"តំបន់បេតិកភណ្ឌអច្ឆរិយៈ" តភ្ជាប់ទេសចរណ៍ខេត្តចំនួន ៥ ​នៅភូមិភាគ​កណ្តាល​វៀតណាម

(VOVWORLD) - ដោយបានប្រមូលផ្ដុំសក្តានុពល និងគុណសម្បត្តិជាច្រើនក្នុងការអភិវឌ្ឍទេសចរណ៍ ហើយមានលក្ខណៈអំណោយផលជាមួយប្រព័ន្ធផ្លូវគមនាគមន៍មានភាពងាយស្រួលនោះ ខេត្តចំនួន ៥ នៅភូមិភាគកណ្ដាលគឺ Quang Binh, Quang Tri, Thua Thien Hue, Quang Nam និង Da Nang កំពុងសហការគ្នាអនុវត្តន៍ពាណិជ្ជសញ្ញាសញ្ញា "ខេត្តចំនួន ៥ គោលដៅមកដល់តែមួយ" ជាមួយ "តំបន់បេតិកភណ្ឌអច្ឆរិយៈ"។ 
ក្លោងទ្វារព្រះបរមរាជវាំង Hue (រូបថត៖ Minh Duy)

ការតភ្ជាប់នេះនឹងនាំមកនូវបទពិសោធន៍ពិសេសដោយឡែកជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ រួមចំណែកនាំផ្នែកទេសចរណ៍ភូមិភាគកណ្ដាលនិយាយដោយឡែក និងផ្នែកទេសចរណ៍ទូទាំងប្រទេសនិយាយរួមស្ដារ និងអភិវឌ្ឍន៍ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ។

"តំបន់បេតិកភណ្ឌអច្ឆរិយៈ" គឺជាប្រធានបទសំខាន់នៃដំណើរតភ្ជាប់គោលដៅមកដល់របស់ខេត្តចំនួន ៥ គឺ Quang Binh - Quang Tri - Thua Thien Hue - Quang Nam - Da Nang ។ ខ្សែផ្លូវបេតិកភណ្ឌភាគកណ្ដាលបានឆ្លងកាត់ខេត្តទាំង ៥ នេះបានក្លាយទៅជាពាណិជ្ជសញ្ញាដ៏លេចធ្លោរបស់ផ្នែកទេសចរណ៍វៀតណាម ដោយបានប្រមូលផ្ដុំសក្តានុពល និងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវគមនាគមន៍មានភាពងាយស្រួល ជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិ និងក្នុងស្រុក ព្រមទាំងប្រព័ន្ធកំពង់ផែសមុទ្រទំនើប គឺជាលក្ខណៈងាយស្រួលសម្រាប់ការតភ្ជាប់រវាងខេត្តទាំង ៥ នេះ ក្នុងការអភិវឌ្ឍទេសចរណ៍។ យោងតាមលោក Dang Dong Ha អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Quang Binh បានឲ្យដឹងថា ដើម្បីបង្កើត “តំបន់បេតិកភណ្ឌអច្ឆរិយៈ” នោះ ខេត្តទាំង ៥ បានសហការគ្នាយ៉ាងជិតស្និទ្ធ៖ “ក្នុងកិច្ចសហប្រតិបត្តិការតភ្ជាប់ទេសចណ៍របស់ខេត្តនានា យើងខ្ញុំតែងតែ ផ្ដោតសំខាន់លើខ្លឹមសារចំនួន ៥ ដើម្បីចែករំលែកជាមួយគ្នាជាប្រចាំ។ ទីមួយគឺចែករំលែកលើបញ្ហាគ្រប់គ្រងរដ្ឋ។ ទី២ គឺកសាងផលិតផលទេសចរណ៍រួម។ ទី ៣ គឺបណ្តុះបណ្តាល បំពាក់បំប៉ន ហ្វឺកហ្វឹនប្រភពធនធានមនុស្សតភ្ជាប់ក្នុងដំណើរការសហប្រតិបត្តិការ ផ្សព្វផ្សាយ ជំរុញទេសចរណ៍ ជាពិសេសគឺបង្កលក្ខណៈងាយស្រួលដល់សហគ្រាស ដើម្បីចែករំលែកបទពិសោធន៍ ចុះហត្ថលេខាលើកិច្ចសន្យា បង្កើតផលិតផលទេសចរណ៍រួមជាមួយភ្ញៀវទេសចរ ក៏ដូចជាដៃគូទេសចរណ៍ក្នុងប្រទេសផងដែរ”។

បណ្ដាខេត្ត Quang Binh, Quang Tri, Thua Thien-Hue, Da Nang, និង Quang Nam គឺជាគោលដៅមកដល់ដែលមិនអាចខ្វះបានចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ តួយ៉ាងគឺខ្សែផ្លូវបេតិកភណ្ឌភូមិភាគកណ្ដាលឆ្លងកាត់ខេត្តចំនួន ៥ គឺជាពាណិជ្ជសញ្ញាដ៏លេចធ្លោរបស់ទេសចរណ៍វៀតណាម។ ខេត្តទាំងនេះក៏ជាតំបន់បេតិកភណ្ឌអច្ឆរិយៈជាមួយប្រព័ន្ធបេតិកភណ្ឌពិភពលោកដ៏ធំសម្បើម ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងរួមមាន៖ បេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha-Ke Bang បណ្ដាបេតិកភណ្ឌវប្បធម៌រួមមានកេរ្កិ៍ដំណែលអតីតរាជធានី Hue  វិថីបុរមបុរាណ Hoi An តន្ត្រីព្រះបរមរាជវាំង Hue ជាដើម។ លើសពីនេះទៅទៀត ភ្ញៀវទេសចរក៏បានទទួលបទពិសោធន៍នៅតំបន់សម្រាកលំហែកាយ កន្លែងកម្សាន្តនៅ Da Nang និងលំហពិសិដ្ឋនៅខេត្ត Quang Tri ទៀតផង។

មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩ ទេសចរណ៍នៅខេត្តចំនួន ៥ ភូមិភាគកណ្ដាលសម្រេចបានកំណើនគួរឲ្យចាប់អារម្មណ៍ ដោយក្លាយទៅជាចំណុចមួយក្នុងចំណោមចំណុចភ្លឺរបស់ទេសចរណ៍វៀតណាម និងនៅក្នុងតំបន់អាស៊ី ដោយទទួលបានភ្ញៀវទេសចរប្រមាណពី ២០ ទៅ ២៥ លាននាក់ក្នុងមួយឆ្នាំ។ អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍លោក Ha Van Sieu បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង ៥ ក្នុងការជំរុញ  និងផ្សព្វផ្សាយទេសចរណ៍៖ “ទម្រង់តភ្ជាប់ខេត្តចំនួន ៥ គោលដៅមកដល់តែមួយជាមួយផលិតផល និងសេវាកម្មដ៏វិសេសវិសាលជាច្រើន។ អាចនិយាយបានថា ក្រោយពីរយៈពេលដ៏យូរ ដែលយើងរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្នសហគ្រាសនានាបានត្រៀមរៀបចំកញ្ចប់ផលិផលសេវាកម្ម និងទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន។ យើងខ្ញុំវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ស្ថាប័នគ្រប់គ្រងទេសចរណ៍របស់ខេត្តទាំង ៥  ដែលបានរួមដំណើរជាមួយសហគ្រាស ហើយបានបង្កើតឱកាសសម្រាប់សហគ្រាសបញ្ជាក់ពីសមត្ថភាពរបស់ខ្លួន។ សហគ្រាសកាន់តែម្ចាស់ការក្នុងការទាក់ទងជាមួយទីផ្សារផងដែរ”។

ជ្រុងមួយនៃវិថីបុរមបុរាណ Hoi An (រូបថត៖ VNA)

នៅក្នុងសន្និសិទណែនាំអំពីគោលដៅមកដល់របស់ខេត្តទាំង ៥ នាពេលថ្មីៗនេះ ការតភ្ជាប់រវាងខេត្តទាំង ៥ បានណែនាំដល់ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិនូវបទពិសោធន៍ផ្សេងៗគ្នាអំពីទេសចរណ៍នៅភូមិភាគកណ្ដាល ដែលជាគោលដៅទាក់ទាញបំផុតមួយនៅទ្វីបអាស៊ី។ ជាពិសេស ចំពោះ និន្នាការទេសចរណ៍បៃតង និងទេសចរណ៍ធម្មជាតិក្រោយពីកូវីដ ១៩ នោះ ខេត្តទាំង ៥ គឺ Quang Binh - Quang Tri - Thua Thien Hue - Quang Nam - Da Nang នឹងបន្តជាជម្រើសជួរមុខ ហើយជាគោលដៅមកដល់ដែលភ្ញៀវទេសចរស្រឡាញ់ចូលចិត្ត ដោយនាំមកនូវការស្ដារឡើងវិញ និងកំណើនយ៉ាងខ្លាំងក្លារបស់ផ្នែកទេសចរណ៍ភាគកណ្ដាលនិយាយដោយឡែក និងទេសចរណ៍នៅទូទាំងប្រទេសនិយាយរួមនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ