មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May គោលដៅដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ខេត្ត ​Lai Chau

(VOVWORLD) - មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May ស្ថិតនៅលើកំពូលខ្នងភ្នំ O Quy Ho ឃុំ Son Binh ស្រុក Tam Duong ខេត្ត Lai Chau។ នេះគឺជាបណ្ដុំទេសចរណ៍ និងកម្សាន្តដ៏វិសេសវិសាល ជាមួយរម្មណីយដ្ឋានដ៏ស្រស់បំព្រង និងសកម្មភាពគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May គោលដៅដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ខេត្ត ​Lai Chau - ảnh 1មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May 

ក្រុមហ៊ុនភាគហ៊ុន Hoang Lien Son Group បានវិនិយោគសាងសង់មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May ចាប់ពីឆ្នាំ ២០១៧ ហើយបានដាក់ឱ្យដំណើរការទទួលភ្ញៀវនៅចុងឆ្នាំ ២០១៩។ មណ្ឌលទេសចរណ៍នេះរួមមានសំណង់ដ៏ធំមហិមា សម្ភារបរិក្ខារទំនើបៗ ជាប់ស្តង់ដារអន្តរជាតិ។ លោក Nguyen Xuan Binh អ្នកទទួលបន្ទុកប្រតិបត្តិការមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងអនុវត្តន៍ដំណាក់កាលទី១ ដោយបានសាងសង់លើផ្ទៃដីប្រមាណ ២០ ហិកតា។ ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ គឺសាងសង់ប្រព័ន្ធស្នាក់នៅ រួមមានសណ្ឋាគារ ៥ ជាន់ ផ្កាយ ៥ រួមមានកាស៊ីណូក្នុងសណ្ឋាគារ និងសម្រចរួចរាល់ប្រព័ន្ធហ្គេមផ្សងព្រេង។ ដំណាក់កាលទី ៣ គឺសាងសង់តំបន់ខាងវិញ្ញាណ អាស្រមអ្នកតា Hoang Bay និងវត្តអារាមជូនភ្ញៀវទេសចរណ៍ឆ្លងពិសោធន៍ទេសចរណ៍ខាងវិញ្ញាណ ដាក់ឲ្យដំណើរការកន្ត្រកខ្សែកាបថ្មីជូនភ្ញៀវទេសចរណ៍ទស្សនាល្បាក់ទឹក Trang ផងដែរ”។

ស្ពានកញ្ចក់ Rong May គឺជាចំណុចរំលេចនៃមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May។ ស្ពានកញ្ចក់ដែលមានជណ្តើរយន្តត្រូវបានសាងសង់នៅកម្ពស់ ២,៣៣៣ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយជាកម្រិតខ្ពស់បំផុតនៅ វៀតណាមរហូតមកដល់បច្ចុប្បន្ន។ ដើម្បីធ្វើដំណើរទៅកាន់ស្ពានកញ្ចក់ Rong May ភ្ញៀវទេសចរចូលទៅកាន់ផ្លូវរូងក្រោមភ្នំថ្ម ហើយបន្តដំណើរទៅមុខតាមប្រព័ន្ធជណ្តើរយន្តពិសេសជាមួយកញ្ចក់បួនជ្រុងសម្រាប់ភ្ញៀវទេសចរទស្សនាទេសភាព។ លោកស្រី Lo Thi Huong មគ្គុទ្ទេសក៍ទេសចរណ៍នៅមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May បានឲ្យដឹងថា៖ “ភ្ញៀវទេសចរដែលមកទស្សនាមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May នឹងចូលទៅក្នុងជណ្តើរយន្តកម្ពស់ ៣០៥ ម៉ែត្រដែលស្មើនឹងកម្ពស់របស់អាគារ ១០២ជាន់។ ឡើងលើស្ពានកញ្ចក់ ភ្ញៀវទេសចរធ្វើដំណើរតាមស្ពានកញ្ចក់ពីរ ហើយស្ពានកញ្ចក់នីមួយៗនៅសងខាងនៃច្រករបៀងមានប្រវែង ៦០ ម៉ែត្រ ប្រវែងសរុបគឺ ១២០ ម៉ែត្រ ហើយស្ពានកញ្ចក់តាមបណ្តោយភ្នំមានប្រវែង ២០០ ម៉ែត្រ។ នៅលើភ្នំមានភោជនីយដ្ឋាន សណ្ឋាគារ មណ្ឌលសម្រាកលំហែកាយ bungalow ហាងកាហ្វេ រោងភាពយន្តឥតគិតថ្លៃ កន្លែងលេងហ្គេមផ្សងព្រេង កន្លែងថតទេសភាពស្អាតៗ។ មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May បានទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករនៅចុងសប្តាហ៍។ ភ្ញៀវក្នុងស្រុកច្រើនណាស់ ហើយភ្ញៀវបរទេសភាគច្រើនគឺថៃ ចិន ជប៉ុន និងកូរ៉េខាងត្បូង”។

អញ្ជើញទៅទស្សនាមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May ភ្ញៀវទេសចរនឹងបានដើរលើស្ពានឥន្ទធនូ៧ពណ៌។ ឈរនៅលើស្ពានកញ្ចក់ ភ្ញៀវទេសចរអាចមើលឃើញទេសភាពខ្នងភ្នំ O Quy Ho ទាំងមូល ដែលជាកំពូលភ្នំដ៏វែង និងគ្រោះថ្នាក់បំផុតនៅតំបន់ភាគពាយ័ព្យវៀតណាម រួមមានៈ O Quy Ho, Pha Din, Khau Pha, Ma Pi Leng។ ភ្ញៀវទស្សនាអាចទទួលបានអារម្មណ៍គួរដ៏អស្ចារ្យនៅលើកម្ពស់ខ្ពស់ ដូចជាប្រមាញ់ពពក គយគន់ភ្នំដ៏ធំសម្បើម ឬមានកន្លែង check-in គួរឱ្យចាប់អារម្មណ៍។ លោក Aunwat Khunpisut ភ្ញៀវទេសចរណ៍ម្នាក់មកពីថៃបានសម្តែងថា៖ “ខ្ញុំមានអារម្មណ៍ថា ទេសភាពធម្មជាតិនៅទីនេះពិតជាស្រស់បំព្រងណាស់ ហើយកម្រទៀតផង ហើយមានអាកាសធាតុត្រជាក់ស្រួល និងខ្យល់បរិសុទ្ធ។ ជាពិសេសស្ពានកញ្ចក់គឺជាសំណង់ដ៏ស្រស់ស្អាត ហើយមានអត្ថន័យ។ ស្ពានឆ្លងភ្នំមានលក្ខណៈដ៏វិសេសវិសាលណាស់។ អ្នកស្រុកបានទទួលស្វាគមន៍ទេសចរយ៉ាងរាក់ទាក់កក់ក្តៅ។ ខ្ញុំចង់និយាយថា ខ្ញុំស្រលាញ់វៀតណាមណាស់”។

មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May គោលដៅដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​ខេត្ត ​Lai Chau - ảnh 2ស្ពានកញ្ចក់ Rong May

ក្រៅពីបានទស្សនាស្ពានកញ្ចក់នោះ ភ្ញៀវទេសចរក៏អាចចូលរួម សកម្មភាពកីឡាផ្សងព្រេងផ្សេងទៀត ដូចជា លោត Bungee លោតឆ័ត្រយោង ឡើងភ្នំជាដើមផងដែរ។ ប្រសិនបើលោកអ្នកចូលចិត្តអារម្មណ៍ផ្សងព្រេង គឺអាចចូលរួមលេងល្បែង Zipline។ ជាមួយនឹងល្បែងនេះ ភ្ញៀវទេសចរហាក់ដូចជាកំពុងហោះហើរអណ្តែតលើអាកាស សម្របខ្លួនជាមួយធម្មជាតិដ៏ធំល្វឹងល្វើយ។ ដើម្បីបង្កើតទេសភាពដ៏សម្បូរបែប ក្រុមហ៊ុនគ្រប់គ្រងមណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May កំពុងសាងសង់បឹងនៅលើកំពូលភ្នំ។ គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសម្រេចរួចរាល់ ហើយនឹងក្លាយទៅជាកន្លែង check – in ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។ លោកស្រី Ha Thi Ngu ភ្ញៀវទេសចរមកពីខេត្ត Tuyen Quang បានឲ្យដឹងថា៖ “នាងខ្ញុំបានមកទស្សនាស្ពានកញ្ចក់ជាលើកដំបូង។ ស្ពានកញ្ចក់អស្ចារ្យ និង ស្រស់ស្អាតខ្លាំងណាស់។ ធម្មជាតិបានប្រទានទេសចភាពដ៏ស្រស់បំព្រង និងធំសម្បើមឲ្យទីនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ បើមានឱកាស នាងខ្ញុំនឹងមកទស្សនាទីនេះម្តង់ទៀតផងដែរ”។

មណ្ឌលទេសចរណ៍ស្ពានកញ្ចក់ Rong May ស្ថិតនៅកណ្តាល ធម្មជាតិដ៏ធំមហិមា និងស្រស់បំព្រងនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ។ នេះគឺជាគោលដៅដ៏ទាក់ទាញដែលត្រូវបានភ្ញៀវទេសចរយ៉ាងច្រើនកុះករជ្រើសរើសមកទស្សនា និងសម្រាកលំហែកាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ