អញ្ជើញទស្សនាផ្សារណាត់ Meo Vac នៅតំបន់ខ្ពង់រាបថ្ម

(VOVWORLD) - ផ្សារណាត់ Meo Vac គឺជាផ្សារណាត់ដ៏ល្បីល្បាញបំផុតមួយនៅខេត្ត Ha Giang។ អញ្ជើញមកដល់ផ្សារណាត់នេះ ភ្ញៀវទេសចរត្រូវបានសម្រខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌របស់បណ្ដាជនជាតិនៅតំបន់ខ្ពង់រាបថ្ម Dong Van។ មិនត្រឹមតែជាកន្លែងទិញ-លក់ទំនិញ ផ្លាស់ប្តូរសម្ភារៈប្រើប្រាស់ សំភារៈកសិកម្ម និងកសិផលសម្រាប់បម្រើជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ផ្សារណាត់ក៏ជាឱកាសសម្រាប់មនុស្សម្នាជួបសំណេះសំណាល និងសម្ដែងមនោសញ្ចេតនាជាមួយគ្នាទៀតផង។
អញ្ជើញទស្សនាផ្សារណាត់ Meo Vac នៅតំបន់ខ្ពង់រាបថ្ម - ảnh 1ផ្សារ Meo Vac បើករៀងរាល់ព្រឹកថ្ងៃអាទិត្យ។ រូបថត៖ VOV

 

ផ្សារណាត់ Meo Vac ស្ថិតនៅកណ្តាលទីរួមស្រុក Meo Vac ហើយជាផ្សារដ៏ធំបំផុតរបស់ខេត្ត Ha Giang។ ផ្សារត្រូវបានបើកនាព្រឹកថ្ងៃអាទិត្យប្រចាំសប្តាហ៍តែប៉ុណ្ណោះ។ផ្សារណាត់ Meo Vac បានទាក់ទាញមនុស្សជាច្រើនក្នុងតំបន់។ ប្រជាជនភាគច្រើនរស់នៅឆ្ងាយ ដូច្នេះហើយចាប់ពីម៉ោង ៤ ទៀបភ្លឺ ផ្លូវឆ្ពោះទៅកាន់ផ្សារមានសភាពអ៊ូអរជាមួយនឹងស្នួរសំឡេងមធ្យោបាយធ្វើដំណើទៅវិញទៅមក ស្នូរសំឡេង និងសំណើចរបស់មនុស្សម្នាទៅផ្សារ។ លោក Pham Van Dong (មកពីខេត្ត Thai Nguyen ហើយទៅស្រុក Meo Vac ដើម្បីបង្រៀន) បានផ្សារជាប់ជាមួយនឹងទឹកដីនេះច្រើនឆ្នាំហើយ ប៉ុន្តែពេលទៅដល់ផ្សារណាត់ម្ដង់ៗលោកនៅតែរំភើបចិត្តជាខ្លាំង៖

ខ្ញុំបានឃើញថាផ្សារណាត់ Meo Vac មានប្រការដ៏ប្លែកៗ និងថ្មីថ្មោងជាច្រើន បើធៀបនឹងផ្សារនៅតំបន់ទំនាប។ ផ្សារណាត់បានបើកតាំងពីរព្រឹកព្រលឹម ហើយទាក់ទាញមនុស្សយ៉ាងច្រើនកុះករ។ លក្ខណៈពិសេសបំផុតគឺ បងប្អូនប្រជាជនបានដាក់ទំនិញក្នុងកាផាដើម្បីលក់នៅផ្សារ

នៅផ្សារណាត់ Meo Vac សត្វដូចជា ឆ្កែ ជ្រូក និងមាន់មិនត្រូវបានដាក់ក្នុងទ្រុងដូចនៅតំបន់ទំនាបឡើយ ប៉ុន្តែត្រូវយកទៅដាក់ក្រោមក្លៀកមនុស្ស ឬចងខ្សែដឹកតាមខ្លួន។ កន្លែងលក់គោ និងក្របីមានលក្ខណពិសេសដោយឡែកជាង ពោលគឺ នៅលើករបស់ក្របី និងគោត្រូវបានព្យួរកូនកណ្ដឹង ក្រោយមករង់ចាំគេមកមើល ហើយជ្រើសរើសទិញ ។ រីឯកន្លែងលក់សម្លៀកបំពាក់វិញគឺលេចធ្លោជាងគេ។ សំលៀកបំពាក់ជនជាតិ Mông ដែលត្រូវបានត្បាញដោយដៃជាមួយនឹងពណ៌ចម្រុះនឹងក្លាយទៅជាវត្ថុអនុស្សាវរីយ៍សម្រាប់មនុស្សនៅតំបន់ទំនាប។ លោក Hoang Van Nam មកពីស្រុក Bac Quang ខេត្ត Ha Giang បានឲ្យដឹងថា៖

ផ្សារណាត់នៅតាមស្រុកនៃតំបន់ព្រៃភ្នំរបស់ខេត្ត Ha Giang ដូចជា Meo Vac, Dong Van, Quan Ba មានលក្ខណៈស្រដៀងគ្នាជាច្រើន បងប្អូនប្រជាជន ដែលមកផ្សារនៅទីនេះ ភាគច្រើនជាបងប្អូនជនជាតិភាគតិច ហើយភាគច្រើនជាជនជាតិ Mong ។ បងប្អូនប្រជាជនបាននាំយកផលិតផលដែលធ្វើឡើងដោយខ្លួនឯងទៅផ្សារសម្រាប់
លក់ ដូចជាក្របី គោ ជ្រូក មាន់ បន្លែព្រៃ។ ប្រការដែលខ្ញុំចាប់អារម្មណ៍បំផុតគឺពេលទៅផ្សារ បងប្អូនជនជាតិ Mong  ភាគច្រើនបានស្លៀកពាក់សំលៀកបំពាក់ប្រពៃណីចម្រុះពណ៌ដ៏ស្រស់ស្អាតរបស់ខ្លួនផងដែរ

អញ្ជើញទស្សនាផ្សារណាត់ Meo Vac នៅតំបន់ខ្ពង់រាបថ្ម - ảnh 2កន្លែងលក់អាហារតែងតែទាក់ទាញប្រជាជន។ រូបថត៖ VOV

អញ្ជើញមកផ្សារណាត់ Meo Vac លោកអ្នកនឹងមើលឃើញនារីនៅតំបន់ព្រៃភ្នំស្លៀកពាក់សំលៀកបំពាក់ចរបាប់ដ៏ស្រស់ស្អាតបំផុត។ ពួកគេមកទីនេះមិនត្រឹមតែទិញលក់ទំនិញប៉ុណ្ណោះទេ ថែមទាំងបានជួបសំណេះសំណាល និងសាសងវាចារជាមួយគ្នាទៀតផង។ ផ្សារក៏ជាកន្លែងជួបជុំគ្នារបស់បុរសៗផងដែរ។ ពួកគេតែងតែអង្គុយនៅជ្រុងម្ខាងនៃផ្សារ ផឹកតែនិយាយគ្នាលេងសើចជាមួយគ្នាយ៉ាងសប្បាយរីករាយ។

ក្រោយពេលទស្សនាជុំវិញផ្សារ លោកអ្នកគួរតែទៅកាន់កន្លែងលក់ម្ហូបអាហាររបស់ផ្សារ។ អញ្ជើញមកទីនេះ លោកនឹងបានពិសារនំចៀន។ នំនៅផ្សារណាត់ Meo Vac មិនសម្បូរបែបដូចតំបន់វាលទំនាបឡើយ។ ជាធម្មតា នៅទីនេះមានតែនំចៀនធ្វើដោយប្រជាជន Kinh និងនំពោតអាំងរបស់ជនជាតិភាគតិច ដែលដាក់លក់នៅហ្នឹងកន្លែង។ ចាប់ពីម្ហូប thắng cố រហូតដល់ម្ហូបហ្វើនៅទីនេះគឺសុទ្ធតែមានរសជាតិឆ្ងាញ់ពិសេសដោយឡែកនៅតំបន់ព្រៃភ្នំ។ពួកគេបាននិយាយរឿងរ៉ាវអំពីជីវភាពរស់នៅប្រចាំថ្ងៃជាមួយគ្នាជុំវិញតុអាហារ ។ លោក Pham Tuan Linh មកពីទីរួមស្រុក Meo Vac បានចែករំលែកថា៖

ផ្សារ Meo Vac គឺជាផ្សារណាត់ដ៏ធំបំផុតរបស់បងប្អូនជនជាតិ Mong នៅតាមស្រុកចំនួនបួននៃតំបន់ខ្ពង់រាបថ្ម Ha Giang។ នៅពេលមកដល់ផ្សារណាត់ Meo Vac យើងនឹងមានអារម្មណ៍អស្ចារ្យ៍ពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong ។ ម្ហូបអាហារដ៏ឆ្ងាញ់ពិសារនៅទីនេះនៅតែរក្សាបានអត្តសញ្ញាណដដែលរបស់បងប្អូនប្រជាជន។ ភ្ញៀវទេសចរពីគ្រប់ទិសទី និងប្រជាជនក្នុងតំបន់បានមកផ្សារណាត់យ៉ាងច្រើនកុះករផងដែរ

សម្របខ្លួនទៅក្នុងផ្សារណាត់  Meo Vac បើទោះបីមិនស្គាល់អ្នកណាម្នាក់កដោយ ប៉ុន្តែក្រោយពីទិញ លក់ និងផ្លាស់ប្ដូរទំនិញរួចរាល់ មនុស្សគ្រប់គ្នាបានផឹកស្រាពោតមួយពែងជាមួយគ្នា ហើយក្លាយទៅជាមិត្តនឹងគ្នា។ នេះគឺជាប្រការដ៏អស្ចារ្យបំផុត ហើយទំនងជាប្រការដ៏ទាក់ទាញបំផុតនៅពេលមកផ្សារណាត់នៅតំបន់ខ្ពង់រាបថ្មី Ha Giang ដែលជាសម្រស់វប្បធម៌របស់ជនជាតិ Mong

ប្រតិកម្មទៅវិញ

ផ្សេងៗ