ទីក្រុង Da Nang ឆ្ពោះទៅជានគរពិសេសរបស់វៀតណាម

(VOVWORLD) - ក្នុងឆ្នាំ ១៩៩៧ ទីក្រុង Da Nang ត្រូវបានបំបែកចេញពីខេត្ត Quang Nam-Da Nang ទៅជាអង្គភាពរដ្ឋបាលចំណុះមជ្ឈឹម។ តាមនោះ ទីក្រុង Da Nang បានជំរុញខ្លាំងការតុបតែងកែលំអមុខមាត់នគររបស់ខ្លួន។ 

 

ទីក្រុង Da Nang ឆ្ពោះទៅជានគរពិសេសរបស់វៀតណាម - ảnh 1ក្រោយរយៈពេល ២៥ ឆ្នាំ ក្លាយទៅជាទីក្រុងចំណុះមជ្ឈឹមនោះ Da Nang បានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងក្លា

ដោយគោលការណ៍ “រដ្ឋប្រគល់ជូនដីធ្លី វិនិយោគិនកសាងហេដ្ឋារចនាសម្ព័ន្ធវិញ” ជាមួយនឹងរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត និងបត់បែន បានបង្កើត “បាតុភូត Da Nang” ក្នុងការតុបតែងកែលម្អនគរ។ ចាប់ពីនគរថ្នាក់ស្រុកតូចមួយ នាបច្ចុប្បន្ននេះ ទ្រង់ទ្រាយនគរបានកើនឡើង ៤ ដង ដោយក្លាយទៅជានគរទំនើបបំផុតនៅក្នុងតំបន់ភូមិភាគកណ្ដាលជាមួយពាណិជ្ជសញ្ញា "ទីក្រុងគួរឲ្យរស់នៅ" ផងដែរ។

ក្រោយរយៈពេល ២៥ ឆ្នាំ ក្លាយទៅជាទីក្រុងចំណុះមជ្ឈឹមនោះ Da Nang បានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងក្លា ហើយក្លាយទៅជានគរអរិយធម៌ ទំនើបបំផុតនៅភូមិភាគកណ្ដាល។ ពីការ "បែរខ្នង" ទៅសមុទ្រនោះ Da Nang បានឆ្ពោះ ទៅសមុទ្រវិញ ហើយទំហំនគរបានកើនឡើង ៤ ដង។ ដោយត្រូវបានប្រៀបប្រដូចជាទីក្រុងនៃសំណង់នោះ នាបច្ចុប្បន្ន ទីក្រុង Da Nang មានស្ពាន ឆ្លង ទន្លេ Han ចំនួន ៩ ដែល។ ស្ពាននីមួយៗ មានការរចនាប្លែកៗគ្នា ដោយបានបង្កើតលក្ខណៈពិសេសប្លែករបស់ទីក្រុង Da Nang ក្នុងនោះ ស្ពាន វិលទន្លេ Han និងស្ពាននាគបានក្លាយទៅជានិមិត្តរូបនៃទីក្រុង Da Nang ។

បច្ចុប្បន្ននេះ ផលិតផលសរុបក្នុងតំបន់ (GRDP) បានកើន ៨ ដង ការចូលរួមចំណែកដល់ថវិការដ្ឋកើន ២៣ ដង បរិមាណភ្ញៀវទេសចរកើនជិត ៥៥ ដង។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ដោយមានថានៈឯករាជ្យក្នុងនាមជាទីក្រុងចំណុះមជ្ឈឹម និងដើរតួនាទីមជ្ឈមណ្ឌលអភិវឌ្ឍន៍ក្នុងតំបន់នោះ ទីក្រុង Da Nang បានរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបាន " ផ្លាស់ប្តូរមុខមាត់" យ៉ាងពិតប្រាកដ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Tran Dinh Thien អតីតប្រធានវិទ្យាស្ថានសេដ្ឋកិច្ចមជ្ឈិម និងជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រី អាណត្តិ ២០១៦-២០២១ បានអះអាងថា ៖ “ចំណុចស្នូលនៃការអភិវឌ្ឍន៍របស់ទីក្រុង Da Nang គឺនិន្នាការទំនើបកម្ម និងការផ្លាស់ប្តូរកម្រិតអភិវឌ្ឍន៍។ នាបច្ចុប្បន្ននេះ ទីក្រុង Da Nang នៅតែរក្សាអត្តសញ្ញាណនេះ។ សមិទ្ធិផលអភិវឌ្ឍន៍ក្នុងរយៈពេល ២៥ ឆ្នាំរបស់ទីក្រុង Da Nang បានបង្កើតភាពខុសប្លែកគ្នាអំពីថានៈ ដោយបានបង្ហាញតាមរយៈការខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ មេរៀននេះគឺធំធេងណាស់ ពោលគឺទីក្រុង Da Nang ត្រូវតែរក្សាស្មារតីនៃវឌ្ឍនភាពជានិច្ចផងដែរ”។

ទីក្រុង Da Nang ឆ្ពោះទៅជានគរពិសេសរបស់វៀតណាម - ảnh 2ស្ពាននាគបានក្លាយទៅជានិមិត្តរូបនៃទីក្រុង Da Nang

ទីក្រុង Da Nang បានឆ្ពោះទៅរកគោលដៅកសាង និងអភិវឌ្ឍន៍ទីក្រុងដល់ឆ្នាំ ២០៣០ ឲ្យក្លាយទៅជានគរទំនើបថ្នាក់ជាតិ ហើយជានគរមជ្ឈមណ្ឌលដែលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ភូមិភាគកណ្ដាល - Tay Nguyen ព្រមទាំងអភិវឌ្ឍលំហទីក្រុងតាមទិសដៅដ៏ទូលំទូលាយ ប្រកបដោយនិរន្តរភាព។ ទីក្រុង Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងពិសេសដល់ឆ្នាំ ២០៥០ ហើយជាទីក្រុងមជ្ឈមណ្ឌលថ្នាក់ជាតិឆ្ពោះទៅរកនគរលំដាប់ថ្នាក់អន្តរជាតិ (ហិរញ្ញវត្ថុ សេវាកម្ម ទេសចរណ៍ បច្ចេកវិទ្យា)។ ដើម្បីឆ្លើយតបនឹងចំនួនប្រជាជនដែលបានព្យាករណ៍ថាគឺ ២,៥ លាននាក់ក្នុងឆ្នាំ ២០៣០ នោះ ទីក្រុង Da Nang នឹងអភិវឌ្ឍប្រព័ន្ធមជ្ឈមណ្ឌលឯកទេសនៅតាមទីតាំងផ្សេងៗគ្នា។ ក្នុងនោះ មជ្ឈមណ្ឌលរដ្ឋបាល សំណង់បុព្វហេតុមានទំហំប្រមាណ ១៥០ ហិកតា។ លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានឲ្យដឹងថា៖ ទីក្រុង Da Nang កំពុងត្រូវ ពិចារណាអនុម័តលើផែនការមេស្ដីពីទីក្រុងដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥៖“ទីក្រុងបន្តបំពេញភារកិច្ច និងដំណោះស្រាយសំដៅអនុវត្តន៍បំណងប្រាថ្នាអភិវឌ្ឍន៍ នាំទីក្រុងក្លាយទៅជានគរឆ្លាតវៃ រស់រវើក ច្នៃប្រឌិត លំដាប់ថ្នាក់តំបន់ និងអន្តរជាតិ។ ទន្ទឹមនឹងនេះកសាងទីក្រុងឱ្យក្លាយជានគរធំទូលាយ និងជាទីក្រុងសមុទ្រគួរឲ្យចង់រស់នៅ ជាប់លំដាប់ថ្នាក់តំបន់អាស៊ី ស្របតាមតម្រូវការរបស់ការិយាល័យនយោបាយនីតិកាលពី ១២ ដែលបានដាក់ចេញផងដែរ”។

យោងតាមផែនការមេថ្មីនេះ ដល់ឆ្នាំ ២០៥០ ទីក្រុង Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលលេងកម្សាន្ត និងជាគោលដៅទេសចរណ៍លំដាប់ថ្នាក់អាស៊ី និងពិភពលោក ជាមួយនឹងការតម្រង់ទិសដៅអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអាចទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចំនួន ១០ លាននាក់/ឆ្នាំ។ ទន្ទឹមនឹងនេះ អភិវឌ្ឍន៍ទីក្រុងស្របតាមនិន្នាការទំនើប និងរក្សាអត្តសញ្ញាណដោយឡែក; លើកកម្ពស់ជីវភាពខាងវប្បធម៌ ការកសាងមនុស្ស ដែលមិនត្រឹមតែមានបញ្ញាប៉ុណ្ណោះទេ ថែមទាំងមានសីលធម៌ស្អាតស្អំ មានមនោសញ្ចេតនាសម្បូរបែប មានសមត្ថភាពថ្នៃប្រឌិត និងយល់ដឹងអំពីសិល្បៈទៀតផង។ ទន្ទឹមនឹងនោះ បន្តឆ្ពោះទៅរកទីក្រុងបរិស្ថាន ការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជានាំមកនូវសុខភាពល្អបរិបូរ អាយុយឺនយូរ និងសុភមង្គលគ្រប់ប្រការជូនប្រជាពលរដ្ឋផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ