អញ្ជើញទស្សនាទេសភាពស្រុក Dakrong

(VOVWORLD) - Dakrong គឺជាស្រុកព្រៃភ្នំព្រំដែន ដែលមានចម្ងាយជាង ៦០ គីឡូម៉ែត្រពីភាគខាងលិចខេត្ត Quang Tri។ នៅទីនេះមានរមណីយដ្ឋានដ៏ស្រស់បំព្រងជាច្រើនដូចជា៖ ស្ពានព្យួរ Đakrông រូងភ្នំ Apôlihông ឬតំបន់ទេសចរណ៍សហគមន៍ភូមិ Klu បានបង្កើតផ្ទាំងគំនូរធម្មជាតិដ៏ធំសម្បើម និងមនោរម្យ។ 
អញ្ជើញទស្សនាទេសភាពស្រុក Dakrong - ảnh 1ស្ពានព្យួរ Dakrong ។ រូបថត៖ baodantoc.vn

ជាពិសេស ទីកន្លែងនេះក៏ជាគោលដៅដ៏ល្បីល្បាញ ជាមួយកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រជាច្រើនដូចជា៖ មណ្ឌលមូលដ្ឋានបដិវត្តន៍ Ba Long និងទីតាំងឆ្លងកាត់ផ្លូវ Truong Son។ ប្រការទាំងនេះបានបង្កើតស្រុក Dakrong ដ៏សម្បូរបែប បង្កលក្ខណៈងាយស្រួល ដើម្បីអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ីសហគមន៍ ក៏ដូចជាទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ។

ស្រុក Dakrong ស្ថិតនៅភាគខាងលិចខេត្ត Quang Tri លើច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ហើយមានច្រកទ្វារព្រំដែនអន្តរជាតិ La Lay សម្រាប់ដោះដូរពាណិជ្ជកម្មជាមួយឡាវ។ បច្ចុប្បន្ន Dakrong មានកេរ្កិ៍ដំណែលប្រវត្តិសាស្ត្រ និងរម្មណីយដ្ឋានជាង ៣០ ដែលត្រូវបានរៀបចំណាត់ថ្នាក់ និងរូងភ្នំធំតូចជាង ១០ ដោយបង្កលក្ខណៈងាយស្រួលដល់សកម្មភាពទេសចរណ៍ពេញមួយឆ្នាំ។ លោក Nguyen Dang Son អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Dakrong បានឲ្យដឹងថា៖

“នៅភូមិសាស្ត្រស្រុកមានកេរ្កិ៍ដំណែលចំនួន ៣២ ដែលត្រូវបានរៀបចំណាត់ថ្នាក់។ ក្នុងនោះ មានកេរ្កិ៍ដំណែលចំនួន ១ ត្រូវបានរៀបចំណាត់ថ្នាក់ជាតិពិសេសគឺ Đakrông កេរ្កិ៍ដំណែលចំនួន ២ ទៀតដែលត្រូវបានរៀបចំណាត់ថ្នាក់ជាតិ និងកេរ្កិ៍ដំណែលថ្នាក់ខេត្តនានា។ ទន្ទឹមនឹងនោះ ភូមិសាស្ត្រស្រុកក៏មានប្រព័ន្ធព្រៃអេកូឡូស៊ី និងព្រៃអភិរក្សធម្មជាតិនៅតំបន់អភិរក្សធម្មជាតិ Đakrông។ នៅទីនេះមានសត្វ និងរុក្ខជាតិដ៏កម្រជាច្រើនប្រភេទ សម្បូរបែប និងកម្រ។ លើសពីនេះទៅទៀតគឺមានប្រព័ន្ធទន្លេបឹងបួរ រូបភ្នំ បង្កើតសញ្ញាសម្គាល់ដ៏វិសេសវិសាលដោយឡែក ជាមួយសម្រស់ធម្មជាតិរហោស្ថាន និងបរិសុទ្ធ។ ទឹកជ្រោះ Hinh, ល្បាក់ទឹក Luoi, ល្បាក់ទឹក Hien, ល្បាក់ទឹក Ba Voi, រូងភ្នំ Ngai, ទន្លេ Dakrong និងទន្លេ Ba Long គឺជាគោលដៅដ៏ទាក់ទាញដើម្បីទស្សនាផងដែរ”។

មិនត្រឹមតែត្រូវបានធម្មជាតិប្រទានឲ្យជួរភ្នំដ៏ធំសម្បើម រមណីយដ្ឋានជាច្រើន រួមជាមួយប្រព័ន្ធអេកូឡូស៊ីចម្រុះជាមួយនឹងប្រភេទជីវបរិស្ថានជាច្រើនប៉ុណ្ណោះទេ Dakrong ថែមទាំងជាតំបន់ ដែលមានប្រព័ន្ធឃ្លាំងវប្បធម៌អរូបីដ៏សម្បូរបែបរបស់សហគមន៍ជន Van Kieu និង Pa Co ទៀតផង។ ដូច្នេះ អញ្ជើញទៅ Dakrong ភ្ញៀវទេសចរក៏មានឱកាសស្វែងយល់អំពីលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់សហគមន៍ជនជាតិនៅភូមិសាស្ត្រ ហើយត្រូវបានស្វែងយល់ភ្លេងប្រជាប្រិយ បទភ្លេងគងឃ្មោះដ៏រស់រវើក សប្បាយរីករាយ នៅក្បែរចង្ក្រានប្រហមនៅកណ្ដាលព្រៃភ្នំ Truong Son ដ៏ធំល្វឹងល្វើយ។

អញ្ជើញទស្សនាទេសភាពស្រុក Dakrong - ảnh 2តំបន់ទេសចរណ៍សហគមន៍ Klu ។ រូបថត៖ Minh Tuan

ភូមិ Klu មានចម្ងាយប្រហែល ៨ គីឡូម៉ែត្រពីភាគខាងលិចនៃមជ្ឈមណ្ឌលស្រុក Dakrong ស្ថិតនៅក្បែរច្រាំងទន្លេ Dakrong នៃរឿងព្រេង គឺជាគោលដៅទេសចរណ៍សហគមន៍មួយរបស់ Dakrong ដែលត្រូវបានភ្ញៀវទេសចរជាច្រើនស្គាល់ដល់។ មណ្ឌលទេសចរណ៍ត្រូវបានវិនិយោគសាងសង់ និងដាក់ឱ្យដំណើរការចាប់ពីឆ្នាំ ២០១៤ មក។ នេះគឺជាគោលដៅដែលមានទីតាំងអំណោយផល ខណៈដែលស្ថិតនៅក្នុងចំនុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងផ្លូវហូជីមិញប៉ែកខាងលិច។ តាមនោះ តំបន់ទេសចរណ៍សហគមន៍ភូមិ Klu មានចម្ងាយត្រឹមតែប្រហែល ៣០ គីឡូម៉ែត្រពីច្រកទ្វារអន្តរជាតិ Lao Bao ស្រុក Huong Hoa ហើយមានចំងាយប្រហែល ៨០ គីឡូម៉ែទ្រពីច្រកទ្វារអន្តរជាតិ La Lay ស្រុក Dakrong ។ ទីកន្លែងនេះទាក់ទាញភ្ញៀវទេសចរដោយសម្រស់ដ៏រហោស្ថាន នៅកណ្ដាលព្រៃភ្នំដ៏ធំសម្បើម ពោរពេញទៅដោយលក្ខណៈវប្បធម៌របស់ជនរួមជាតិ Bru Van Kieu; រួមជាមួយនោះគឺសកម្មភាពសម្រាកលំហែកាយ កម្សាន្តនភតាមទឹកជ្រោះក្ដៅក្នុងភូមិ។ នៅច្រាំងទន្លេ Dakrong ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាត មណ្ឌលទេសចរណ៍រួមមាន៖ ផ្ទះគយគន់ទេសភាព ទីធ្លាពិធីបុណ្យទាន មជ្ឈមណ្ឌលឧទ្ទេសនាមទេសភាព ផ្ទះសំណាក់សហគមន៍ និងតង់ចំនួន ១៦ ដើម្បីបង្កើតចំណុចលេចធ្លោទាញទាក់ភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនា និងសម្រាកលំហែកាយជារៀងរាល់ឆ្នាំ។ លោក Vien Dang Phu ភ្ញៀវទេសចរនៅខេត្ត Thua Thien - Hue បានឲ្យដឹងថា៖

“នេះគឺជាគោលដៅមួយដែលភ្ញៀវទេសចរអាចសម្រាកលំហែកាយ ទទួលទានម្ហូបអាហារ និងផ្លាស់ប្ដូរវប្បធម៌ជាមួយបងប្អូនប្រជាជន។ បទពិសោធន៍ចាប់ត្រីនៅទឹកជ្រោះពិតជាអស្ចារ្យណាស់។ នាពេលរាត្រី យើងខ្ញុំក៏បានដុតភ្លើងជំរំ ហើយបានស្តាប់ព្រឹទ្ធាចារ្យភូមិដំណាលពីរឿងរ៉ាវអំពីជនជាតិពួកគេ។ ខ្ញុំក៏បានស្លៀកពាក់សម្លៀកបំពាក់ជនជាតិក្នុងស្រុកផងដែរ”។

លក្ខណៈដ៏ស្រស់ស្អាត ធំសម្បើម និងរហោស្ថានរបស់ស្រុក Dakrong ត្រូវបានចាត់ទុកថាជាអំណោយដ៏មានតម្លៃរបស់ធម្មជាតិសម្រាប់មនុស្សនៅទីនេះ។ ដូច្នេះហើយ អាជ្ញាធរតំបន់មានគោលការណ៍លើកទឹកចិត្ត និងអំពាវនាវឱ្យសហគ្រាសយកចិត្តទុកដាក់ និងវិនិយោគដើម្បីទាញយកសក្តានុពលទេសចរណ៍នៅភូមិសាស្ត្រស្រុក។ ទន្ទឹមនឹងនោះ បង្កើនការងារអភិរក្សរាល់តម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណី ស្ដារឡើងវិញពិធីបុណ្យទាន របរប្រពៃណី កសាងពាណិជ្ជសញ្ញាផលិតផលកសិកម្មដ៏វិសេសវិសាលរបស់ស្រុក ធ្វើផលិតផលទេសចរសម្បូរបែប ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកទស្សាស្រុក Đakrông នាពេលខាងមុខផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ