នំ " cooc mo " ក្នុងពិធីគម្រប់ខួបមួយខែរបស់ជនជាតិ Tay និង Nung

(VOVWORLD) - នំ " cooc mo " គឺជាម្ហូបប្រពៃណីដ៏ឆ្ងាញ់ពិសាររបស់ជនជាតិ Tay និង Nung ។ តាមភាសា Tay ពាក្យ cooc mo មានន័យថាស្នែងគោ ហើយជាប្រភេទនំដែលមិនអាចខ្វះបានក្នុងពិធីគម្រប់ខួបមួយឆ្នាំរបស់ទារកគ្រប់រូប។ នំនីមួយៗដ៏ស្រស់ស្អាត និងប្លែកភ្នែក ប៉ុន្តែបង្កប់នូវព្រលឹងវប្បធម៌ម្ហូបអាហារប្រពៃណីរបស់ជនជាតិ Tay និង Nung នៅតំបន់ភ្នំភាគខាងជើង។
នំ នំ " cooc mo " ក្នុងពិធីគម្រប់ខួបមួយខែរបស់ជនជាតិ Tay និង Nung 

តាមទំនៀមទម្លាប់របស់ជនជាតិ Tay និង Nung នៅពេលដែលទារកអាយុបានមួយខែនឹងត្រូវឆ្លងពិធី "Khai buon" (ពិធីគ្រប់ខួបមួយខែ)។ នេះគឺជាពិធីដើមដំបូងក្នុងឆាកជីវិតរបស់មនុស្ស ដូច្នេះហើយ ពិធីនេះត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ក្នុងពិធីគម្រប់ខួបមួយខែរបស់ទារក គ្រួសារនឹងអញ្ជើញគ្រូសែនមកធ្វើពិធីជាមួយនឹងគ្រឿងសំណែនរួមមាន៖ បាយដំណើប ៥ ពណ៌ មាន់ស្ងោរ ស្រាស សាច់ជ្រូក ជាពិសេសគឺមិនអាចខ្វះបាននំ cooc mo សម្រាប់សែនយាយម៉ប និង

សុំលោកយាយម៉បដាក់ឈ្មោះឲ្យទារក។ ក្នុងឱកាសនេះ គ្រួសារទារកក៏បានអញ្ជើញញាតិមិត្ត អ្នកជិតខាងមកទទួលទានអាហារ ព្រមទាំងជូននំ cooc mo ជាការដូនៅពេលវិលត្រឡប់ទៅវិញ។ លោកស្រី Hoang Thi Lieu ពលរដ្ឋម្នាក់មកពីឃុំ Ngoc Dao ស្រុក Ha Quang ខេត្ត Cao Bang បានឲ្យដឹងថា៖ “ក្នុងពិធីគម្រប់ខួបមួយខែ ជនជាតិ Tay នឹងអញ្ជើញញាតិមិត្តមកទទួលទានអាហារ ហើយស្ពកបាយនីមួយៗសុទ្ធតែត្រូវមាននំ cooc mo ដើម្បីនាំលាភសំណាងដល់ភ្ញៀវ។ នៅខេត្ត Cao Bang ស្ពកបាយសម្រាប់មនុស្សចំនួន ៨ នាក់ គឺត្រូវមាននំ cooc mo ចំនួន ២៤។ មនុស្សចាស់បាននិយាយថា៖ នេះគឺជានំ cooc mo “khai hay” ដើម្បីឲ្យទារកមានសុខភាពល្អ ស្តាប់បង្គាប់ផងដែរ”។

ក្នុងពិធីគម្រប់ខួបមួយខែ  នំត្រូវបានដាក់ក្នុងបាតដៃរបស់ទារក ជាមួយនឹងសេចក្ដីជូនពរ ធំដឹងក្ដីយ៉ាងឆាប់ៗ ស្តាប់បង្គាប់ និងមានសុខភាពល្អ។ មុនពិធីនេះ បរិយាកាសត្រៀមរៀបចំធ្វើនំ cooc mo គឺអ៊ូអរយ៉ាងខ្លាំងណាស់។ ស្ត្រីជាម្តាយក្នុងត្រកូល និងអ្នកជិតខាងបានមកជួយម្ចាស់ពិធីវេចនំ។

អង្ករសម្រាប់ធ្វើនំ cooc mo គឺជាប្រភែទអង្ករដំណើបឈ្ងុយឆ្ងាញ់ ជាមួយនឹងគ្រាប់ស្រូវធំៗ។ អង្ករត្រូវលាងឲ្យស្អាត ហើយទុកឲ្យស្ងួត ទើបវេចជានំ។ លោកស្រី Chu Thi Thuy មកទីរួមស្រុក Na Phac ស្រុក Ngan Son ខេត្ត Bac Kan បាននិយាយថា ស្លឹកឈើសម្រាប់វេចនំក៏អាស្រ័យទៅតាមតំបន់ដែរ ពោលគឺកន្លែងខ្លះវេចដោយស្លឹក chit កន្លែងខ្លះវេចដោយស្លឹកចេក។

“ក្រោយពេលវេចរួចមក នំត្រូវបានត្រាំក្នុងទឹកត្រជាក់រហូតដល់ផ្ទៃទឹកឈប់ពពុះ។ ពេលនោះនំបានស្រូបយកទឹកគ្រប់គ្រាន់ ដូច្នេះពេលស្ងោរវានឹងឆ្អិនយ៉ាងឆាប់ៗ និងស្មើៗគញនា។ ពេលនំឆ្អិននឹងមានពណ៌បៃតងខ្ចីនៃស្លឹកចេក ហើយកាន់តែទំពារគឺកាន់តែ ទទួលបាននូវរសជាតិឈ្ងុយឆ្ងាញ់របស់អង្ករដំណើប។ អាស្រ័យលើចំណង់ចំណូលចិត្តរបស់គ្រួសារនីមួយៗ មុននឹងវេចនំ អាចលាយសណ្តែកដីស្រស់ជាមួយអង្ករ ឬធ្វើស្នូលពីសណ្តែកខៀវ។ អ្នកដែលចូលចិត្តផ្អែមអាចទទួលទាននំជាមួយទឹកឃ្មុំឬស្ករផងដែរ”។

នំ នំ " cooc mo " ក្នុងពិធីគម្រប់ខួបមួយខែរបស់ជនជាតិ Tay និង Nung 

ក្រោយពេលធ្វើពិធីអុជធូបសែនបុព្វការីជន សែនយាយម៉ប់រួចមក លោកយាយខាងម្ដាយរបស់ទារកនឹងយកកាផាចរបាប់ ស្ពាយទារកនៅលើខ្នង កាន់ឆ័ត្របាំង កាន់កាបូបសិក្សា ប៊ិច និងសៀវភៅចេញទៅផ្លូវ។ នេះគឺជានិមិត្តរូបដូចជាជូនទារកទៅរៀនអញ្ចឹង ហើយកាន់តាមនំ cooc mo មួយកញ្ចប់ ដើម្បីលក់ជូនអ្នកជិតខាង (ជនជាតិ Tay និង Nung ហៅថា “Khai hay”)។ យោងតាមលោក Hoang Van Pao ប្រធានសមាគមបេតិកភណ្ឌវប្បធម៌ខេត្ត Lang Son បានឲ្យដឹងថា អ្នកណាទទួលបាននំនឹងជូនប្រាក់ និងជូនពរដល់ទារកឲ្យមានសុខភាពល្អ សំណាងល្អ និងពូកែសិក្សារៀនសូត្រ៖ “តាមទំនៀមទំលាប់របស់ជនជាតិ Tay និង Nung ក្នុងពិធីគម្រប់ខួបមួយខែរបស់ទារក មិនថារដូវណាឡើយ ជនជាតិ Tay និង Nung ក៏ត្រូវធ្វើនំ cooc mo ផងដែរ។ នំតូចៗដ៏ស្រស់ស្អាតទាំងនេះនឹងជួយទារកចេះស្ដាប់បង្គាប់ ធំដឹងក្ដីយ៉ាងឆាប់ៗ ហើយមានសុខភាពល្អ។ ក្នុងពិធីគម្រប់ខួបមួយខែ នៅពេលដែល លោកយាយខាងម្ដាយស្ពាយទារកចេញទៅផ្លូវ គឺតែងតែកាន់តាមនំ cooc mo ទុកជាកាដូជូនអ្នកជិតខាង។ បច្ចុប្បន្ននេះ កុមារក្នុងឃុំបានធំឡើង ហើយមានម្ហូបអាហារជាច្រើន ប៉ុន្តែពួកគេនៅតេចូលចិត្តនំ cooc mo ផងដែរ”។

នំនេះក៏បានក្លាយទៅជាអនុស្សាវរីយ៍ដ៏ស្រស់បំព្រងក្នុងកុមារភាព នៅពេលដែលអ្នកម្តាយ និងជីដូនបាននាំយកមកផ្ទះក្រោយពេលចូលរួមពិធីគ្រប់ខួបមួយឆ្នាំរបស់ទារក។ បច្ចុប្បន្ននេះ នំ cooc mo មិនត្រឹមតែបានធ្វើក្នុងពិធីគម្រប់ខួបមួយខែរបស់ទារកប៉ុណ្ណោះទេ ថែមទាំងត្រូវបានជនជាតិ Tay និង Nung ធ្វើពេញមួយឆ្នាំ ហើយដាក់លក់នៅតាមផ្សារណាត់នានាទៀតផង។

នៅតំបន់មួយចំនួន ក្រោយពេលប្រមូលផលនីមួយៗ បងប្អូនប្រជាជនបានធ្វើនំ cooc mo ដើម្បីអំណរស្រូវថ្មី ព្រមទាំងទុកជាកាដូជូនកុមារដែលស្តាប់បង្គាប់ឪពុកម្តាយ។ នំនីមួយៗគឺជាការរួមផ្សំនៃមនោសញ្ចេតនារបស់អ្នកឃុំ ការរំពឹងទុកពីប្រការដ៏ល្អប្រសើរបំផុតរបស់ឪពុកម្តាយជូនកូនចៅ ហើយរសជាតិដ៏ឈ្ងុយឆ្ងាញ់យ៉ាងសាមញ្ញដែលបង្កប់សញ្ញាសម្គាល់ដោយឡែករបស់ជនជាតិ Tay និង Nung ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ