គ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ីនិងសេចក្ដីស្រឡាញ់ចំពោះក្រុងហាណូយ

(VOVWORLD) - បទកំណាព្យស្ដីពីក្រុងហាណូយជិត ៥០ បទគឺជាអារម្មណ៍ និងសេចក្តីស្រឡាញ់ទាំងអស់ដែលគ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ី លោក Eko Widianto មានចំពោះទីក្រុងនេះ។ វិលត្រឡប់មកហាណូយវិញក្រោយរយៈពេល ៥ ឆ្នាំ ក្នុងប៉ុន្មានថ្ងៃត្រជាក់ដំបូងនៃសិសិររដូវ បុរសមកពីទឹកដីនៃកោះរាប់ពាន់ដែលមានតែពន្លឺព្រះអាទិត្យនិងខ្យល់បកពេញមួយឆ្នាំនេះ ហាក់ដូចជានឹកឃើញដល់ពេលវេលាដែលលោកធ្លាប់រស់នៅ និងធ្វើការនៅហាណូយ ដោយអារម្មណ៍រំភើបជាច្រើន។
គ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ីនិងសេចក្ដីស្រឡាញ់ចំពោះក្រុងហាណូយ - ảnh 1គ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ី លោក Eko Widianto។

“ហាណូយ ជាទីក្រុងពិសេសសម្រាប់ខ្ញុំ។ សម្រាប់ខ្ញុំ ហាណូយគឺជាទីក្រុងទីពីររបស់ខ្លួន។ ខ្ញុំស្រឡាញ់ទីក្រុងនេះ ដូចស្រុកកំណើតខ្លួនអញ្ចឹង។ ទីក្រុងហាណូយពិតជាពិសេស ព្រោះហាណូយបានស្វាគមន៍ និងរាប់អានខ្ញុំយ៉ាងផ្អែមល្ហែម។ ហាណូយទំនើប និងមមាញឹកពិតមែន ប៉ុន្តែវាក៏សាមញ្ញ និងបុរាណជាមួយនឹងលក្ខណៈវប្បធម៌ប្រពៃណី ដែលធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់ទីក្រុងនេះ”។

ទទួលទានកាហ្វេ Trung Nguyen ក្ដៅមួយពែងនៅក្នុងហាងដែលធ្លាប់ស្គាល់ក្នុងតំបន់វិថីបុរាណ លោក Eko Widianto នឹករលឹកពីអំឡុងពេលខែកញ្ញា ឆ្នាំ ២០១៨ នៅពេលដែលលោកបានមកដល់ទីក្រុងហាណូយជាលើកទីមួយ។ លោកគ្រូ Eko ពេលនោះមានអាយុ ២៧ ឆ្នាំ បានអន្ទះសារយ៉ាងខ្លាំង។ ក្នុងរយៈពេល ៣ ខែ បំពេញការងារ លោកត្រូវបានប្រគល់ភារកិច្ចផ្សព្វផ្សាយពីភាសា និងវប្បធម៌ឥណ្ឌូនេស៊ីដល់ប្រជាជនរដ្ឋធានីហាណូយ ក្នុងនាមជាគ្រូបង្រៀន BIPA (បង្រៀនភាសាឥណ្ឌូនេស៊ីដល់ជនបរទេស)។ ក្នុងអំឡុងពេលនោះ លោកបានព្យាយាមពិសោធន៍លក្ខណៈវប្បធម៌និងរបៀបរស់នៅទាំងអស់របស់ប្រជាជន។ ជារៀងរាល់ថ្ងៃ លោក Eko ជិះរថយន្តក្រុងទៅសាលារៀន ទិញទំនិញនៅផ្សារប្រពៃណី ផឹក “តែក្រូចឆ្មារនៅតាមចិញ្ចើមផ្លូវ" ជាមួយមិត្តភក្តិ ដើរលេងបឹង Hoan Kiem ទស្សនាកេរ្តិ៍ដំណែលនានានៅក្នុងទីក្រុង... លោកក៏បានចំណាយពេលរៀនភាសាវៀតណាម ដើម្បីអាចទាក់ទងប្រាស្រ័យជាមួយអ្នកស្រុកបានច្រើន ជាពិសេសនៅពេលដែលលោកធ្វើដំណើរតាមផ្លូវ សម្របខ្លួនចូលក្នុងជីវភាពនៃទីក្រុង។

កាលពីដើមខែវិច្ឆិកាកន្លងទៅ ក្នុងដំណើរកម្សាន្តរយៈពេល ៤ ថ្ងៃនៅវៀតណាម លោក Eko បាននាំប្រពន្ធទៅទស្សនាកន្លែងដែលលោកធ្លាប់ទៅពីមុន ជួបមិត្តភក្តិ សិស្សពីមុន ហើយដើរតាមច្រកល្ហកក្នុងតំបន់វិថីបុរាណដើម្បីស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក៏ដូចជាស្វែងរកគំនិតថ្មីៗសម្រាប់ខ្លួនឯងផងដែរ៖

“អ្វីៗគ្រប់បែបយ៉ាងនៅតែជិតស្និទ្ធសម្រាប់ខ្ញុំ។ វិថីហាណូយ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់របស់ប្រជាជន និងវប្បធម៌ដ៏សម្បូរបែបគឺជាប្រការដែលធ្វើឱ្យខ្ញុំស្រឡាញ់ទីក្រុងនេះជានិច្ច។ ខ្ញុំមានសំណាងល្អណាស់ ព្រោះខ្ញុំមានមិត្តភក្ដិ និងសិស្សច្រើននៅទីនេះ។ អាស្រ័យដោយមានពួកគេ ខ្ញុំបានរកឃើញប្រការជាច្រើននៅទីនេះ ដែលជួយខ្ញុំសម្របខ្លួនបានយ៉ាងល្អនឹងជីវភាព។ ខ្ញុំបាននាំយកអារម្មណ៍ និងបទពិសោធន៍ទាំងនោះចូលក្នុងការនិពន្ធរបស់ខ្លួន”។

គ្រូបង្រៀនជនជាតិឥណ្ឌូនេស៊ីនិងសេចក្ដីស្រឡាញ់ចំពោះក្រុងហាណូយ - ảnh 2លោក Eko Widianto និងប្រពន្ធក្នុងដំណើរកំសាន្តនៅទីក្រុងហាណូយកាលពីខែវិច្ឆិកាឆ្នាំ២០២៣។

បច្ចុប្បន្នជាគ្រូបង្រៀនអក្សរសាស្ត្រនិងភាសាឥណ្ឌូនេស៊ី នៅសាកលវិទ្យាល័យ UIN Walisongo, Semarang លោក Eko Widianto ក៏ត្រូវបានគេស្គាល់ដល់ជាកវីវ័យក្មេងដ៏ស្វាហាប់ម្នាក់ នៅក្នុងប្រទេស ដោយសារតែរហូតមកដល់ពេលនេះ លោកបានបង្ហាញមុខសាធារណជននូវកម្រងកំណាព្យចំនួន ៣ ជាមួយនឹងបទកំណាព្យរាប់រយបទ ក្នុងនោះមានស្នាដៃនិពន្ធអំពីទីក្រុងហាណូយជិត ៥០ បទ។ ជនវៀតណាមស្រឡាញ់ទីក្រុងហាណូយតាមរយៈស្នាដៃអក្សរសាស្ត្រ សិល្បៈប្រហែលជាការណ៍ដែលអាចយល់បាន។ ប៉ុន្តែនៅពេលដែលជនបរទេសដូចលោក Eko និពន្ធអំពីទីក្រុងហាណូយ គឺច្បាស់ណាស់ថា គាត់បាន “ជាប់ចិត្ត” ស្រឡាញ់ហាណូយដោយមនោសញ្ចេតនាដ៏ពិសេស។ ហើយសេចក្តីស្រឡាញ់នោះត្រូវបានលោក Eko ពិពណ៌នាដោយស្មោះស្ម័គ្រ និងរស់រវើក តាមរយៈបទកំណាព្យរបស់ខ្លួន។ នោះគឺជាចំណាប់អារម្មណ៍ដំបូងអំពីអាកាសធាតុត្រជាក់ស្រេបនៃសិសិររដូវហាណូយ ទេសភាពទីក្រុងហាណូយក្នុងវេលាឆ្លងរដូវ ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ឬការគោរពសរសើរចំពោះលោកប្រធានហូជីមិញ…។ លោក Eko បានចែករំលែកថា៖

“ពេលអានកំណាព្យរបស់ខ្ញុំ ជនជាតិឥណ្ឌូនេស៊ីនឹងយល់ដឹងថែមទៀតអំពីវៀតណាម និងទីក្រុងហាណូយ។ សម្រាប់មិត្តវៀតណាមវិញ អ្នកនឹងមើលឃើញប្រទេសវៀតណាមដ៏ខុសពីគេ តាមរយៈក្រសែភ្នែករបស់ជនបរទេសដូចខ្ញុំ ជាពិសេសសិស្សវៀតណាមរបស់ខ្ញុំ ពួកគេនឹងមានរបៀបមួយផ្សេងទៀតដើម្បីរៀនភាសាឥណ្ឌូនេស៊ី តាមរយៈបទកំណាព្យអំពីវៀតណាម។ ការក្លាយជាគ្រូបង្រៀន BIPA បាននាំមកឱកាសដល់ខ្ញុំដើម្បីរស់នៅ និងផ្សារភ្ជាប់ជាមួយនឹងទីក្រុងហាណូយ។ ខ្ញុំមានអារម្មណ៍ដឹងគុណចំពោះរឿងនោះ”។

ការបោះពុម្ភផ្សាយសៀវភៅកំណាព្យដាច់ដោយឡែកអំពីទីក្រុងហាណូយ និងប្រទេសវៀតណាម និងបន្តស្វែងរកឱកាសវិលត្រឡប់មកវៀតណាមវិញដើម្បីបង្រៀនភាសាឥណ្ឌូនេស៊ី គឺជាផែនការពីរដែលលោក Eko Widianto កំពុងឆ្ពោះទៅរកក្នុងរយៈពេលខាងមុខ។ ឥឡូវនេះសម្រាប់លោក ហាណូយគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅ និងជាស្រុកកំណើតទីពីររបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ