ការផ្លាស់ប្តូរវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍រវាងវៀតណាមនិងឥណ្ឌូនេស៊ី

(VOVWORLD) - ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ ដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី (ខែសីហា ឆ្នាំ២០១៣ - ខែសីហា ឆ្នាំ) និងខួបលើកទី ៧៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋឥណ្ឌូនេស៊ី (ថ្ងៃទី ១៧ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី ១៧ ខសីហា ឆ្នាំ ២០២៣) បានប្រព្រឹត្តទៅនាថ្ងៃទី ២៧ ខែកញ្ញា នៅរោងមហោស្រពទីក្រុងហាណូយ។ កម្មវិធីដែលរៀបចំឡើងដោយស្ថានទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណូយ (KBRI) សហការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តរបស់ប្រជាជននៃរដ្ឋធានី និងមិត្តភក្តិអន្តរជាតិ។

ការផ្លាស់ប្តូរវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍រវាងវៀតណាមនិងឥណ្ឌូនេស៊ី - ảnh 1ការសម្ដែងរបស់វង់តន្ត្រី Timutiwa រំលឹកឡើងវិញនូវទំនាក់ទំនងរវាងអគ្គមគ្គុទេសនៃប្រទេសទាំងពីរគឺលោកប្រធាន Soekarno និងលោកប្រធានហូជីមិញ។

នៅឆ្នាំ ១៩៥៥ វៀតណាមនិងឥណ្ឌូនេស៊ីបានបង្កើតទំនាក់ទំនងការទូត។ ក្រោយរយៈពេលជិត ៦ ទស្សវត្សរ៍នៃទំនាក់ទំនងរឹងមាំនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៅឆ្នាំ២០១៣ ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ីត្រូវបានលើកកំពស់ទៅជាដៃគូយុទ្ធសាស្ត្រ។ អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីផ្លាស់ប្ដូរវប្បធម៌ លោក Denny Abdi - ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖

“កិច្ចសហប្រតិបត្តិការនយោបាយរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនាំមកនូវវិបុលភាពដល់ប្រជាជាតិយើងទាំងពីរ ហើយកិច្ចសហប្រតិបត្តិការវប្បធម៌-សង្គម និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជនក៏ទទួលបានការយកចិត្តទុកដាក់ពីភាគីទាំងពីរផងដែរ។ កម្មវិធីផ្លាស់ប្តូរសិល្បៈនាថ្ងៃនេះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ ជួយឱ្យយើងកាន់តែជិតស្និទ្ធផ្នែកវប្បធម៌។ ជាក់ស្ដែងគឺបទចម្រៀងវៀតណាមត្រូវបានសម្ដែងដោយសិល្បករឥណ្ឌូណេស៊ី ហើយផ្ទុយទៅវិញមិត្តវៀតណាមរាំបទរបាំឥណ្ឌូនេស៊ីផងដែរ”។

ក្នុងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong បានអះអាងថា៖ ក្នុងទសវត្សរ៍កន្លងទៅ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើទិដ្ឋភាពជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ក្នុងនោះមានវិស័យវប្បធម៌
សិល្បៈ។

“វៀតណាមនិងឥណ្ឌូណេស៊ី សុទ្ធតែមានសំណាងល្អដែលមានរតនសម្បត្តិវប្បធម៌សិល្បៈដ៏សម្បូរបែប ដែលយើងចង់ចែករំលែកជាមួយគ្នាទៅវិញទៅមក។ នាពេលកន្លងមក វៀតណាមនិងឥណ្ឌូនេស៊ីមិនត្រឹមតែផ្លាស់ប្តូរវប្បធម៌ សិល្បៈក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តន៍ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ានទៀតផង។ ខ្ញុំជឿជាក់ថា កម្មវិធីសិល្បៈនាថ្ងៃនេះ នឹងជួយឱ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយគ្នា ព្រមទាំងថែរក្សា និងអភិវឌ្ឍន៍ដោយឥតឈប់ឈរនូវទំនាក់ទំនងប្រវត្តិសាស្ត្រជាប្រពៃណី និងជំរុញការយល់ដឹងកាន់តែទូលំទូលាយរវាងប្រជាជននៃប្រទេសទាំងពីរ”។ 

ការផ្លាស់ប្តូរវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍រវាងវៀតណាមនិងឥណ្ឌូនេស៊ី - ảnh 2ការប្រគុំតន្ត្រីដោយចាប៉ីថ្ម ចាប៉ី t’rung និងខ្លុយឬស្សីរបស់បណ្ដាសិល្បការិនីវៀតណាម។

កម្មវិធីផ្លាស់ប្តូរសិល្បៈបានប្រព្រឹត្តទៅដោយមានការសម្តែងដ៏វិសេសវិសាលជាច្រើន ដែលរួមផ្សំតន្ត្រីប្រពៃណី និងទំនើបរបស់វៀតណាម និងឥណ្ឌូនេស៊ី។ វង់តន្ត្រី Timutiwa មកពីឥណ្ឌូណេស៊ីបាននាំយកទៅកម្មវិធីនូវបទចម្រៀងជាច្រើនដែលឆ្លុះបញ្ចាំងពីចក្ខុវិស័យក្នុងទំនាក់ទំនងភាពជាដៃគូរវាងវៀតណាម និងឥណ្ឌូនេស៊ី នោះគឺបង្កើតពិភពលោកដ៏ស្រស់ស្អាតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការរំលឹកឡើងវិញនូវទំនាក់ទំនងរវាងអគ្គមគ្គុទេសនៃប្រទេសទាំងពីរគឺលោកប្រធាន Soekarno និងលោកប្រធានហូជីមិញ។

ក្នុងពេលជាមួយគ្នានោះ សិល្បករនៃមហោស្រពតន្ត្រីនិងរបាំវៀតណាមបាននាំយកទៅកម្មវិធីនូវរូបភាពប្រទេសវៀតណាមមួយដ៏ពោរពេញទៅដោយអត្តសញ្ញាណតាមរយៈបទចម្រៀង និងរបាំ "វៀតណាមអើយ ជើងមេឃធំល្វឹងល្វើយ" និងការប្រគុំតន្ត្រីដោយចាប៉ីថ្ម ចាប៉ី t’rung និងខ្លុយឬស្សី។ ក្រៅពីនោះ ការសម្តែងរបាំ Yapong និង Manggaro ដោយមានការចូលរួមរបស់និស្សិតមកពីមហាវិទ្យាល័យមហោស្រព-ភាពយន្តហាណូយ ដែលទទួលបានអាហារូបករណ៍វប្បធម៌សិល្បៈឥណ្ឌូនេស៊ី (ICS) គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការវប្បធម៌រវាងភាគីទាំងពីរ។

“ខ្ញុំមានការរំជើបរំជួលយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានឃើញរូបភាពរបស់លោកប្រធាន Soekarno និងលោកប្រធានហូជីមិញ នៅក្នុងវីដេអូដែលបានបញ្ចាំងក្នុងឈុតសម្ដែងរបស់វង់តន្ត្រី Timutiwa។ ហើយខ្ញុំក៏សប្បាយរីករាយយ៉ាងក្រៃលែងផងដែរ ដោយសារយូរហើយទើបបានស្តាប់បទចម្រៀងឥណ្ឌូនេស៊ីផ្ទាល់។ កម្មវិធីពិតជាមានអត្ថន័យ។ ទាំងអស់បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូណេស៊ី”។

“ខ្ញុំមានកិត្តិយសដោយបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ ឈុតសម្តែងទាំងអស់មានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែបង្ហាញពីភាពស្រដៀងគ្នារវាងវៀតណាមនិងឥណ្ឌូនេស៊ី។ កម្មវិធីបានបង្កើតជារឿងរ៉ាវស្ដីអំពីចំណងមិត្តភាពរវាងវៀតណាមនិងឥណ្ឌូនេស៊ី។ ខ្ញុំក៏ឃើញភាពក្លៀវក្លា និងភាពសកម្មរបស់យុវជនវៀតណាមក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងបណ្ដាប្រទេសក្នុងតំបន់ផងដែរ”។ 

កម្មវិធីបានបញ្ចប់ដោយបទចម្រៀងនិងរបាំ "See Tinh" ជាមួយនឹងការរួមផ្សំរវាងវង់តន្ត្រី Timutiwa និងសិល្បករវៀតណាម ក្នុងសូរសំឡេងទះដៃគាំទ្រយ៉ាងកក់ក្តៅពីទស្សនិកជន។ ការផ្លាស់ប្តូរសិល្បៈគឺជាស្ពានដែលរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ - សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ