(VOVWORLD) - មានវត្តមាននៅប្រទេសវៀតណាមតាំងពីឆ្នាំ ២០១៨ គិតមកដល់ពេលនេះ Gojek វៀតណាម ដែលស្ថិតនៅក្នុងសម្ព័ន្ធក្រុមហ៊ុន Go To (ប្រទេសឥណ្ឌូនេស៊ី) មានដៃគូបើកបរជាង២០ម៉ឺននាក់ហើយ។ ក្នុងរយៈពេល ៥ ឆ្នាំប្រតិបត្តិការនៅ វៀតណាម Gojek ជានិច្ចកាលរក្សាការសន្យាដ៏យូរអង្វែងរបស់ខ្លួនក្នុងការបង្កើតឥទ្ធិពលជាវិជ្ជមាន ជួយឧបត្ថម្ភដៃគូបើកបររក្សារបររកស៊ី និងការអភិវឌ្ឍប្រកប ដោយចីរភាព។
អ្នកបើកបរ Gojek នៅវៀតណាម។ (រូបថត៖ VNA) |
សម្រាប់លោក Le Van Trong នៅខ័ណ្ឌ Nam Tu Liem ទីក្រុងហាណូយ ប្រាក់ចំណូលមកពីការបើកបរ Gojek គឺជាប្រភពចំណូលស្នូលសម្រាប់គ្រួសារដែលមានសមាជិកចំនួន ៤ នាក់។ ចាប់ផ្តើមបើកបរសម្រាប់ Gojek តាំងពីឆ្នាំ ២០២០ ដែលពេលនោះមានឈ្មោះថា Goviet រហូតមកដល់ពេលនេះលោកមានបទពិសោធន៍ការងារជាង ៣ ឆ្នាំហើយ។ ប្រាក់ចំណូលសរុបរបស់លោកក្នុងប៉ុន្មានខែដែលជាប់មមាញឹកបំផុត ឡើងដល់ជាង ២០ លានដុង រួមមានចំណូល និងប្រាក់រង្វាន់របស់ក្រុមហ៊ុន។ ចែករំលែកអំពីមូលហេតុដែលបានចូលរួម និងផ្សាភ្ជាប់ជាមួយ Gojek វៀតណាម លោក Trong បានឲ្យដឹងថា៖
“មិត្តរួមការងាររបស់ខ្ញុំក៏បានសាកល្បងបើកបរសម្រាប់ក្រុមហ៊ុនផ្សេងទៀតដើម្បីសាកមើលថាតើប្រាក់ចំណូលទទួលបានកម្រិតណា ប៉ុន្តែបន្ទាប់មកមានអ្នកខ្លះក៏បានវិលត្រឡប់មក Gojek វិញ។ រូបខ្ញុំផ្ទាល់នៅតែផ្សាភ្ជាប់ជាមួយនឹង Gojek ចាប់តាំងពីការបើកសម្ពោធ។ ព្រោះខ្ញុំឃើញការបញ្ចុះតម្លៃរបស់ក្រុមហ៊ុននានាមិនខុសគ្នាច្រើនទេ។ ជាងនេះទៅទៀត Gojek តែងតែមានកម្មវិធីអនុគ្រោះដូចជា ជូនមួក អាវភ្លៀង ជួយឧបត្ថម្ភប្រាក់សាំងសម្រាប់អ្នកបើកបរ និងទទួលបានពិន្ទុសម្រាប់ការឧស្សាហ៍ព្យាយាមរបស់ខ្លួន”។
ជាផ្លាតហ្វមបច្ចេកវិទ្យាដែលតភ្ជាប់ដៃគូបើកបររាប់សែននាក់ Gojek វៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីបង្កើតឱកាសចំណូលសម្រាប់ដៃគូ ដោយជួយគេទទួលបានបច្ចេកវិទ្យា និងរបៀបធ្វើសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ កម្មវិធី និងគំនិតផ្តួចផ្តើមជាច្រើនត្រូវបានអនុវត្តន៍ដោយ Gojek វៀតណាម ក្នុងបំណងថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីសម្រាប់ដៃគូបើកបរ ជាពិសេសក្នុងអំឡុងពេលលំបាកមុននិងក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះត្រូវនិយាយដល់កម្មវិធី "ដឹងគុណអ្នកបើកបរវ័យចំណាស់ដែលផ្សាភ្ជាប់យូរអង្វែងនិងធ្វើការបានល្អជាមួយ Gojek"; ឬកម្មវិធីជួយឧបត្ថម្ភ កម្មវិធីអនុគ្រោះសម្រាប់ដៃគូបើកបរក្នុងបរិបទនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ ជាដើម។
លោកស្រី Nguyen Thi Thu Van នាយិកាទទួលបន្ទុកសហគមន៍ដៃគូបើកបរ នៃក្រុមហ៊ុន Gojek វៀតណាម។ |
នៅក្នុងបរិបទដែលទីផ្សារមានការផ្លាស់ប្តូរដោយឥតឈប់ឈរ និងការប្រកួតប្រជែងយ៉ាងប្ដូរផ្ដាច់ពីក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដែលកំពុងមានវត្តមាននៅប្រទេសវៀតណាមដូចជា៖ Grab, Be, MyGo, FastGo…នោះ បច្ចេកវិជ្ជា និងតម្លៃដែល Gojek វៀតណាមដេញតាមរក គឺជាអាវុធដ៏សំខាន់ដើម្បីជួយក្រុមហ៊ុននេះឈរជើងយ៉ាងរឹងមាំ ហើយសម្រេចបានសមិទ្ធិផលជាច្រើន។ លោកស្រី Nguyen Thi Thu Van នាយិកាទទួលបន្ទុកសហគមន៍ដៃគូបើកបរ នៃក្រុមហ៊ុន Gojek វៀតណាមបានឲ្យដឹងថា៖
“ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា យើងខ្ញុំជឿជាក់ថា ការកែលម្អបច្ចេកវិទ្យាដោយការផ្ទៀងស្តាប់មតិយោបល់ពីដៃគូ និងអ្នកប្រើប្រាស់តាមរយៈបណ្ដាញជំនួយអតិថិជន នឹងជួយយើងខ្ញុំកែលម្អសេវាកម្មដែលកំពុងមានវត្តមាននៅលើទីផ្សារ។ ក្នុងឆ្នាំកន្លងទៅ យើងខ្ញុំមានមុខងារថ្មីៗជិត ៤០ សម្រាប់អ្នកប្រើប្រាស់ និងដៃគូ។ ជាពិសេសសម្រាប់ការជ្រើសរើសដៃគូបើកបរ យើងខ្ញុំទើបតែបើកដំណើរការសេវាកម្ម Gocar នៅចុងឆ្នាំ ២០២១ ដែលបើកឱកាសការងារ និងឱកាសរកប្រាក់ចំណូលជាច្រើនបន្ថែមទៀតសម្រាប់ទីផ្សារការងារនៅប្រទេសវៀតណាម”។
នៅក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន បទពិសោធន៍និងការផ្ដល់យោបល់របស់អតិថិជនតែងតែត្រូវបាន Gojek គោរពនិងកត់សម្គាល់ដើម្បីលើកកំពស់គុណភាពសេវាកម្ម ហើយនាំមកនូវបទពិសោធន៍ដ៏ល្អបំផុត។ អ្នកស្រី Nguyen Thi Hien និងលោក Do Tuan Anh មកពីទីក្រុងហាណូយ បានចែករំលែកអារម្មណ៍ នៅពេលប្រើប្រាស់សេវាកម្មរបស់ Gojek ថា៖
“វាល្អបង្គួរ។ Gojek តែងតែមានកម្មវិធីបញ្ចុះតម្លៃ។ ការរចនារបស់កម្មវិធីក៏ងាយមើល ងាយប្រើប្រាស់ ហើយមានសេវាកម្មគ្រប់គ្រាន់ដូចជា ការដឹកជញ្ជូនអ្នកដំណើរ ទំនិញ ឬអាហារ ងាយស្រួលណាស់”។
“Gojek មានគុណវិបត្តិតែមួយគត់ គឺពិបាកកក់ នៅតំបន់ជាយក្រុង ដោយសារចំនួនអ្នកបើកបរមិនសូវច្រើនទេ ប៉ុន្តែជាទូទៅ សេវាកម្មក្នុងទីក្រុងល្អណាស់។ ខ្ញុំតែងតែកក់ Gojek ពីព្រោះមានលេខកូដបញ្ចុះតម្លៃជាច្រើន ហើយតម្លៃក៏សមរម្យជាងម៉ាកមួយចំនួនផ្សេងទៀត”។
Gojek គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ព្រមទាំងក៏ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្គត់ផ្គង់គំរូប្រព័ន្ធអេកូពហុមុខងារនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ Gojek មានវត្តមាននៅទីក្រុងជាង ២០០ ដោយផ្គត់ផ្គង់សេវាកម្មជាង ២០ សម្រាប់តម្រូវការកក់យានជំនិះ ការទូទាត់ ការកក់អាហារ និងសេវាកម្មផ្សេងៗច្រើនទៀត។ នៅប្រទេសវៀតណាម កម្មវិធីនេះបានតភ្ជាប់ជាមួយដៃគូបើកបរជាង ២០ ម៉ឺននាក់ ដៃគូភោជនីយដ្ឋានរាប់ម៉ឺនកន្លែង និងអ្នកប្រើប្រាស់វៀតណាមរាប់លាននាក់ តាមរយៈសេវាកម្មចំនួន ៣ ដែលជាការកក់យានជំនិះ (GoRide) ការកក់អាហារ (GoFood) និងការកក់អ្នកដឹកជញ្ជូនទំនិញ (GoSend)៕