កាកបាទក្រហមអាស៊ីប៉ាស៊ីហ្វិក សហប្រតិបត្តិការធ្វើសកម្មភាពបង្ការទប់ទល់នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ

(VOVWORLD) - តំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ពោរពេញទៅដោយភាពស្វាហាប់ដោយមានចំនួនប្រជាជនស្មើ ២/៣ នៃចំនួនប្រជាជនពិភពលោក ច្រើនតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយ គ្រោះធម្មជាតិ និងជំងឺរាតត្បាត។ យ៉ាងណាមិញ ប្រភពធនធានសម្រាប់សកម្មភាពផ្ដល់ជំនួយនិងសង្គ្រោះមនុស្សធម៌ នៅមានកម្រិតនៅកន្លែងជាច្រើន។ សមាគមកាកបាទក្រហមនៃប្រទេសនានាក្នុងតំបន់និយាយដោយឡែក និងលើពិភពលោកនិយាយរួម បានចូលរួមចែករំលែកបទពិសោធន៍ សហប្រតិបត្តិការធ្វើសកម្មភាពដើម្បីលើកកម្ពស់សមត្ថភាពនៃសកម្មភាពមនុស្សធម៌ ព្រមទាំងបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយផងដែរ។
 
កាកបាទក្រហមអាស៊ីប៉ាស៊ីហ្វិក សហប្រតិបត្តិការធ្វើសកម្មភាពបង្ការទប់ទល់នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ - ảnh 1សម័យប្រជុំជាផ្លូវការនៃសន្និសីទ AP11។ (រូបថត៖ Huong Tra/VOV5)
នៅឆ្នាំ ២០១៨ សន្និសីទកាកបាទក្រហម និងអឌ្ឍចន្ទក្រហមតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី ១០ (AP-10) បានចេញសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីល ដោយប្រធានបទ "កៀរគរការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងសកម្មភាពមនុស្សធម៌នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។ ក្នុងរបាយការណ៍បូកសរុបសេចក្តីថ្លែងការណ៍ទីក្រុងម៉ានីល ដំណាក់កាល ២០១៨-២០២៣ នៅឯសន្និសីទ AP លើកទី១១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២១ ខែវិច្ឆិកា កន្លងទៅ លោកស្រី Gwen Pang អគ្គលេខាធិការកាកបាទក្រហមហ្វីលីពីនបានធ្វើអត្ថាធិប្បាយថា៖ សន្និសីទ AP លើកទី១១ គឺជាឱកាសដើម្បីដកមេរៀនក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់គោលដៅថ្មីៗ។

“ចាប់តាំងពីសន្និសីទលើកមុននៅទីក្រុងម៉ានីល តំបន់អាស៊ីប៉ាស៊ីហ្វិកបានប្រឈមមុខនឹងគ្រោះមហន្តរាយជាច្រើន រួមទាំងគ្រោះធម្មជាតិ គ្រោះមហន្តរាយដ៏សាហាវ ការរញ្ជួយដី ការផ្ទុះភ្នំភ្លើង ក៏ដូចជាជម្លោះដ៏ស្មុគស្មាញនិងរ៉ាំរ៉ៃ ហើយប្រាកដប្រជាថាជំងឺរាតត្បាត Covid-១៩ ផងដែរ។ ទោះបីជាមានបញ្ហាប្រឈមជាំច្រើនក៏ដោយ ប៉ុន្តែកាកបាទក្រហមនានានៅតែប្រកាន់ខ្ជាប់ និងទទួលខុសត្រូវចំពោះការសន្យារបស់ខ្លួនក្នុងការរក្សាគោលការណ៍មូលដ្ឋានរហូតដល់ទីបញ្ចប់។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សន្និសីទថ្នាក់តំបន់នៅទីក្រុងហាណូយលើកនេះ នឹងពង្រឹងទស្សនៈវិស័យនិងការប្ដេជ្ញាចិត្តរួមរបស់យើង កសាងកិច្ចសហប្រតិបត្តិការដោយឈរលើស្មារតីដែលយើងបានបង្កើតឡើងនៅទីក្រុងម៉ានីល”។

កាកបាទក្រហមអាស៊ីប៉ាស៊ីហ្វិក សហប្រតិបត្តិការធ្វើសកម្មភាពបង្ការទប់ទល់នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ - ảnh 2សេចក្តីអំពាវនាវទីក្រុងម៉ានីលនៅ AP11។

ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទ AP លើកនេះ វៀតណាមបានជ្រើសរើសប្រធានបទ “អាស៊ី-ប៉ាស៊ីហ្វិក៖ ត្រៀមខ្លួនរួចជាស្រេចទៅនឹងគ្រោះមហន្តរាយ”។ យោងតាមលោកស្រី Bui Thi Hoa ប្រធានកាកបាទក្រហមវៀតណាមបានឲ្យដឹងថា វៀតណាមស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រដែលច្រើនតែទទួលរងនូវផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ ហើយស្ថិតក្នុងបញ្ជីប្រទេសចំនួន ១០ ដែលរងការខូចខាតធ្ងន់ធ្ងរបំផុតផងដែរ ដូច្នេះការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលធ្វើសកម្មភាពគឺមានសារៈសំខាន់ខ្លាំងណាស់៖

“ប្រឈមមុខនឹងភាពស្មុគស្មាញ ការកើនឡើង និងភាពសាហាវនៃវិបត្តិ និងគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះធម្មជាតិ ជំងឺរាតត្បាត និងជម្លោះ តម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ ការចែករំលែក និងការសម្របសម្រួលសកម្មភាពដើម្បីបង្កើតឡើងកម្លាំងនៃចលនាឯកភាពជាសកលមួយ កាន់តែមានសារៈសំខាន់ ភាពចាំបាច់បន្ទាន់ និងភាពរស់រវើកជាងពេលណាៗទាំងអស់។ សន្និសីទលើកនេះនឹងជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមកាកបាទក្រហមជាតិ សំដៅដោះស្រាយបញ្ហាប្រឈមមនុស្សធម៌ដែលតំបន់របស់យើងកំពុងប្រឈមមុខ”។

ប្រទេសនិងតំបនដែនដីជាង ៥០ អញ្ជើញចូលរួមក្នុងសន្និសីទលើកនេះដោយស្មារតីនៃការសិក្សា និងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពីនោះមានកិច្ចសហប្រតិបត្តិការជាក់លាក់ដើម្បីបង្កើនសមត្ថភាពនៃសកម្មភាពមនុស្សធម៌ ព្រមទាំងបង្ការ ទប់ទល់នឹងគ្រោះមហន្តរាយផងដែរ។ យោងតាមលោក Yusuf Kalla ប្រធានកាកបាទក្រហមឥណ្ឌូណេស៊ី វៀតណាមបានបំពេញបានយ៉ាងល្អនូវការងារចែករំលែក និងតភ្ជាប់កាកបាទក្រហមនានា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងគ្រោះមហន្តរាយនាពេលអនាគត។

“ប្រការដ៏សំខាន់មួយនោះគឺរវាងសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងក្លាយជាគំរូដ៏ល្អ។ សូមអរគុណប្រទេសវៀតណាមដែលបានរៀបចំសន្និសីទនេះដោយមានការចូលរួមពីគ្រប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មានបទពិសោធន៍ដ៏មានតម្លៃជាច្រើនដែលបានចែករំលែកនៅក្នុងសន្និសីទនេះ ដូច្នេះយើងអាចរួមគ្នាត្រៀមខ្លួនជាស្រេចដើម្បីជម្នះពុះពារលើគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ”។

កាកបាទក្រហមអាស៊ីប៉ាស៊ីហ្វិក សហប្រតិបត្តិការធ្វើសកម្មភាពបង្ការទប់ទល់នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ - ảnh 3គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលរួម AP11។

នេះក៏ជាស្មារតីដែលត្រូវបានគណៈប្រតិភូកាកបាទក្រហមនៃប្រទេសនានានាំមកកាន់សន្និសីទផងដែរ។ លោក យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា បានចែករំលែកថាថា៖

«តំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន ១១ ដែលសុទ្ធតែរងផលប៉ះពាល់បណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាមនុស្សផងដែរ។ ថ្មីៗនេះជម្លោះប្រដាប់អាវុធបានកើតឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា - អាហ្រ្វិកខាងជើង អាចមើលឃើញថាយើងត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាមនុស្សធម៌ទាំងនេះ”។

គោលការណ៍ទាំង ៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ ត្រូវបានប្រតិភូវ័យក្មេងដែលចូលរួមវេទិកាយុវជនកាកបាទក្រហម អឌ្ឍចន្ទក្រហមអាស៊ីប៉ាស៊ីហ្វិកលើកទី៤ សង្កត់ធ្ងន់ជាថ្មីម្ដងទៀតនៅក្នុងសន្និសីទ AP លើកទី ១១។ គោលការណ៍ទាំងនេះរួមមាន៖ មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និងសកល បានក្លាយជាត្រីវិស័យសម្រាប់សកម្មភាពកាកបាទក្រហមក្នុងអំឡុងពេល ៥៨ ឆ្នាំកន្លងមកនេះ ចាប់តាំងពីសិក្ខាសាលាចលនាកាកបាទក្រហម - អឌ្ឍចន្ទក្រហមអន្តរជាតិលើកទី ២០ នៅទីក្រុងវីយែន ប្រទេសអូទ្រីសក្នុងឆ្នាំ ១៩៦៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ