ជនជាតិឡាវដើមកំណើតវៀតណាមនៅ Xieng Vang នាំមុខម្ហូបវៀតណាមបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិ

(VOVWORLD) - ប្រជាជនខេត្ត Khammuan ប្រទេសឡាវ ជឿថា ប្រសិនបើអ្នកណាមក Khammuan តែមិនទាន់បានញ៉ាំនំគោមខ្មៅ (នំ gai) ឬហ្វើ Xieng Vang នៅឡើយ គឺមិនទាន់បានមក Khammuan ទេ។ តាំងពីយូរយារណាស់មកហើយ នំគោមខ្មៅ និងហ្វើស្ងួត Xieng Vang បានក្លាយជាមុខម្ហូបដ៏ពិសេសដោយឡែកនៃខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ដែលមនុស្សគ្រប់គ្នាពេលមកដល់ទីនេះម្ដងៗ ក៏ចង់សាកភ្លក់ ឬទិញធ្វើកាដូ។ ជាពិសេស មុខម្ហូបទាំងពីរខាងលើ គឺជាផលិតផលដែលបានកែច្នៃដោយជនជាតិឡាវដើមកំណើតវៀតណាមផ្ទាល់។
ជនជាតិឡាវដើមកំណើតវៀតណាមនៅ Xieng Vang នាំមុខម្ហូបវៀតណាមបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិ - ảnh 1លោកស្រី Tran Thi Luong នប្រកបរបរធ្វើហ្វើស្ងួត អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។

 គ្រួសារលោកស្រី Tran Thi Luong នៅ Xieng Vang បានប្រកបរបរធ្វើហ្វើស្ងួត អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ លោកស្រីអាចធ្វើហ្វើស្ងួតបាន ២០ គីឡូក្រាម។ ផលិតផលលក់ដាច់ ដែលនាំមកនូវប្រភពចំណូលស្ថិរភាពសម្រាប់គ្រួសារ។ ហ្វើស្ងួតរបស់លោកស្រីត្រូវបានលក់ទាំងក្នុងខេត្ត Khammuan និងខេត្តជិតខាងនានា។

“ខ្ញុំបានប្រកបការងារនេះតាំងពីយូរណាស់ ប្រហែលរាប់សិបឆ្នាំមកហើយ។ ខ្ញុំយកទៅលក់នៅខាងក្រៅ។ ទាំងជនជាតិឡាវ វៀតណាម រហូតដល់ជនជាតិថៃក៏និយមចូលចិត្តដែរ”។

ជនជាតិឡាវដើមកំណើតវៀតណាមនៅ Xieng Vang នាំមុខម្ហូបវៀតណាមបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិ - ảnh 2ហ្វើស្ងួតXieng Vang មានលក់ក្នុងផ្សារទំនើបជាច្រើន។ (រូបថត៖ supermarche.official)

ភូមិ Xieng Vang នៅស្រុក Nong Boc ខេត្ត Khammuan ភាគកណ្តាលប្រទេសឡាវ ស្ថិតនៅតាមមាត់ទន្លេមេគង្គ ជាទីកន្លែងដ៏ពោរពេញទៅដោយវប្បធម៌វៀតណាម។ នៅទីនេះមានប្រជាជនចំនួន ១៥៧ គ្រួសាររស់នៅ ក្នុងនោះ គ្រួសារចំនួន ៥៧ ជាជនជាតិឡាវដើមកំណើតវៀតណាម ជំនាន់ទីពីរ និងទីបី។ជាងមួយសតវត្សក្រោយពីធ្វើចំណាកស្រុកពីខេត្ត Quang Binh ទៅកាន់ប្រទេសឡាវ ប្រជាជននៅតែរក្សាបាននូវរបៀបរស់នៅប្រពៃណីនៃស្រុកកំណើត។ មុខរបរប្រពៃណីដូចជា ធ្វើនំគោមខ្មៅ ធ្វើហ្វើស្ងួត បិតស្រា... ក៏ត្រូវបានប្រជាជននាំយកតាមដំណើរចំណាកស្រុកផងដែរ។ របរធ្វើនំគោមខ្មៅ និងហ្វើមិនត្រឹមតែបង្កើតការងារស្ថិរភាពសម្រាប់ទាំងប្រជាពលរដ្ឋឡាវ និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាផលិតផលដ៏ពិសេសរបស់ Xieng Vang ទៀតផង។

ជនជាតិឡាវដើមកំណើតវៀតណាមនៅ Xieng Vang នាំមុខម្ហូបវៀតណាមបង្កើតកេរ្តិ៍ឈ្មោះសម្រាប់ភូមិ - ảnh 3មេភូមិ Xieng Vang លោក Chanthakhit Manipakorn។

មេភូមិ Xieng Vang លោក Chanthakhit Manipakorn បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ១៩៩៥ មក ជនជាតិវៀតណាមនៅភូមិ Xieng Vang មានសញ្ជាតិឡាវហើយ។ បងប្អូនជនជាតិវៀតណាមនៅទីនេះ រស់នៅប្រកបដោយសុខដុមរមនាជាមួយវប្បធម៌មូលដ្ឋាន ហើយសាមគ្គីគ្នាជានិច្ច។ បងប្អូនជនជាតិឡាវដើមកំណើតវៀតណាមនៅទីនេះ ក៏ត្រៀមខ្លួនជាស្រេចចែករំលែករូបមន្តនៃរបរប្រពៃណីជាមួយប្រជាជនឡាវ ដើម្បីរួមគ្នាអភិវឌ្ឍន៍ផលិតផលប្រចាំមូលដ្ឋានផងដែរ។

“នំគោមខ្មៅ គឺជាអំណោយតេត របស់ជនជាតិវៀតណាម។ ក្រោយពីការរំដោះប្រទេស ពួកគេបានផលិតជាលក្ខណៈទំនិញជាបណ្ដើរៗ ហើយសព្វថ្ងៃនេះបានក្លាយជាផលិតផលដ៏ល្បីល្បាញនិងពិសេសរបស់ Xieng Vang និយាយដោយឡែក និង Khammuan និយាយរម។ ការផលិតនំគោមខ្មៅ រួមជាមួយនឹងហ្វើ ស្រា និងនំអន្សម បានក្លាយទៅជាមុខរបរស្នូល របស់ជនជាតិវៀតណាមដែលរស់នៅទីនេះ។ ប្រហែលពី៣ ដល់ ៤ ឆ្នាំថ្មីៗនេះ យើងខ្ញុំបានបង្កើតក្រុមផលិតកម្មនំគោមខ្មៅ ដោយមានការចូលរួមពីគ្រួសារជនជាតិឡាវ ហើយទទួលបានការជួយឧបត្ថម្ភទាំងផ្នែកទុននិងបច្ចេកទេសពីគ្រួសារវៀតណាម”។

លោក Phaymani Phommasan អនុប្រធានការិយាល័យខេត្ត Khammuan ក៏មានក្ដីសប្បាយរីករាយ នៅពេលនិយាយអំពីការរួមវិភាគទានរបស់សហគមន៍ឡាវ-វៀតណាម នៅភូមិ Xieng Vang សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃមូលដ្ឋានផងដែរ។

“នាពេលកន្លងមកនេះ ខេត្ត Khammuan បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍផលិតផលរបស់ជនជាតិឡាវដើមកំណើតវៀតណាម នៅភូមិ Xieng Vang។ ល្បីបំផុតគឺ នំគោមខ្មៅ ដែលជាប្រភេទនំពិសេសដោយឡែករបស់ Xieng Vang ក៏ដូចជា Khammuan។ ថ្នាក់ដឹកនាំខេត្តក៏មើលឃើញពីអត្ថន័យ និងសារៈសំខាន់នៃផលិតផលនេះដែរ។ ខេត្តចង់អភិវឌ្ឍន៍វាទៅជាផលិតផល ODOP (ស្រុកមួយផលិតផលមួយ) របស់ខេត្ត ហើយផ្សាភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍ ដើម្បីអោយភ្ញៀវទេសចរ អាចទៅទស្សនាតំបន់អនុស្សាវរីយ៍លោកប្រធានហូជីមិញផង ព្រមទាំងទស្សនាដំណើរការផលិតនំគោមខ្មៅនិងហ្វើ នៅទីនេះ ហើយទិញវាជាកាដូ”។

Xieng Vang មិនត្រឹមតែត្រូវបានគេស្គាល់ដល់ជាតំបន់ដីប្រវត្តិសាស្ត្រដ៏ពិសិដ្ឋដែលលោកប្រធានហូជីមិញធ្លាប់ធ្វើអនុវត្តន៍សកម្មភាពបដិវត្តន៍កាលពីជិត ១០០ ឆ្នាំមុនប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេស្គាល់ដល់ដោយផលិតផលដ៏ល្បីល្បាញចំនួនពីរគឺនំគោមខ្មៅនិងហ្វើស្ងួតទៀតផង។ ជាមួយនឹងរូបមន្ត និងភាពប៉ិនប្រសប់របស់ជនជាតិវៀតណាម រួមផ្សំជាមួយនឹងគ្រឿងផ្សំដែលបានចិញ្ចឹមដោយលក្ខណៈដី ទឹក និងអាកាសធាតុរបស់ឡាវ អ្វីៗទាំងនោះបានបញ្ចូលគ្នាដើម្បីបង្កើតជាផលិតផលដ៏ល្បីល្បាញ។ នេះគឺជាផលិតផលដែលបង្កប់ទាំងមនោសញ្ចេតនានិងកម្លាំងកាយចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ