសនៃប៉ុន្មានថ្ងៃប្រយុទ្ធដ៏ក្លាហានមោះមុត របស់កងទ័ព និងប្រជាជន Bac Son កាលពីជាង ៨០ ឆ្នាំមុន។ ឈ្មោះទឹកដី ឈ្មោះភូមិ និងឈ្មោះកន្លែងជាច្រើននៅទីនេះ បានក្លាយជាសញ្ញាសម្គាល់ក្នុងទំព័រប្រវត្តិសាស្ត្រមាសរបស់ប្រជាជាតិវៀតណាម។ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៅលើទឹកដី Bac Son គឺជាមោទនភាពរបស់ប្រជាជន Lang Son និយាយដោយឡែក និងប្រជាជនវៀតណាមនិយាយរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ