E-Sport - ស្ពានមិត្តភាពរបស់យុវវ័យអាស៊ីអាគ្នេយ៍

(VOVWORLD) - E-Sport ឬកីឡាអេឡិចត្រូនិក គឺជាវិញ្ញាសារកីឡាមួយក្នុងចំណោមវិញ្ញាសារកីឡាចំនួន ៤ ដែលត្រូវបានបំពេញបន្ថែមនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម ៣១) ដែលទើបបានរៀបចំឡើងនៅប្រទេសវៀតណាម។ នេះជាព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២ ក្នុងប្រវត្តិសាស្ត្រហើយ ដែល E-sport ត្រូវបានជ្រើសរើសជាវិញ្ញាសារកីឡាផ្លូវការ។ នេះមិនត្រឹមតែជាឱកាសមួយដើម្បីឲ្យមិត្តយុវវ័យចូលរួមប្រកួតដណ្ដើមមេដាយប៉ុណ្ណោះទេ ថែមទាំងជា ឱកាសដើម្បីឲ្យសង្គមមានការសម្លឹងពហុទិដ្ឋភាពចំពោះ E-sport ទៀត ផង។ លើសពីនេះទៅទៀត នេះក៏ជាឱកាសសម្រាប់ E-sport ដើម្បីបង្ហាញពីប្រៀបខ្លាំងរបស់ខ្លួនក្នុងការដើរតួជាស្ពានមិត្តភាពសម្រាប់យុវជនអាស៊ីអាគ្នេយ៍ក្នុងយុគសម័យឌីជីថលផងដែរ។

E-Sport - ស្ពានមិត្តភាពរបស់យុវវ័យអាស៊ីអាគ្នេយ៍ - ảnh 1ក្រុម League of Legends របស់វៀតណាមនិងឡាវថតរូបអនុស្សាវរីយ៍។ (រូបថត៖ VOV)

ថ្វីត្បិតតែស៊ីហ្គេម ៣១ បានបញ្ចប់ទៅហើយក៏ដោយ ប៉ុន្តែសំឡេងលាន់រន្ទឺនៅតែដិតជាប់នៅក្នុងដួងចិត្តកីឡាករ និងអ្នកគាំទ្រកីឡាគ្រប់រូប។ ចំពោះ E-sport វារឹតតែពិសេសជាងនេះទៅទៀត ពីព្រោះថា នេះជាលើកទីមួយ ដែលមានហ្គេមជាច្រើនអញ្ចឹងត្រូវបានដាក់បញ្ចូលក្នុងការប្រកួត ដោយមានមេដាយរហូតដល់១០ឈុតសម្រាប់ហ្គេមចំនួន៨មុខ។ ជាពិសេស នេះក៏ជាព្រឹតិ្តការណ៍ស៊ីហ្គេមលើកដំបូង ដែល E-sport មានការប្រកួតប្រជែងសម្រាប់ស្ត្រី ដូចជាហ្គេម សម្ព័ន្ធរឿងព្រេងនិទាន (LoL: Wild Rift)។ ដូច្នេះហើយ កីឡាការិនីទាំងអស់សុទ្ធតែមានមោទនភាពដោយបានចូលរួមប្រកួតជាលើកដំបូងដូចកីឡាករបុរសអញ្ចឹង។

“នេះជាវិញ្ញាសារកីឡាថ្មីមួយ ហើយខ្ញុំមានបំណងថា វានឹងត្រូវបានមនុស្សគ្រប់គ្នាស្គាល់ដល់និងទទួលយក។ ស៊ីហ្គេមលើកនេះ ត្រូវបានចាត់ទុកថា ជាចំណុចចាប់ផ្ដើមនៅពេលដែលហ្គេមជាច្រើនទៀតត្រូវបានដាក់បញ្ចូលក្នុងខ្លឹមសារប្រកួត។ ដូច្នេះខ្ញុំមានកិត្តិយស និងមោទនភាពខ្លាំងណាស់ ដោយបានតំណាងឲ្យប្រទេសជាតិចូលរួមការប្រកួតលើកនេះ”។

“E-sport ជាវិញ្ញាសារកីឡាដែលប្រកួតតាមប្រព័ន្ធអនឡាញ ប៉ុន្តែស៊ីហ្គេមលើកនេះ បានបង្កើតលក្ខខណ្ឌសម្រាប់យើងខ្ញុំអាចជួបជុំគ្នា ប្រកួតប្រជែង ផ្លាស់ប្តូរបទពិសោធន៍ សិក្សាពីគ្នាទៅវិញទៅមក ហើយមានមិត្តថ្មីជាច្រើន។ សំខាន់បំផុត ស៊ីហ្គេមលើកទី ៣១ នៅវៀតណាម គឺជាបទពិសោធន៍ និងអនុស្សាវរីយ៍ដ៏ថ្លៃថ្លាដែលយើងខ្ញុំមានឱកាសចូលរួមជាលើកដំបូងបង្អស់ក្នុងជីវិត”។

ហ្គេមដែលត្រូវបានដាក់បញ្ចូលក្នុងការប្រកួតលើកនេះអាចនិយាយដល់ដូចជា៖ League of Legends, Arena of Valor, FIFA Online 4, Free Fire, League of Legends: Wild Rift, PUBG Mobile, Mobile Legend: Bang Bang និង CrossFire។ ហ្គេមទាំង ៨ ប្រភេទនេះប្រហែលជាស្គាល់ច្បាស់សម្រាប់យុវជនជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនិយាយអំពីវីដេអូហ្គេម នៅតែមានការរើសអើងជាច្រើននៅក្នុងសង្គមរបស់យើងសព្វថ្ងៃនេះ។ ដូច្នេះហើយ នៅពេលចូលរួមក្នុងការប្រកួត E-sport នៅស៊ីហ្គេម ៣១ កីឡាករដូចជា Enis (ក្រុមវៀតណាម) និង Kuptan (ក្រុមឡាវ) នៅមានបំណងចង់បញ្ចេញសារអំពីកីឡានេះផងដែរ។

“ការលេងហ្គេមមិនត្រឹមតែជាទម្រង់កម្សាន្តមួយប៉ុណ្ណោះទេ ប្រសិនបើយើងលេងហើយហ្វឹកហាត់ប្រកបដោយវិន័យ និងវិធីសាស្រ្ត វានឹងបង្កើតឲ្យយើងនូវបំណិនល្អៗជាច្រើនដូចជា បំណិនធ្វើការជាក្រុម បំណិនផ្តោតអារម្មណ៍ ការហ្វឹកហាត់ភ្នែកឲ្យមុតស្រួច ជាដើម ហើយការហ្វឹកហាត់ប្រកប ដោយវិន័យនោះ បានបង្កើតឡើងខ្ញុំនាសព្វថ្ងៃ ដែលក្លាយជាកីឡាករអាជីព ចូលរួមក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់គ្នានឹងមានការវាយតម្លៃបែបពហុទិដ្ឋភាព ហើយទទួលស្គាល់វីដេអូហ្គេមនេះ ជាវិញ្ញាសារហ្គេមកីឡាផ្លូវការដូចកីឡាផ្សេងៗទៀតដែរ”។

“E-sport ជាវីដេអូហ្គេមធម្មតា ដែលត្រូវបានបំប្លែងទៅជាកីឡាអេឡិចត្រូនិកអន្តរជាតិ។ នៅពេលចូលរួមវិញ្ញាសារកីឡានេះ យើងខ្ញុំក៏ចង់លើកទឹកចិត្តមិត្តវ័យក្មេងឲ្យលេងហ្គេមប្រកបដោយវិន័យ ហើយបង្កើតកម្លាំងចលករសម្រាប់អ្នកដែលមានសមត្ថភាពក្លាយជាកីឡាករអាជីពរបស់ប្រទេសជាតិ”។

E-Sport - ស្ពានមិត្តភាពរបស់យុវវ័យអាស៊ីអាគ្នេយ៍ - ảnh 2កីឡាការិនីលេងហ្គេម Andy របស់ក្រុមថៃ ផ្ដោតអារម្មណ៍ក្នុងការប្រកួត។

មិនត្រឹមតែប៉ុណ្ណោះទេ E-sport ក៏ជាស្ពានមិត្តភាព ដើម្បីជួយយុវជនក្នុងតំបន់ ឬអន្តរជាតិ ដែលមានចំណង់ចំណូលចិត្តដូចគ្នា ខិតមកជិតគ្នា ហើយមានការយល់ដឹងពីគ្នាទៅវិញទៅមកថែមទៀត។ នេះក៏ជាគុណសម្បត្តិដែលវិញ្ញាសារកីឡាជាច្រើនទៀតមិនអាចធ្វើបានទេ។ Andy និង Enis - កីឡាការិនីលេងហ្គេម Wild Rift នៃក្រុមថៃនិងវៀតណាមបានចែករំលែកថា៖

“ការចូលរួមប្រកួតវិញ្ញាសារកីឡានេះ ជួយបង្កើតទំនាក់ទំនងជាច្រើនរវាងយុវជនមកពីប្រទេសផ្សេងៗ។ មិនថាឈ្នះឬចាញ់ទេ យើងខ្ញុំនៅតែជាមិត្ត នៅតែស្រឡាញ់គ្នា ហើយជួយយើងខ្ញុំយល់ដឹងពីគ្នាបានច្រើនថែមទៀត។ ប្រការនេះបានជួយឲ្យទំនាក់ទំនងរវាងបណ្ដាប្រទេសកាន់តែជិតស្និទ្ធ ហើយរួមចំណែកបង្កើតឡើងតំបន់អាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងមាំមួន”។

“ប្រធានបទនៃស៊ីហ្គេម ៣១ គឺ "ដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងមាំមួន”។ដើម្បីមានអាស៊ីអាគ្នេយ៍មួយដ៏ខ្លាំងក្លា ខ្ញុំគិតថា ដំបូងឡើយ យើងត្រូវមានទំនាក់ទំនងជិតស្និទ្ធ យល់គ្នាទៅវិញទៅមក ហើយគម្លាតទាំងអស់ត្រូវបានបង្រួញ។ ខ្ញុំគិតថា E-sport នឹងពង្រីកបាននូវប្រៀបខ្លាំងរបស់ខ្លួន ដែលអាចស្គាល់មិត្តភក្ដិ ហើយជួបប្រាស្រ័យទាក់ទងគ្នាគ្រប់ពេល គ្រប់ទីកន្លែងតាមរយៈប្រព័ន្ធអនឡាញ់។ ខ្ញុំផ្ទាល់ក៏ស្គាល់មិត្តភក្តិជាច្រើនតាមរយៈការលេងហ្គេម ហើយក៏យល់ដឹងច្រើនថែមទៀតអំពីវប្បធម៌របស់ប្រទេសជិតខាងផងដែរ”។

ចំពោះកីឡាករលេង E-sport ម្នាក់ៗៗ នេះមិនត្រឹមតែជាទីលានលេងសម្រាប់ការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាព ដើម្បីជួយគេឲ្យខិតមកជិតគ្នា ពង្រឹងចំណងសាមគ្គីភាព ផ្លាស់ប្តូរបទពិសោធន៍ រួមគ្នាអភិវឌ្ឍដើម្បីអាស៊ីអាគ្នេយ៍មួយកាន់តែខ្លាំងក្លាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ