ការផ្លាស់ប្តូរនៅតំបន់ដីខ្សោះជីជាតិនៃប្រទេសថៃ

(VOVWORLD) - អាស្រ័យដោយការខិតខំប្រឹងប្រែងឥតឈប់ឈរអស់រយៈពេលជាង ៤០ ឆ្នាំមក មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ភូមិន្ទ Huai Sai - ស្រុក Cha-am ខេត្ត Phetchaburi បានអនុវត្តន៍គម្រោងពិសោធន៍ដើម្បីប្រែក្លាយដីទំនេរ និងភ្នំត្រងោលទៅជាតំបន់ដីសម្បូរជីជាតិ ជួយប្រជាជននៅទីនេះអាចធ្វើវប្បកម្ម ដាំដុះដំណាំ កែលម្អរបររកស៊ី និងលើកកម្ពស់គុណភាពជីវភាពរស់នៅ។

“មជ្ឈមណ្ឌល Huai Sai ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៨៣ នៅថ្ងៃនោះ ស្ដេច Rama ទី ៩ បានយាងមកដល់ ហើយទូកឃើញថាដីនៅទីនេះត្រូវបំផ្លាញដោយសារតែកសិករខ្វះបច្ចេកទេសធ្វើកសិកម្ម។ នៅឆ្នាំ ១៩៩២ ស្ដេច Rama ទី ៩ យាងមកទីនេះ ឃើញដីរឹងណាស់។ ទ្រង់គិតភ្លាមថា ដីរឹងពេក មិនអាចដាំដំណាំឬរុក្ខជាតិបានឡើយ។ ទ្រង់បានបញ្ជាឲ្យសាកល្បងដាំស្មៅប្រភេទ vetiver ហើយឃើញថា ស្មៅនេះអាចដុះនៅលើផ្ទៃដីរឹងបាន។ បន្ទាប់ពីស្មៅ vetiver លូតលាស់ធំៗ វាដូចជាជញ្ជាំងដែលការពារដី ហើយដីនឹងកាន់តែល្អជាបណ្ដើរៗ។ នោះគឺជារបៀបដែល យើងប្រែក្លាយដីរឹងទៅជាស្រែ”។

ការផ្លាស់ប្តូរនៅតំបន់ដីខ្សោះជីជាតិនៃប្រទេសថៃ - ảnh 1លោក Kawinpat Threeraprasuykul ប្រធានផ្នែកទំនាក់ទំនងសាធារណៈ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ភូមិន្ទ Huai Sai។

យោងតាមលោក Kawinpat Threeraprasuykul ប្រធានផ្នែកទំនាក់ទំនងសាធារណៈ មជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ភូមិន្ទ Huai Sai បានឱ្យដឹងថា នេះជារបៀបដែលមជ្ឈមណ្ឌលបានអនុវត្តន៍អស់រយៈពេលជាង ៤០ ឆ្នាំមក ដើម្បីប្រែក្លាយតំបន់ដីខ្សោះជីជាតិ ទៅជាតំបន់សម្បូរជីជាតិ ដែលអាចដាំដំណាំគ្រប់ប្រភេទ រួមទាំងបន្លែ ដំណាំ និងដើមឈើហូបផ្លែ... ធម្មជាតិដែលត្រូវបានបំផ្លិចបំផ្លាញត្រូវបានស្ដារឡើងវិញបន្តិចម្តងៗ ហើយផលិតភាពត្រូវបានកែលម្អផងដែរ។ ស្មៅ vetiver នឹងជួយឱ្យដីមានជីជាតិឡើងវិញ ផ្សិតដុះឡើង ប្រជាជនអាចបេះផ្សិតបាន ដោយមិនចាំបាច់កាប់បំផ្លាញព្រៃឈើនោះទេ។

ការប្រើប្រាស់ស្មៅ Vetiver ដើម្បីធ្វើប្រព្រឹត្តកម្មទឹកសំណល់ និងដីកខ្វក់ ជាបច្ចេកវិទ្យាប្រព្រឹត្តកម្មដោយរុក្ខជាតិដ៏ថ្មីថ្មោងនិងប្រកបដោយភាពច្នៃប្រឌិត ដែលមានលទ្ធភាពបំពេញតម្រូវការចាំបាច់ទាំងអស់។ នេះជាវិធីងាយស្រួលធ្វើ សន្សំសំចៃការចំណាយ មានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ដើមឈើបៃតងតាមបែបធម្មជាតិ ហើយសំខាន់ជាងនេះទៅទៀត គឺអនុផលរបស់វា ក៏អាចយកទៅប្រើប្រាស់បានច្រើនមុខទៀត ដូចជា ធ្វើវត្ថុធាតុដើមសិប្បកម្ម ចំណីបសុសត្វ ប្រក់ដំបូល វត្ថុសម្រាប់ដុត គម្របដី ឬធ្វើសម្ភារៈផលិតជីសរីរាង្គ ជាដើម។

បន្ទាប់ពីកែលម្អដីរួចរាល់ មជ្ឈមណ្ឌលបានណែនាំប្រជាកសិកររៀបចំផែនការ និងដាំដំណាំឲ្យសមស្របតាមវិធីសាស្ត្រវិលជុំ ដែលនាំមកនូវប្រាក់ចំណូលខ្ពស់ និងស្ថិរភាព។ លោក Kawinpat Threeraprasuykul បានឲ្យដឹងថា៖

“ប្រជាកសិករចេះតែដាំដំណាំប៉ុណ្ណោះ មិនចេះលក់ផលិតផលទេ។ វិធីសាមញ្ញបំផុតគឺដាំបន្លែតាមបែបវិលជុំ។ បន្លែដែលយើងខ្ញុំជ្រើសរើសគឺ ត្រកួន ដាំក្នុងរយៈពេលប្រហែល ២៤ ថ្ងៃ យើងខ្ញុំដាំជា ២៤ ឡូតិ៍ ដាំ ១ ឡូត៍ក្នុងមួយថ្ងៃ សរុប ២៤ ថ្ងៃ ដូច្នេះយើងខ្ញុំមានបន្លែសម្រាប់ប្រមូលផលជារៀងរាល់ថ្ងៃ។ ក្រៅពីនោះ យើងខ្ញុំក៏ដាំអំពៅដោយប្រើវិធីដូចគ្នាផងដែរ។ បេសកកម្មដែលមជ្ឈមណ្ឌលយើងខ្ញុំកំពុងអនុវត្តន៍ គឺជួយប្រជាកសិករឱ្យចេះដាំ ចេះរៀបចំផែនការ ស្វែងយល់ទីផ្សារ ហើយចេះថែរក្សា និងការពារបរិស្ថានសម្រាប់កូនចៅជំនាន់ក្រោយៗ”។

ការផ្លាស់ប្តូរនៅតំបន់ដីខ្សោះជីជាតិនៃប្រទេសថៃ - ảnh 2លោកស្រី Jintana Namjad។

ធ្វើការនៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ភូមិន្ទ Huai Sai អស់រយៈពេល ២០ ឆ្នាំ លោកស្រី Jintana Namjad គឺជាសាក្សីផ្ទាល់នៃការផ្លាស់ប្តូរជាជំហានៗ នៅតំបន់ដីនេះ។ លោកស្រី Jintana Namjad បានឲ្យដឹងថា មិនត្រឹមតែបរិស្ថានរស់នៅប៉ុណ្ណោះទេ អាស្រ័យដោយការកែលម្អគុណភាពដី ប្រជាជននៅទីនេះក៏មានរបររកស៊ីបន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅទៀតផង៖

“សព្វថ្ងៃនេះ មានការផ្លាស់ប្តូរជាច្រើននៅទីនេះ កាន់តែប្រសើរឡើងៗ យើងខ្ញុំអាចផលិតទឹកអំពៅដើម្បីបង្កើនប្រាក់ចំណូល។ ទេសភាពក៏ផ្លាស់ប្តូរច្រើន មានដើមឈើច្រើនជាងមុន បរិយាកាសត្រជាក់ស្រួលជាងមុន... កាលពីមុន ពេលខ្ញុំមកទីនេះ វាជាព្រៃម្នាស់ ក្រោយមកទើបផ្លាស់ប្តូរ និងរីកចម្រើនដូចបច្ចុប្បន្ន”។

ការផ្លាស់ប្តូរនៅតំបន់ដីខ្សោះជីជាតិនៃប្រទេសថៃ - ảnh 3ចម្ការអំពៅមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ភូមិន្ទ Huai Sai - ស្រុក Cha-am ខេត្ត Phetchaburi។

ហើយដើម្បីឱ្យប្រជាជនអាចអមដំណើរ និងរក្សាការផ្លាស់ប្តូរប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពទាំងនោះ សូម្បីតែបន្ទាប់ពីបញ្ចប់គម្រោងក៏ដោយ មជ្ឈមណ្ឌលក៏ណែនាំប្រជាកសិករអំពីរបៀបដាំដំណាំ រៀបចំផែនការ ស្វែងយល់ទីផ្សារ និងថែរក្សា ការពារបរិស្ថានផងដែរ។ លោក Kawinpat Threeraprasuykul ប្រធានផ្នែកទំនាក់ទំនងសាធារណៈបានឲ្យដឹងថែមទៀតថា៖

“មជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើងខ្ញុំ តាមពិតជាមជ្ឈមណ្ឌលអប់រំ ប្រជាកសិករអាចមករៀនចំណេះដឹង ដូចជាការធ្វើជី ជីវធ្យូង របៀបដាំអំពៅ… ដូច្នេះហើយ ប្រសិនបើសួរថា តើយើងខ្ញុំធ្វើដូចម្តេចដើម្បីបញ្ចុះបញ្ចូលអ្នកដែលមិនទាន់គាំទ្រយើងខ្ញុំនៅឡើយ? យើងខ្ញុំមិនអាចបង្ខិតបង្ខំពួកគេបានទេ រហូតទាល់តែពួកគេយល់ឃើញដោយខ្លួនឯង ហើយមនុស្សជាច្រើនបានផ្លាស់ប្តូរការសម្រេចចិត្តដើម្បីចូលរួមជាមួយយើងខ្ញុំ”។

ទន្ទឹមនឹងនិន្នាការអភិវឌ្ឍន៍នៃនគរូបនីយកម្ម និងទំនើបកម្ម បណ្ដាគម្រោងរបស់មជ្ឈមណ្ឌល មិនត្រឹមតែរួមចំណែកកែលម្អគុណភាពដី និងការការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជួយបង្កើតរបររកស៊ី បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់ប្រជាជននៅទីនេះទៀតផង។ បន្ទាប់ពីបានអនុវត្តន៍ដោយជោគជ័យនៅ Hua Sai មជ្ឈមណ្ឌលបន្តពង្រីកគំរូនេះនៅតំបន់ដីខូច លើទូទាំងប្រទេស ដោយរួមចំណែកកាត់បន្ថយអត្រាដីទំនេរ និងភ្នំទទេ... នាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសថៃនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ